លោកតានាមកែវនឹងលោកយាយនាមច្រៀប គាត់បានវេប្រគេនដីស្រែថ្វាយព្រះសង្ឃ នៅក្នុងខែជេស្ឋ ឆ្នាំរកា ពុទ្ធសករាជ ២១១៣ ផ្តើមកសាងនៅថ្ងៃព្រហស្បតិ៍ ១០កើត ខែកក្តឹក ឆ្នាំរកា ព.ស ២១១៣ គ.ស ១៥៦៩ ។
ធ្វើហើយនៅថ្ងៃ ១៣រោច ខែស្រាពណ៍ ឆ្នាំច ដល់ថ្ងៃ ១០កើត ខែមាឃ ឆ្នាំច ព.ស ២១១៩គ.ស ១៥៧៥ ទើបបានធ្វើបុណ្យបញ្ចុះខណ្ឌសីមា មាននាមវត្តថាៈ<< វត្តថ្មីសិរីអូរមិច >> ។
ឧបាសកដែលបានកសាងក្នុងសម័យដើមមាន ៤ រូបគឺៈ
១. ឧបាសក សេង
២. ឧបាសក ហុន
៣. ឧបាសក រដ្ឋ
៤. ឧបាសក គុល ។
នាមនឹងតួនាទី
១/ លោកតានាម នន់ ញោម វត្ត
២/ លោកតានាម សាញ់ អាចារ្យវត្ត
៣/ លោកតានាម មៅ គណកម្មការវត្ត ។
ព្រះចៅអធិការ
១/ ព្រះតេជគុណព្រះនាម សុខ ព្រះជន្មាយុបាន ៨៣ ឆ្នាំ ។
២/ ព្រះតេជគុណព្រះនាម ភោគ ព្រះជន្មាយុបាន ៨៨ ឆ្នាំ ។
៣/ ព្រះតេជគុណព្រះនាម យស ព្រះជន្មាយុបាន ៧៩ ឆ្នាំ ។
៤/ ព្រះតេជគុណព្រះនាម ពែង ព្រះជន្មាយុបាន ៧៧ ឆ្នាំ ។
៥/ ព្រះតេជគុណព្រះនាម រាជ ព្រះជន្មាយុបាន ៨០ ឆ្នាំ ។
ប្រវត្តិសង្ខេបរបស់
ព្រះចៅអធិការព្រះនាមសុខ
ព្រះតេជគុណព្រះនាមសុខនេះ លោកបានទទួលតំណែងជាព្រះចៅអធិការ គ្រប់គ្រងភិក្ខុ សាមណេរទាំងឡាយ នឹងវត្តអារាម នៅក្នុងវត្តដែលមាននាមថាៈ វត្តព្រែករលួស គឺវត្តចាស់ (នៅភូមិព្រែកសសរសព្វថ្ងៃនេះ) ។
បន្ទាប់ជាខាងក្រោយមក កើតមានឧបត្តិហេតុគឺមានសត្វខ្លាសាហាវ គួជាទីភ័យខ្លាចដល់ ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងឡាយ ទើបមានការរុះរើទៅធ្វើវត្តថ្មីមាននាមថាៈ វត្តភូមិត្បូងជិត ។
នៅក្នុងវត្តភូមិត្បូងជិតនេះ ព្រះសង្ឃសំណាក់អាស្រ័យបាន២ឆ្នាំ ក្នុងការគ្រប់គ្រង របស់ព្រះចៅអធិការ ព្រះនាមសុខដដែល ។
ចំណេរជាខាងក្រោយមកទៀត ទើបមានឧបាសកនាមកែវ ឧបាសិកានាមច្រៀប គាត់បានប្រគេនដីស្រែថ្វាយដល់ព្រះសង្ឃ ដម្បីបានកសាងវត្តអារាម ដែលជាទីសក្ការបូជារបស់ ពុទ្ធបរិស័ទទាំងឡាយ ។ ក្នុងរយៈពេលនោះក៏បានកសាងឡើងជាវត្តថ្មីម្ដងទៀត មាននាមថាៈ វត្តថ្មីសិរីអូរមិច (វត្តរតនទីបារាមកោះកែវសព្វថ្ងៃ) នៅក្នុងការគ្រប់គ្រងរបស់ព្រះចៅអធិការ ព្រះនាមសុខដដែល ។
លុះដល់ព្រះជន្មាយុ៨៣ឆ្នាំ ព្រះតេជគុណព្រះនាមសុខ ក៏បានធ្វើអនិច្ចធម្មទៅទាំងភេទ សង្ឃ ។
ព្រះចៅអធិការព្រះនាមភោគ
ព្រះតេជគុណព្រះនាម ភោគ នេះ លោកបានទទួលតំណែងជាព្រះចៅអធិការ គ្រប់គ្រងភិក្ខុ សាមណេរទាំងឡាយ នឹងវត្តអារាម នៅក្នុងវត្តដែលមាននាមថាៈវត្តរតនទីបារាមកោះកែវ(អូរមិច) អស់រយៈកាល ១៥ វស្សា ដោយបុណ្យផលរបស់ព្រះអង្គកសាងមានឧបនិស្ស័យតិច ពេលនោះព្រះអង្គ ក៏បានលាចាកសិក្ខាបទជាគ្រហស្ថទៅ ។
ឋិតនៅក្នុងមជ្ឈិមវ័យ ឧបាសកនាមភោគនេះ ក៏បានប្រកបអាជីវកម្មទៅតាមសង្គម ជារៀងតទៅ លុះដល់បច្ឆិមវ័យ ក្នុងជន្មាយុ៨៨ឆ្នាំ គាត់ក៏ធ្វើមរណៈកាលទៅ ។
ព្រះចៅអធិការព្រះនាមយស
ព្រះតេជគុណព្រះនាមយស នេះ លោកបានទទួលតំណែងជាព្រះចៅអធិការ គ្រប់គ្រង ភិក្ខុសាមណេរទាំងឡាយនឹងវត្តអារាមនៅក្នុងវត្តដែលមាននាមថាៈ វត្តរតនទីបារាមកោះកែវ (អូរមិច) អស់រយៈកាល ១២ វស្សា ដោយបុណ្យផលរបស់ព្រះអង្គកសាងមានឧបនិស្ស័យតិច ពេលនោះព្រះអង្គ ក៏បានលាចាកសិក្ខាបទជាគ្រហស្ថទៅ ។
ឋិតនៅក្នុងមជ្ឈិមវ័យ ឧបាសកនាមយសនេះ ក៏បានប្រកបអាជីវកម្មទៅតាមសង្គម ជារៀងតទៅ លុះដល់បច្ឆិមវ័យ ក្នុងជន្មាយុ៧៩ឆ្នាំ គាត់ក៏ធ្វើមរណៈកាលទៅ ។
ព្រះចៅអធិការព្រះនាមពែង
ព្រះតេជគុណព្រះនាម ពែង នេះ លោកបានទទួលតំណែងជាព្រះចៅអធិការ គ្រប់គ្រងភិក្ខុ សាមណេរទាំងឡាយ នឹងវត្តអារាម នៅក្នុងវត្តដែលមាននាមថាៈវត្តរតនទីបារាមកោះកែវ(អូរមិច) អស់រយៈកាល ២ វស្សា ដោយបុណ្យផលរបស់ព្រះអង្គ កសាង មានឧបនិស្ស័យតិច ពេលនោះ ព្រះអង្គ ក៏បានលាចាកលោកទាំងភេទសង្ឃ ក្នុងព្រះជន្មាយុ ៧៧ ឆ្នាំ ។
ព្រះចៅអធិការព្រះនាមរាជ
ព្រះតេជគុណនាមពែញ ព្រះអង្គកើតឆ្នាំ ច ក្នុងត្រកូលមធ្យមកសិករ ឪពុកព្រះនាម ថាច់គង់ ម្ដាយព្រះនាម ថាច់ធីបុល ។ ព្រះអង្គ មានបងប្អូនរួមផ្ទៃ៦នាក់ គឺប្រុស៣ ស្រី៣ ព្រះតេជគុណនាមពែញនេះ ជាបុត្រទី៦ គឺបុត្រពៅបង្អស់ក្នុងគ្រួសារ ។
ព្រះតេជគុណព្រះនាមពែញ ព្រះអង្គបានសាងព្រះផ្នូសក្នុងព្រះជន្មាយុ ២១ ឆ្នាំ រួចក៏បាន ឧបសម្បទា ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ថាច់ណែម គង់នៅវត្ត វេឡុវ័នប្ញស្សីស្រុក ។
ព្រះតេជគុណព្រះនាមពែញ មាននាមបញ្ញាតិថាៈ “ឥន្ទបញ្ញា” លោកបានទទួល តំណែងជាព្រះចៅអធិការ គ្រប់គ្រងភិក្ខុ សាមណេរទាំងឡាយ នឹងវត្តអារាម នៅក្នុងវត្ត រតនទីបារាមកោះកែវ(អូរមិច) អស់កាលជាយូរអង្វែងឆ្នាំ ។
លុះដល់បច្ឆិមវ័យ ព្រះចៅអធិការនាមពែញ ព្រះអង្គក៏បានទទួលតំណែងជាព្រះឧបជ្ឈាយ៍ រួចក៏បានផ្លាស់នាមថាៈ រាជ វិញ(ថាច់រាជ) ព្រោះហេតុតែព្រះនាមពែញនេះ មានសំណៀងហៅ ស្រដៀងនឹងព្រះឧបជ្ឈាយ៍ព្រះនាមពែងពីអតីតមុន ។
ឋិតនៅក្នុងនាទី ដែលព្រះអង្គបានគ្រប់គ្រង ថែទាំរក្សា នូវវត្តអារាម ដោយយកចិត្ត ទុកដាក់ អស់ពីសមត្ថភាព មិនធ្វេសប្រហែស អស់រយៈកាល ៣៧ ព្រះវស្សា ។ ដោយហេតុតែ ព្រះអង្គមានវ័យចាសជរា មិនអាចតាំងជីវិតឲ្យឋិតថេបាន ពេលនោះព្រះអង្គ ក៏បានធ្វើអនិច្ចធម្មទៅទាំងភេទសង្ឃ ក្នុងព្រះជន្មាយុ ៨០ ឆ្នាំ ។
ព្រះចៅអធិការព្រះនាមសម
ព្រះតេជគុណនាមសម ព្រះអង្គកើតឆ្នាំ ច ក្នុងត្រកូលមធ្យមកសិករ ឪពុកព្រះនាម ថាច់…… ម្ដាយព្រះនាម ថាច់ធី…… ។ ព្រះអង្គ មានបងប្អូនរួមផ្ទៃ……នាក់ គឺប្រុស… ស្រី…… ព្រះតេជគុណនាមសមនេះ ជាបុត្រទី…… គឺបុត្រពៅបង្អស់ក្នុងគ្រួសារ ។
ព្រះតេជគុណព្រះនាមសម ព្រះអង្គបានសាងព្រះផ្នូសក្នុងព្រះជន្មាយុ …… ឆ្នាំ រួចក៏បាន ឧបសម្បទា ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ថាច់… …គង់នៅវត្ត …………………………… ។
ព្រះតេជគុណព្រះនាមសម មាននាមបញ្ញាតិថាៈ “សុវណ្ណត្ថេរោថាច់សម” លោកបានទទួល តំណែងជាព្រះចៅអធិការ គ្រប់គ្រងភិក្ខុ សាមណេរទាំងឡាយ នឹងវត្តអារាម នៅក្នុងវត្ត រតនទីបារាមកោះកែវ(អូរមិច) អស់កាលជាយូរអង្វែងឆ្នាំ ។
លុះដល់បច្ឆិមវ័យព្រះចៅអធិការនាមសមព្រះអង្គក៏បានទទួលតំណែងជាព្រះឧបជ្ឈាយ៍។
ឋិតនៅក្នុងនាទី ដែលព្រះអង្គបានគ្រប់គ្រង ថែទាំរក្សា នូវវត្តអារាម ដោយយកចិត្ត ទុកដាក់ អស់ពីសមត្ថភាព មិនធ្វេសប្រហែស អស់រយៈកាល … ព្រះវស្សា ។ ដោយហេតុតែ ព្រះអង្គមានវ័យចាសជរា បន្តិចម្ដងៗ មិនអាចតាំងជីវិតឲ្យឋិតថេបាន ពេលនោះព្រះអង្គ ក៏បានធ្វើអនិច្ចធម្មទៅទាំងភេទសង្ឃ ក្នុងព្រះជន្មាយុ ៩៥ ឆ្នាំ ។
No comments:
Post a Comment