ទ្រខ្មែរខ្សែបី
ប្រជាពលរដ្ឋកម្ពុជាតែងនាំគ្នាហៅទ្រប្រភេទនេះថា «ទ្រខ្មែរ» ឬ «ទ្រខ្សែ៣» ។ ហៅថា ទ្រខ្មែរ ពីព្រោះតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ គេឃើញតែជនជាតិខ្មែរជាអ្នកប្រើប្រាស់ទ្រនេះ ។ ហៅថា ទ្រខ្សែ៣ ព្រោះគេឃើញទ្រនេះមានខ្សែសំនៀង៣ខុសពីទ្រដទៃទៀតនៅក្នុងកម្ពុជា ដែលមានខ្សែសំនៀងតែ២ ។
ឧបករណ៍ទ្រខ្មែរ គឺជាឧបករណ៍ដែលមានមុខងារសំខាន់បំផុតនៅក្នុងវង់ភ្លេងអារក្ស និងនៅក្នុងវង់ភ្លេងការបុរាណ ។ នៅពេលប្រគំម្ដងៗ ឧបករណ៍នេះតែងតែចេញផ្ដើមបទមុនឧបករណ៍ដទៃ ។ កាលពីសម័យដើម អ្នកកូតទ្រខ្មែរ គឺជាអ្នកច្រៀងផងកូតផង ក្រោយមកអ្នកទះស្គរ គឺជាអ្នកច្រៀង ចុងក្រោយបង្អស់នេះ អ្នកច្រៀងគឺជាអ្នកគោះឈិង ឬជាអ្នកទំនេរគ្មានកាន់ឧបករណ៍អ្វីទេ ។
តាមដឹងរបស់ដូនតាយើងច្រើនតំណមកហើយលោកដឹងថា ឧបករណ៍ទ្រខ្មែរនេះមានអាយុរាប់ពាន់ឆ្នាំហើយ គឺមានតាំងពីមុនគ្រិស្ដសករាជទៅទៀត នៅក្នុងតំបន់អូស្ដ្រូអាស៊ីនេះ ដែលមានជនជាតិខ្មែរ (ទ្រខ្មែរ) និងជនជាតិឥណ្ឌូណេស៊ី (Rabab) ប្រើប្រាស់វា ប៉ុន្ដែក្រោយមកជនជាតិថៃ (សោសាមសៃ So Sam Sai) ក៏ប្រើប្រាស់ទ្រប្រភេទនេះដែរ ។ ឧបករណ៍ទ្រខ្មែរធ្វើឡើងដោយមាន ៖
- ដងរាងមូលត្រង់ តូចក្រោមធំលើ មានក្រឡឹងក្បាច់ផ្សេងៗជាគ្រឿងលម្អ ។ ដងនេះច្រើនធ្វើអំពីឈើរឹង ដូចជាឈើនាងនួន ឈើគ្រញូង ឬឈើខ្មៅ មានបញ្ចុះភ្លុកដំរី ឆ្អឹង ឬឈើដៃខ្លាពណ៌ស ជាកង់ៗ ដើម្បីឱ្យកាន់តែមានប្រណីតភាពឡើង ។
- ព្រលួតមាន៣ ធ្វើអំពីប្រភេទឈើរឹងដូចដងដែរ មានទំហំ និងប្រវែងប៉ុនគ្នា ។ ជួនកាលមានបញ្ចុះភ្លុក ឬឆ្អឹង ឬឈើសនៅចុងដើម ហើយមានក្បូរក្បាច់ជាគ្រឿងលម្អទៀតផង ។
- ប្រអប់សំនៀងធ្វើអំពីត្រឡោកដូងរាងដូចក្បាលដំរី គេយកមួយចំហៀងបញ្ឈរមកធ្វើ ។ នៅផ្នែកខាងខ្នងប្រអប់សំនៀងមានចោះរន្ធតូចៗជាក្បាច់ផ្សេងៗសម្រាប់បញ្ចេញសំនៀងមកក្រៅ ។ នៅផ្នែកខាងមុខប្រអប់ មានសន្ទះដែលគេយកស្បែកពស់មកពាស ។ នៅលើសន្ទះមានបិទដុំប្រមរមួយដុំតូចមូលប៉ុនម្រាមដៃ មានឈ្មោះហៅថា «ដោះ» ។ ដោះនេះសម្រាប់ធ្វើឱ្យសំនៀងស្អកស្អាដែលជាលក្ខណៈសំនៀងរបស់ទ្រខ្មែរ ។
- ឆាកទ្រខ្មែរក៏ដូចជាឆាកទ្រដទៃទៀតដែរ ប៉ុន្ដែឆាកទ្រខ្មែរប្រើកូតនៅពីក្រៅខ្សែសំនៀង ។ នៅពេលគេត្រូវការកូតម្ដងៗ គេយកឆាកមកផ្អឹបឱ្យជាប់នឹងខ្សែសំនៀងត្រង់គែមប្រអប់ខាងលើ ទើបគេរុញទាញតាមទម្លាប់ ។
- យ៉ងធ្វើអំពីឈើ ឬឫស្សីដែលមានរាងកោងសម្រាប់ទ្រខ្សែសំនៀងទាំង៣ឱ្យផុតគែមប្រអប់សំនៀង ។ គេដាក់យ៉ងខិតមកផ្នែកខាងលើនៃសន្ទះទន្ទឹមគ្នានឹងដោះ ។
- ខ្សែសំនៀងមាន៣ ខ្សែទី១ តូចឈ្មោះថា ខ្សែឯក ខ្សែទី២ ឈ្មោះថា ខ្សែភាន់ ខ្សែទី៣ ធំឈ្មោះថា ខ្សែគ ។ ខ្សែទាំង៣នេះធ្វើអំពីខ្សែលោហធាតុ ។
- ខ្សែកធ្វើអំពីអំបោះឆៅស្ថិតនៅខាងក្រោមព្រលួតទាំង៣ សម្រាប់ចងខ្សែសំនៀងទាំង៣ផ្អោបទៅនឹងដង ។
នៅពេលកូតម្ដងៗ គេប្រើចុងម្រាមដៃសម្រាប់ចុចលើខ្សែមិនប្រើគល់ម្រាមដៃដូចការចុចលើខ្សែទ្រដទៃឡើយ ។
តាមទស្សនៈរបស់តន្ដ្រីករបុរាណខ្លះៗ ដែលកាន់ព្រះពុទ្ធសាសនាបានឱ្យនិមិត្ដរូបទៅលើឧបករណ៍ទ្រខ្មែរថា ជាឧបករណ៍តំណាងជីវិតមនុស្ស គឺតំណាងខន្ធប្រាំដែលជាខន្ធរបស់មនុស្សគ្រប់រូប ។
- ផ្នែកខាងក្រោមប្រអប់សំនៀង (ចន្ទល់ ឬជើងទ្រ) តំណាងរូប
- គ្រប់ប្រអប់សំនៀងទាំងមូល តំណាងវេទនា
- ពីប្រអប់សំនៀងមកពាក់កណ្ដាលដង តំណាងសញ្ញា
- ពីពាក់កណ្ដាលដងមកទល់ព្រលួតខាងក្រោម តំណាងសង្ខារ
- ពីព្រលួតខាងក្រោមមកដល់ក្បាលខាងលើ តំណាងវិញ្ញាណ ៕
ស្រាវជ្រាវចងក្រងដោយ ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី
សារព័ត៌មានកោះសន្តិភាព ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០
-------------------------------------------------------------------------------------------------------------
រឿងរ៉ាវដែលទំនាក់ទំនង៖
No comments:
Post a Comment