- ប្រវត្តិខ្លុយ
«ខ្លុយ» មានអាយុរាប់ពាន់ឆ្នាំមកហើយ ។ ព្រឹត្តិបត្រ Annales de l’Extreme Orient ឆ្នាំ១៩៣៥ ទំព័រ១២ សរសេរថា «នៅសម័យនគរភ្នំសតវត្សទី៣ (ឆ្នាំ២៤៣) ទូតខ្មែរបានធ្វើតង្វាយទៅស្រុកចិននូវក្រុមភ្លេងមួយក្រុមមានអ្នកផ្លុំខ្លុយ» ។ ខ្លុយជាឧបករណ៍មានប្រជាប្រិយភាពក្នុងចំណោមប្រជាពលរដ្ឋខ្លាំងណាស់ ព្រោះវាជាឧបករណ៍ភ្លេងមួយដែលងាយធ្វើងាយ រៀនងាយចេះ ជាងឧបករណ៍ដទៃ ។ ឧបករណ៍នេះប្រើមិនចំពោះវង់ណាជាវង់ណាឡើយ ជួនកាលគេផ្លុំលេងតែម្នាក់ឯងតាមវាលស្រែ តាមផ្ទះ តាមវត្តអារាម ឬតាមទីផ្សារ ជួនកាលគេប្រើជាមួយនឹងឧបករណ៍ដទៃទៀតក្នុងវង់ភ្លេងមហោរី វង់ភ្លេងការសម័យទំនើប វង់ភ្លេងអាយ៉ៃ វង់ភ្លេងល្ខោនបាសាក់ និងវង់ភ្លេងប្រជាប្រិយផ្សេងៗទៀត ។ គ្រប់ឧបករណ៍ដែលត្រូវប្រគំជាមួយខ្លុយត្រូវរឹតសំនៀងតាមខ្លុយទាំងអស់ ។
ខ្លុយប្រើខ្យល់ផ្លុំបាន២យ៉ាង ៖ កាលណាប្រគំក្នុងវង់ភ្លេងការសម័យទំនើប និងវង់ភ្លេងល្ខោនបាសាក់ ខ្លុយត្រូវប្រើខ្យល់ជាប់ដូចប៉ីអដែរ ដើម្បីតម្រូវទៅតាមលំនាំបទភ្លេងការ និងលំនាំបទភ្លេងបាសាក់ ដែលជាបទមានលក្ខណៈត្រូវប្រើសំនៀងលញ់គ្រលឺត តម្អែតម្អូញ ។ កាលណាប្រគំក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ ឬវង់ភ្លេងដទៃទៀត ខ្លុយត្រូវប្រើខ្យល់ដាច់ដើម្បីតម្រូវតាមបទភ្លេងដែលមានលក្ខណៈចំៗ ត្រង់ៗ មានល្បឿនញាប់ ខ្លុយត្រូវរត់សាច់បទដូចឧបករណ៍ដទៃទៀតដែរ ។
ខ្លុយរបស់កម្ពុជាធ្វើឡើងដោយយកដើមឫស្សីពកមួយសាច់ ឬឫស្សីដទៃណាដែលមានប្រហោងប៉ុនម្រាមដៃ មានសំណុំអាចធ្វើខ្លុយបានយកមកធ្វើ ។ សម័យក្រោយនេះគេអាចយកបំពង់ដែក បំពង់ជ័រ ឬក្រឡឹងឈើរឹងៗ ដូចជា ឈើនាងនួន ឈើគ្រញូង ឈើខ្មៅ ។ល។ ធ្វើជាតួខ្លុយបានដែរ ។ ស្នូលដែលជាប្រដាប់ផ្លុំបញ្ចេញសំនៀងត្រូវធ្វើឡើងដោយប្រភេទឈើដែលមានសាច់ហាប់ ម៉ដ្ឋជិតមិនបៀមទឹក មិនឆាប់រីកដោយសារទឹកមាត់ ដូចជាដើមត្របែកជាដើម ។ នៅលើតួខ្លុយមានរន្ធជាច្រើនដូចជា ៖
1. រន្ធបញ្ចេញសំឡេង (រន្ធហែប) រន្ធនេះស្ថិតនៅខាងក្រោមតួជាប់នឹងស្នូល គឺជារន្ធសំខាន់សម្រាប់ផ្តល់សំនៀងឱ្យខ្លុយ ។
2. រន្ធចំហៀងស្ថិតនៅខាងក្រោម គឺជារន្ធសម្រាប់ប្រើសំនៀងចំហៀងបិទបើកដោយមេដៃ ។
3. រន្ធចំស្ថិតនៅខាងលើជាជួរសម្រាប់ប្រើសំនៀងចំបិទបើកដោយម្រាមដៃ និងកូនដៃ ។
4. រន្ធមានបង្ហើរខ្យល់ចោលមួយ ឬពីរស្ថិតនៅលើក្រោម ឬចំហៀងតួសម្រាប់ជួយតម្រូវសំនៀងរបស់រន្ធចំ រន្ធទី៧ ឬរន្ធទី ៨ ។
5. ខ្លុយខ្លះមានរន្ធពិសេសមួយទៀតសម្រាប់បិទក្រដាសស្តើងឱ្យសំនៀងចំហៀងបាន២ដែរ គឺជាសំនៀងដែលមានឈ្មោះដូចគ្នា ប៉ុន្តែសំនៀងមួយឮតូច សំនៀងមួយទៀតឮធំ (សំនៀងលើក្រោម) ។
នៅកម្ពុជាយើងមានខ្លុយបីយ៉ាង ៖ ខ្លុយតូច ខ្លុយធំ និងខ្លុយភ្លោះ ។ ខ្លុយធំមានទំហំធំ មានសំនៀងធំ ជាខ្លុយពិសេស ប្រើតែក្នុងភ្លេងមហោរីគូនឹងខ្លុយតូច ប៉ុន្តែបច្ចុប្បន្ននេះខ្លុយធំៗពុំសូវមានគេប្រើប្រាស់ឡើយ ។ រីឯខ្លុយភ្លោះដែលជាខ្លុយបុរាណបំផុតត្រូវបានបាត់បង់ពីសង្គមកម្ពុជាទៅហើយ ។
ខ្លុយខ្មែរ គឺជាខ្លុយដែលមានអាយុច្រើនសតវត្សណាស់មកហើយនៅក្នុងសង្គមខ្មែរ ។ បើតាមប្រសាសន៍របស់លោកឧកញ៉ាមហាធិបតី មាស ឌី ជាប្រធានក្រុមភ្លេងព្រះរាជទ្រព្យក្នុងរវាងឆ្នាំ១៩៦៥ កាលនោះលោកមានអាយុជាង៦០ឆ្នាំហើយ លោកមានប្រសាសន៍តពីជីតារបស់លោកឈ្មោះសុវណ្ណ ជាអ្នកផ្លុំស្រឡៃ ខ្លុយពីរោះផុតគេក្នុងវាំងក្នុងរាជ្យព្រះបាទមុនីវង្សថា «ខ្លុយមានតាំងពីមុនសម័យអង្គរវត្ត មាននៅក្នុងវង់ភ្លេងមហោរីបុរាណប្រគំរួមជាមួយនឹងទ្រខ្មែរ ចាប៉ីដងវែងដោយយកបទពិណពាទ្យមកប្រគំ មិនមែនមានត្រឹមតែពីសតវត្សទី១៦ដូចគេថានោះទេ» ។ លោកមានប្រសាសន៍ទៀតថា «លោកគ្រូចៅអធិការគង់នៅវត្តមួយនៃស្រុកមុខកំពូលជាគ្រូបង្រៀនស្រឡៃ ខ្លុយរបស់លោកតា សុវណ្ណ ជាសង្ឃចេះដឹងច្រើនខាងមុខវិជ្ជាភ្លេង និងថា ខ្លុយមានតាំងពីរវាងឆ្នាំ៦១១ ដោយសំអាងទៅលើសិលាចារឹក បានចារអំពីតង្វាយជាស្រីរាំ៧នាក់ ស្រីច្រៀង១១នាក់ និងតន្ត្រីការិនី៤នាក់ លោកមានពុទ្ធដីកាថា តន្ត្រីការិនី៤នោះគឺម្នាក់ចេះលេងខ្លុយ ម្នាក់ចេះដេញចាប៉ី ម្នាក់គោះឈិង និងម្នាក់ទៀតទះស្គរ» ។
តាមធម្មតាខ្លុយនៅកម្ពុជាទោះតូចក្តីធំក្តី វាពុំទាន់មានកម្រិតកម្ពស់សំនៀងឯកភាពគ្នានោះទេ ។ វាមានកម្ពស់សំនៀង ទាប ឬខ្ពស់ខុសគ្នាបន្តិចបន្តួចអាស្រ័យទៅតាមក្រុមភ្លេងនីមួយៗ តាមតំបន់នីមួយៗ និងតាមសំណុំលក្ខណៈនៃខ្លុយនីមួយៗ ដែលក្រុមនីមួយៗ និងតំបន់នីមួយៗនោះនិយមប្រើប្រាស់វា ។ ប៉ុន្តែគេទាំងអស់គ្នានៅតែគោរពខ្នាតចោះរន្ធខ្លុយតាមបែបបុរាណគ្រប់ៗគ្នាមិនល្អៀងឡើយ ។ គេយកខ្សែដែលមានប្រវែងស្មើនឹងតួខ្លុយបត់ជា២ផ្នត់ត្រូវចំរន្ធ៥ធៀន (រន្ធទី៣) ឬម្យ៉ាងទៀតគេយកប្រវែងខ្សែទាំងអស់មកបត់ជា១៦ផ្នត់ស្មើៗ គ្នារួចគេចាប់វាស់ពីខាងចុងតួខ្លុយមក ។ ពីចុងតួខ្លុយមករន្ធបង្ហើរខ្យល់ចោលមាន២ផ្នត់ (២/១៦) ពីចុងតួខ្លុយមករន្ធទី៧មាន៤ផ្នត់ (៤/១៦) ពីចុងតួខ្លុយមករន្ធទី៦មាន៥ផ្នត់ (៥/១៦) ពីចុងតួខ្លុយមករន្ធទី៥មាន៦ផ្នត់ (៦/១៦) ពីចុងតួខ្លុយមករន្ធទី៤មាន៧ផ្នត់ (៧/១៦) ពីចុងតួខ្លុយមករន្ធទី៣មាន៨ផ្នត់ (៨/១៦) ពីចុងតួខ្លុយមករន្ធទី២មាន៩ផ្នត់ (៩/១៦) ពីចុងតួខ្លុយមករន្ធទី១មាន១០ផ្នត់ (១០/១៦) ពីចុងតួខ្លុយមករន្ធបិទក្រដាសមាន១២ផ្នត់ (១២/១៦) ពីចុងតួខ្លុយមករន្ធហែបមាន១៥ផ្នត់ (១៥/១៦) ប្រវែងស្នូលមាន១ផ្នត់ (១/១៦) រន្ធចំហៀងស្ថិតនៅខាងក្រោមតួខ្លុយចំពាក់កណ្តាលរន្ធទី១ និងរន្ធទី២ ។
សណ្ឋានរាងរៅ ឬទំនាក់ទំនងបែបសន្តាន ឬញាតិពន្ធរបស់ឧបករណ៍ខ្លុយយើង និងខ្លុយនៅតាមប្រទេសនានាមានសន្ធឹកសន្ធាប់ណាស់ ដូចជា ខ្លុយនៅកម្ពុជាមានរន្ធសំនៀង៤ ឈ្មោះថា រណម របស់ជនជាតិទំពួននៅខេត្តមណ្ឌលគិរី ខ្លុយប្រើទូទៅមានរន្ធ៦ ឬរន្ធ៧ ៕
ដកស្រង់ពីសារព័ត៌មានកោះសន្តិភាព ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១០
-------------------------------------------------------------------------------------------------------------រឿងរ៉ាវដែលទំនាក់ទំនង៖