ឧបករណ៍ទ្រខ្សែ២នៅក្នុងកម្ពុជាមាន ៖ ទ្រអ៊ូ (វង់ភ្លេងមហោរី) ទ្រអ៊ូចំហៀង (វង់ភ្លេងបាសាក់) ទ្រធំ ទ្រសោធំ ទ្រសោតូច ទ្រឆេអ៊ូ ទ្រឆេសោ ។
ទ្រទាំងអស់នេះមានខ្សែសំនៀង២ ខ្សែតូចឈ្មោះខ្សែឯក ខ្សែធំឈ្មោះខ្សែគ ។ មានព្រលួត២សម្រាប់រឹតខ្សែសំនៀង ។ មានខ្សែកដូចគ្នាសម្រាប់ចងខ្សែសំនៀងទាំង២ឱ្យកៀកទៅនឹងដងត្រង់ក្រោមព្រលួត ដើម្បីងាយស្រួលក្នុងការប្រើម្រាមដៃចុចលើខ្សែ ។ មានយ៉ងប្រហាក់ប្រហែលគ្នាដាក់លើសន្ទះដើម្បីទ្រខ្សែសំនៀងឱ្យផុតពីគែមបំពង់សំនៀង ។ ពួកទ្របែបនេះត្រូវដាក់ខ្សែឆាកក្នុងចន្លោះខ្សែសំនៀងទាំង២ មិនដាក់ក្រៅដូចឆាកទ្រខ្មែរទេ ។ ខ្សែឆាកធ្វើអំពីសំណុំសរសៃសូត្រ សំណុំជក់ត្នោត សំណុំកន្ទុយសេះ ឬសំណុំសរសៃធាងម្នាស់ កាលពីសម័យមុន ប៉ុន្ដែបច្ចុប្បន្ននេះ គេយកសំណុំសរសៃជ័រនីឡុងឆ្មារៗមកប្រើជំនួសវិញ ។ គេយកជ័រឈើស្រល់មករូតចុះឡើងលើខ្សែឆាកដើម្បីឱ្យខ្សែឆាកជាប់ជិតស្អិតងាយនឹងទាញសំនៀងចេញពីខ្សែទាំងពីរ ។ ខ្សែសំនៀងសម័យដើមធ្វើអំពីសរសៃសូត្រវេញចូលគ្នា បច្ចុប្បន្ននេះ គេប្រើខ្សែលោហធាតុជំនួសវិញ ។ ដង និងព្រលួតច្រើនតែយកឈើរឹងមកធ្វើ ដូចជា ឈើនាងនួន ឈើខ្មៅ ឈើគ្រញូង ។ល។ ចំណែកឯបំពង់សំនៀងគេយក ៖
- ចំពោះទ្រអ៊ូមហោរី គេយកត្រឡោកដូងធំៗ មានរាងដូចក្បាលដំរីមកធ្វើ យកស្បែកពស់មកពាសធ្វើជាសន្ទះ ។
- ចំពោះទ្រអ៊ូចំហៀង គេយកត្រឡោកដូងធម្មតាមកកាត់យកពាក់កណ្ដាលមកធ្វើ យកឈើស្រាលធ្វើសន្ទះ ។
- ចំពោះទ្រធំ កាលពីសម័យដើម គេយកប៉ោតប្រេងកាតជ្រុងធុនធំមកធ្វើ បច្ចុប្បន្នគេយកឈើល្អមកក្រឡឹងលុងធ្វើជាបំពង់សំនៀង ។
- ចំពោះទ្រសោធំ គេយកស្នូកអណ្ដើក ឬបំពង់ឫស្សីធុនធំល្មមមកធ្វើ បច្ចុប្បន្នធ្វើអំពីបំពង់ឈើ ។
- ចំពោះទ្រសោតូច ទ្រឆេអ៊ូ ទ្រឆេសោ គេយកបំពង់ឫស្សីតូចល្មមមកធ្វើ ឥឡូវនេះគេក្រឡឹងលុងឈើល្អៗ ដូចជា ឈើនាងនួន ឈើបេង ឈើខ្មៅ ឈើគ្រញូង ឬភ្លុកដំរីធ្វើជាបំពង់ជំនួសវិញ ។ ពួកទ្រនេះគេយកស្បែកពស់មកពាសធ្វើជាសន្ទះ ។
- ចំពោះទ្រមានខ្សែ២ ទាំងអស់នេះនៅពេលកូតម្ដងៗ គេប្រើគល់ម្រាមដៃសម្រាប់ចុចលើខ្សែសំនៀង មិនប្រើចុងម្រាមដៃដូចការកូតទ្ររបស់ជនជាតិចិនឡើយ ។
មុខងារ សំខាន់ៗរបស់ទ្រនីមួយៗ ៖
ទ្រអ៊ូ
ទ្រនេះមានមុខងារសំខាន់ចូលរួមប្រគំជាមួយនឹងឧបករណ៍ដទៃក្នុងវង់ភ្លេងការបុរាណ នាដើមសតវត្សទី២០នេះ និងនៅក្នុងវង់ភ្លេងមហោរី ។ ទ្រនេះមានដំណើរសាច់បទមិនដូចទ្រដទៃឡើយ គឺសម្រាប់ជួយបន្ទរ ឬផ្ដក់ពីមុខ ពីក្រោយ ឬស៊កត្រង់កន្លែងចន្លោះៗសាច់បទរបស់ឧបករណ៍ដទៃ និងសម្រាប់ក្នុងពពួកឧបករណ៍ខាត់សាច់បទភ្លេងក្រោយពួកឧបករណ៍ដទៃ ធ្វើយ៉ាងណាឱ្យសំនៀងរបស់ខ្លួនមានសម្រស់លេចធ្លោផុតពីគេឯងឡើង ។
ទ្រនេះរឹតខ្សែសំនៀងបាន២បែប ៖ កាលណាគេយកវាទៅប្រគំក្នុងវង់ភ្លេងការបុរាណ គេត្រូវរឹតខ្សែស្មើ ឬហៅរឹតចំហៀងក៏បាន (មានចន្លោះ៤) ។ ប្រសិនបើគេយកវាទៅប្រគំជាមួយឧបករណ៍ដទៃក្នុងវង់ភ្លេងមហោរី គេត្រូវរឹតសោ ឬហៅម្យ៉ាងទៀតថា រឹតភាន់ (មានចន្លោះ៥) ។
ទ្រអ៊ូចំហៀង
ទ្រអ៊ូចំហៀងមានមុខងារសំខាន់២យ៉ាង គឺសំខាន់ក្នុងវង់ភ្លេងល្ខោនបាសាក់ និងសំខាន់ម្យ៉ាងទៀតក្នុងវង់ភ្លេងល្ខោនយីកេបច្ចុប្បន្ន ។ នៅក្នុងវង់ភ្លេងទាំងពីរនេះ ទ្រអ៊ូចំហៀងមានតួនាទីផ្ដើមចេញបទនាំមុខឧបករណ៍ដទៃក្នុងពេលប្រគំម្ដងៗ ។ អ្នកចម្រៀងទាំងឡាយ និងឧបករណ៍ផ្សេងទៀត ត្រូវរង់ចាំការបើកបទរបស់ទ្រអ៊ូចំហៀងនេះជាមុនបន្ដិចសិនមុននឹងចូលចំណុចច្រៀង ឬចំណុចចេញរបស់ខ្លួន ។ ទ្រនេះមានសំនៀងតូចស្រាលជាងទ្រអ៊ូមហោរីពាសស្បែក ។ របៀបរឹតខ្សែសំនៀងមានតែ១បែប ។
ទ្រធំ
ទ្រធំជាប្រភេទទ្រមួយបែបធុនធំជាងគេក្នុងចំណោមទ្រនៅកម្ពុជា ។ នៅក្នុងរវាងឆ្នាំ១៩៦០ មាននៅក្នុងរាជវាំង និងឆ្នាំ១៩៦៤ មាននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកភ្លេងបុរាណ កាលនោះពួកយើងខ្ញុំនៅជានិស្សិតនៅឡើយ បាននាំគ្នាបង្កើតទ្រធំនេះឡើងធ្វើអំពីឈើខ្នុរ ដើម្បីយកទៅចូលរួមប្រគំសាកល្បងក្នុងវង់ភ្លេងមហោរីវង់ធំ ។ ទ្រនេះមានរាងរៅដូចជាទ្រសោធំសុទ្ធសាធ តែរឹតខ្សែដូចទ្រអ៊ូមហោរីទៅវិញ ។ ទ្រនេះមានដំណើរសាច់បទអន្លាយៗមួយៗចំៗមិនបំភ្លៃទេ ។
ទ្រសោតូច
ទ្រសោតូចមានមុខងារសំខាន់ ដូចជា ប្រើប្រាស់នៅក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ វង់ភ្លេងការសម័យទំនើប មានក្រុមល្ខោនយីកេខ្លះមិនប្រើទ្រអ៊ូចំហៀងទេ គេប្រើទ្រសោតូចជំនួសវិញ ។ ឥឡូវនេះ ប្រជាពលរដ្ឋបានយកវាទៅប្រើប្រាស់ជាមួយវង់ស្គរឆៃយ៉ាំជាបណ្ដើរហើយនៅក្នុងវង់ភ្លេង ជួនរបាំប្រពៃណីខ្លះក៏បានយកទ្រសោតូចនេះទៅប្រើប្រាស់ដែរ ។ សព្វថ្ងៃទ្រសោតូចមានប្រជាប្រិយភាពក្នុងចំណោមប្រជាពលរដ្ឋខ្លាំងណាស់ជាងទ្រដទៃទៀត ។ នៅក្នុងវង់ភ្លេងអាយ៉ៃ និងនៅក្នុងវង់ភ្លេងការសម័យទំនើប ទ្រសោតូចមានមុខងារផ្ដើមចេញបទមុនគេបង្អស់ ។ ឧបករណ៍នេះមានរូបរាងតូច ប៉ុន្ដែមានសំនៀងខ្លាំងមានដំណើរសាច់បទញឹកចង្អៀតជាងទ្រដទៃ ។
ខ្សែសំនៀងរឹតបាន២យ៉ាង ៖ កាលណាគេយកវាទៅប្រើប្រាស់ក្នុងវង់ភ្លេងមហោរី គេត្រូវរឹតខ្សែសំនៀងរឹតសោ ។ កាលណាគេយកវាទៅប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប គេត្រូវរឹតខ្សែសំនៀងរឹតស្មើ ។
ទ្រឆេអ៊ូ
ទ្រនេះមានទំហំតូចជាងទ្រសោតូច ប៉ុន្ដែ ធំជាងទ្រឆេសោ ។ ទ្រឆេអ៊ូប្រើប្រាស់បានតែក្នុងវង់ភ្លេងមហោរីប៉ុណ្ណោះ ។ ទ្រនេះមានដំណើរសាច់បទដូចទ្រអ៊ូសុទ្ធសាធ និងរឹតខ្សែសំនៀងក៏ដូចគ្នាដែរ ។ ឥឡូវនេះស្ទើរតែបាត់បង់វត្ដមានពីក្នុងសង្គមកម្ពុជាទៅហើយ ។
ទ្រឆេសោ
ទ្រឆេសោមានទំហំតូចជាងគេបំផុត ហើយក៏ឮខ្លាំងជាងគេដែរ ។ ទ្រនេះប្រើប្រាស់នៅក្នុងវង់ភ្លេងមហោរី និងនៅក្នុងវង់ភ្លេងល្ខោនបាសាក់ ។ នៅពេលល្ខោនបាសាក់ទើបតែមកដល់ភ្នំពេញរវាងឆ្នាំ១៩៣០ ទ្រឆេសោមានមុខងារសំខាន់ក្នុងការផ្ដើមចេញបទមុនគេ ប៉ុន្ដែមកដល់បច្ចុប្បន្នបែរជាទ្រអ៊ូចំហៀងជាអ្នកផ្ដើមបទវិញ ។ ទ្រឆេសោនេះ មិនមែនមានកំណើតដំណាលគ្នានឹងកំណើតល្ខោនបាសាក់ (ល្ខោនទ្រើងឃ្លោក) មកដល់កម្ពុជានោះទេ ប៉ុន្ដែវាមានកំណើតដ៏យូរលង់ណាស់មកហើយក្នុងវង់ភ្លេងមហោរីរបស់យើង ។ សម្រាប់បម្រើការទាំង២វង់នេះ ទ្រឆេសោត្រូវរឹតខ្សែសំនៀង រឹតសោ ។
នៅកម្ពុជាយើងមានវង់ភ្លេងចិនប្រគំក្នុងពិធីហែអ្នកតា ឬថ្ងៃចូលឆ្នាំប្រពៃណីចិនជារៀងរាល់ឆ្នាំនៅក្រុងភ្នំពេញ ក្នុងវង់ភ្លេងនោះ មានទ្រឆេមួយមានសំនៀងខ្លាំងដូចទ្រឆេសោកម្ពុជាដែរ ។ នៅក្នុងវង់ភ្លេងកំដរល្ខោនហ៊ីចិន ដែលធ្លាប់សំដែងនៅក្នុងកម្ពុជា គេឃើញមានទ្រឆេមានតួនាទីសំខាន់ខ្លាំងណាស់ ដូចទ្រឆេសោក្នុងវង់ភ្លេងល្ខោនបាសាក់ដែរ ។
ខ្ញុំបានឃើញផ្ទាល់ ៖
1. នៅឆ្នាំ១៩៦៥ ខ្ញុំបានឃើញទ្រសោតូចប្រគំនៅក្នុងវង់ភ្លេងបុរាណកូរ៉េ នាទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ។
2. នៅឆ្នាំ១៩៦៥ ខ្ញុំបានឃើញបែបទ្រសោធំ បែបទ្រសោតូច និងបែបទ្រឆេ មានជាង៤០ធុននៅក្នុងសារមន្ទីរភ្លេងនាទីក្រុងប៉េកាំង ប្រទេសចិន ។
3. នៅឆ្នាំ១៩៦៧ ខ្ញុំបានឃើញបែបទ្រសោតូចកំពុងប្រគំក្នុងវង់ភ្លេងមួយនៅក្នុងសាលារបាំមួយខាងលិចទីក្រុងតូក្យូ ប្រទេសជប៉ុន ។
4. នៅឆ្នាំ១៩៨៣ ខ្ញុំបានឃើញបែបទ្រសោតូចកំពុងប្រគំនៅក្នុងវង់ភ្លេងមួយក្នុងសាលាសិល្បៈនាទីក្រុងហ្ស៊កហ្ស៊ី អតីតសហភាពសូវៀត ។
5. នៅឆ្នាំ១៩៨៥ ខ្ញុំបានឃើញបែបទ្រសោតូច បែបទ្រអ៊ូចំហៀង បែបទ្រឆេ នៅសាលាតូរ្យតន្ដ្រីនាទីក្រុងអូឡុងបាទ័រ ប្រទេសម៉ុងហ្គោលី ។
6. នៅឆ្នាំ១៩៨៥ ខ្ញុំបានឃើញទ្រឆេកំពុងប្រគំក្នុងវង់ភ្លេងមួយនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។
7. នៅឆ្នាំ១៩៨៥ ខ្ញុំបានឃើញទ្រឆេកំពុងប្រគំជាមួយឧបករណ៍ដទៃទៀតនៅក្នុងវង់ភ្លេងមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
8. នៅឆ្នាំ១៩៩០ នៅទីក្រុងអូហ្សាការ ប្រទេសជប៉ុន ខ្ញុំបានឃើញគេប្រើទ្រសោតូច កំពុងប្រគំក្នុងវង់ភ្លេងមួយ ។
9. នៅឆ្នាំ១៩៩២ ខ្ញុំបានឃើញទ្រច្រើនបែបកំពុងប្រគំជាមួយឧបករណ៍ដទៃនៅក្នុងវង់មួយនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
បែបទ្រខ្សែ២ដែលមានសណ្ឋានរាងរៅប្រហាក់ប្រហែលគ្នា ឬដូចគ្នាសុទ្ធសាធនៅតាមប្រទេសនានាខាងលើនេះ ពិតជាមានទំនាក់ទំនងតាមចរន្ដណាមួយ ពីប្រទេសមួយទៅប្រទេសមួយជាមិនខាន ។ ប៉ុន្ដែតាមប្រសាសន៍តន្ដ្រីករបុរាណៗភាគច្រើនថា ទ្រប្រភេទនេះមានកំណើតនៅប្រទេសចិន ហើយបានខ្មែរធ្វើត្រាប់តាមតាំងពីយូរលង់ណាស់មកហើយ ខ្ញុំក៏មានការសន្និដ្ឋានបែបនេះដែរ ពីព្រោះប្រទេសចិនជាប្រទេសមានស្ដុកស្ដម្ភខ្លាំងខាងវិស័យវប្បធម៌ ហើយជាប្រទេសដែលធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជាតាំងពីយូរណាស់មកហើយ ម្យ៉ាងទៀតពាក្យថា «សោ» ដែលខ្មែរយើងប្រើសព្វថ្ងៃដូចគ្នាសុទ្ធសាធនឹងពាក្យដើមរបស់ចិនថា SO (មានន័យថា ទ្រ) ខ្មែរហៅថា «ទ្រសោ» គឺបែបទ្រចិននេះឯង ៕
ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី
សារព័ត៌មានកោះសន្តិភាព ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១០
No comments:
Post a Comment