សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: រុក្ខជាតិឱសថខ្មែរ ១០ មុខ

2011-08-17

រុក្ខជាតិឱសថខ្មែរ ១០ មុខ

អាចនិយាយបានថា ឱសថបុរាណទាំងនេះ មានគុណសម្បត្តិ មិនចាញ់ឱសថទំនើប ដែលផលិតតាម បច្ចេកវិជ្ជាសម័យថ្មី នោះទេ ព្រោះបើកាន់តែ ស្រាវជ្រាវ និង ពិសោធកាន់តែ ច្រើនប៉ុនណា គឺកាន់តែរកឃើញថា "រុក្ខជាតិឱសថ" ដែលមាន តាំង ពីបរមបុរាណ នៅក្នុងស្រុកយើងនេះ គឺជាថ្នាំពហុប្រយោជន៍ ប្រើសម្រាប់ព្យាបាលរោគ ជំនួយសុខភាព ថែមទាំងអាចប្រើដើម្បី បង្កើនសម្រស់បាន យ៉ាងល្អផងដែរ ។ ខាងក្រោមនេះ គឺជាបណ្តារុក្ខជាតិ ឱសថ ពេញនិយម របស់នារីៗ ដែលនរណាៗក៏មិនហ៊ាននឹងបដិសេធឡើយ 
រមៀត
         
រមៀតអាចប្រើជំនួសថ្នាំ ដើម្បីសម្រាលអាការ ផ្សេងៗដូចជា ប្រើសម្រាប់ព្យាបាល អាការហើមពោះ ចុកសៀត អាហារមិនរំលាយ ប្រើសម្រាប់កាត់បន្ថយ អាស៊ីដ បណ្តេញខ្យល់ ព្យាបាលអាការចុកពោះ ព្យាបាលការតឹងសាច់ដុំ ធ្វើឱ្យការបណ្តឹង នៃ ពោះវៀនថយចុះ ប្រើធ្វើជាថ្នាំជួយ ឱ្យទទួលទានអាហារ បានច្រើន បណ្តេញទឹកលឿង និង ប្រើព្យាបាលអាការ ប្រចាំខែមិនប្រក្រតី ។ មានស្ត្រីខ្លះបាន យករមៀតមកខាត់ស្បែក ដើម្បីឱ្យមើលឃើញលឿងម៉ដ្ឋខៃភ្លឺផ្លេកផងដែរ។ 
ខ្ញី
          ក្រៅពីប្រេងខ្ញី មានសារធាតុ ដែលបញ្ចោញ ប្រតិកម្មរំញោច ដល់ការច្របាច់ នៃក្រពះអាហារ និង ពោះវៀនហើយនោះ គេក៏និយមយកគល់ខ្ញី ប្រើជំនួសថ្នាំ ដើម្បីបណ្តេញខ្យល់ ព្យាបាលការហើមពោះ ចុកសៀត ចុកពោះ ហើយបើប្រើគល់ស្រស់ បុកពូតយកទឹក លាយជាមួយទឹកក្រូចឆ្មារ ថែមអំបិលតិចតួច ផឹកបំបាត់ក្អក និង ស្លេស្ម៍ ។ រីឯស្លឹកខ្ញីមានគុណសម្បត្តិ ព្យាបាលរោគគ្រាំ ព្យាបាលប្រមេះ ព្យាបាលនោមទាស់ និង ប្រើសម្រាប់សម្លាប់ព្រូន។ 
រំដេង
          គល់របស់រំដេង សម្បូរទៅដោយប្រេង ដែលមានឫទ្ធិទប់ទល់ និង រោគផ្សិតផ្សេងៗ រួមទាំងមានឫទ្ធិ ជួយបណ្តេញខ្យល់ និងទប់ស្កាត់មេរោគ បាក់តេរី ។ យកគល់រំដេង ប្រើជំនួសថ្នាំ បណ្តេញខ្យល់ ព្យាបាលជំងឺហើមពោះ សម្រាលការរមួលពោះ ចង់ក្អួត ប្រើសម្រាប់ព្យាបាល ជំងឺសើស្បែក ស្រែង ភ្លឺ ព្យាបាលខ្យល់ពិស ។ ក្រៅពីនេះក៏អាច ប្រើធ្វើជាគ្រឿងទេស ជួយបំបាត់ក្លិនឆ្អាប របស់សាច់សត្វ ផ្សេងៗបានទៀតផង ។ 
ស្លឹកគ្រៃ
          ស្លឹកគ្រៃជួយបន្ថែម អំបិលខនិជ ដែលចាំបាច់សម្រាប់ រាងកាយ ជាច្រើនប្រភេទដូចជា កាល់ស្យូម ហ្វូសហ្វ័រ ដែក វីតាមីន E ។ រីឯដើមរបស់វាប្រើ សម្រាប់ព្យាបាល ជំងឺហើមពោះ ចុកសៀត បណ្តេញខ្យល់ ជួយឱ្យទទួលទាន អាហារបានល្អ ព្យាបាលការឈឺក្រពះ ព្យាបាលការរាករូស សម្រាលបញ្ហារដូវ មកមិនប្រក្រតី ។ អ្វីដែលសំខាន់នោះ គឺក្រៅពីប្រយោជន៍ដ៏ច្រើននេះ ស្លឹកគ្រៃក៏ជារុក្ខជាតិ ដែលងាយស្រួលដាំ និង រក្សាទុកបានយូរ ។ 

អង្កាញ់
         
ក្រៅពីយកទៅស្លហើយនោះ ស្លឹក និង ផ្ការបស់ដើមអង្កាញ់ មានគុណប្រយោជន៍ ជួយព្យាបាលជំងឺ សរសៃប្រសាទ ធ្វើឱ្យដេកលក់ស្រួល និង ប្រើព្យាបាលអង្កែ ជួយបញ្ចុះព្រូន ព្យាបាលការទល់លាមក ព្យាបាលជំងឺស្ពឹក សម្ពាធឈាមខ្ពស់ ។ 
ក្រូចសើច
          ជារុក្ខជាតិ នៅក្នុងអម្បូរក្រូច ដែលមានឈ្មោះល្បីយូរ មកហើយ ដោយសម្បកស្រស់ និង ផ្លែស្ងួតរបស់ "ក្រូចសើច" មានគុណសម្បត្តិ ព្យាបាលការកើតខ្យល់ ងងឹតមុខ វិលមុខ ជំនួយបេះដូង បណ្តេញខ្យល់ និង ព្យាបាលបញ្ហារដូវ ។ រីឯផ្លែ របស់វា មានគុណសម្បត្តិ ជាថ្នាំបំបាត់ស្លេស្ម៍ ព្យាបាលក្អក ជួយលាងឈាម ។ ចំណែកឯស្លឹក ប្រើសម្រាប់ព្យាបាលក្អក ព្យាបាលគ្រាំក្នុង និងយកទៅធ្វើ ជាគ្រឿងផ្សំ សម្រាប់ធ្វើម្ហូប ដើម្បីបំបាត់ក្លិនឆ្អាប ។ ចំពោះស្ត្រីដែលមាន បញ្ហាសក់មិនខ្មៅក្រាស់ និងមាន អង្កែ គួរសាកល្បងយក ក្រូចសើចកក់សក់មើល៍ ព្រោះឃើញថា ប្រើបានផលតែម្តង ។ 

ម្រះព្រៅ
         
គួរតែដាំទុកនៅតាមផ្ទះ ព្រោះក្រៅពីយកទៅ ដាំស្លបានហើយនោះ វាក៏អាចប្រើសម្រាប់ ជាប្រយោជន៍បាន ច្រើនមុខទៀត ដូចជាព្យាបាល អាការរមួលពោះ ក្អួត ចុកសៀត ហើមពោះ ព្យាបាលឫស ភ្លឺស្រែង ទប់ទល់មេរោគផ្សិត និង ធ្វើឱ្យស្ត្រីមាន ទឹកដោះក្រោយពី សម្រាលកូនរួច ។ 

ប្រទាលកន្ទុយក្រពើ
          ផ្នែកដែលជាសារ៉ាយ នៃប្រទាលកន្ទុយក្រពើ អាចយកទៅប្រើសម្រាប់ ព្យាបាល របួសរលាត់ស្បែក ភ្លើងឆេះនិងដំបៅ ដោយសាររលាកទឹកក្តៅ យកទៅលាបដើម្បីការពារ និងព្យាបាលអាការឆេះស្បែក ដោយសារកម្តៅថ្ងៃ រួមទាំងប្រើសម្រាប់ ព្យាបាលដំបៅរ៉ាំរ៉ៃ កើតឡើងដោយសារកាំរស្មី យកទៅព្យាបាលដំបៅ ដែលកើតឡើងដោយសារ ការមុត និងដំបៅនៅតាមបបូរមាត់ យកទៅឈ្លីលើសរសៃសក់ ដើម្បីឱ្យសក់ក្រាស់ស្អាត ថែមទាំងអាចព្យាបាល ចំណុចជាំខ្មៅ បានទៀតផង ។ 

ត្រចៀកក្រាញ់
         
នៅក្នុងស្លឹកត្រចៀកក្រាញ់ មានសារធាតុ ទ្រីតឺភីណយ ដែលជួយបង្កើន ប្រសិទ្ធភាពក្នុងការ ផលិតខូឡាចេន ដែលជួយបង្កើនការយឺតយារ ទៅដល់សរសៃឈាម ជួយកាត់បន្ថយ ការប្រឈមនឹងរោគ ហើយសរសៃប្រសាទ ចុះខ្សោយ ស្ពឹកស្រពន់ ជួយឱ្យស្បែក តឹងណែន និង មានភាពយឺតយារ ជួយការពារកើតដំបៅ និង ជួយដល់ដំណើរការ ផ្សះនៃដំបៅ ថែមទាំងជួយ ការពារការរលាក នៃដំបៅទៀតផង ។ 
ខ្ជាយ
          ក្រៅពីយកទៅធ្វើជាគ្រឿងផ្សំអាហារ ដើម្បីបំបាត់ក្លិនឆ្អាបសាច់ និង ត្រីហើយនោះ ខ្ជាយគឺជារុក្ខជាតិ ដែលមានគុណប្រយោជន៍ ជាឱសថទៀតផង ។ គេយកគល់ និង ឫសរបស់វាព្យាបាល ជំងឺរាកមួល រាករូស ជំងឺក្រពះ ភ្លឺ-ស្រែង ទឹកស៊ីជើង ធ្លាក់ស រមាស់ក្បាល ដែលកើតឡើងដោយសាររោគផ្សិត ។ រីឯស្លឹករបស់វា យកទៅព្យាបាល ដំបៅមាត់និងព្យាបាលឈាមមានពិស ។ 

          រុក្ខជាតិទាំងនេះ សុទ្ធតែមានប្រយោជន៍ទាំងអស់ បើសិនជានៅក្នុងទីធ្លាផ្ទះ មានទីកន្លែងទំនេរ គួរតែដាំទុកនៅតាមផ្ទះ ព្រោះក្រៅពីយកទៅប្រើ ជាប្រយោជន៍បាន ច្រើនហើយនោះ ក៏អាចជួយសន្សំ សំចៃប្រាក់កាសបានខ្លះផងដែរ ៕

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com