មនុស្សជាច្រើនផឹកកាហ្វេ ជារៀងរាល់ព្រឹកមុនពេលចាប់ផ្តើមធ្វើការរបស់គេ ប៉ុន្តែការ ស្រាវជ្រាវថ្មីមួយបានបង្ហាញថា កាហ្វេនឹងផ្តល់អត្ថប្រយោជន៍ កាន់តែច្រើនថែមទៀត ចំពោះខួរក្បាល ប្រសិនបើគេផឹកវាលាយជាមួយស្ករ ។ អ្នកវិទ្យាសាស្ត្រនៅសាកល វិទ្យាល័យបាសេឡូណា ក្នុងប្រទេសអេស្ប៉ាញ បានរកឃើញថា ការផឹកកាហ្វេ និង ស្ករ នៅពេលតែមួយ ជួយជំរុញ សមត្ថភាព របស់ខួរក្បាល ច្រើនជាង ការផឹកកាហ្វេ ឬផឹកទឹក ដាច់ដោយឡែកពីគ្នា ។ ឥឡូវនេះ អ្នកស្រាវជ្រាវជឿជាក់ថា ទាំងកាហ្វេ និង ស្ករ បង្កើនប្រសិទ្ធភាពឱ្យគ្នាទៅវិញទៅមក ក្នុងការជំរុញសមត្ថភាពខួរក្បាល ដូចជាការចងចាំ និងការយកចិត្តទុកដាក់ល្អជាងមុនជាដើម ។ លទ្ធផលនៃការស្រាវជ្រាវនេះ ទទួលបានពី ការស្កេនខួរក្បាលនៃអ្នកស្ម័គ្រចិត្ត ដែលអ្នកស្រាវជ្រាវបានធ្វើតេស្តិ៍ បន្ទាប់ពីពួកគេ ផឹកកាហ្វេលាយជាមួយស្ករ ផឹកកាហ្វេសុទ្ធអត់មានលាយស្ករ និង ហូបស្ករ ឬ ផឹកទឹកស្ករ ។ លទ្ធផលដែលគេបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ Human Psychophar-macology អះអាងថា កាហ្វេលាយស្ករគឺជាវិធីដ៏ល្អបំផុត ដើម្បីត្រៀមខួរក្បាលសម្រាប់ថ្ងៃដ៏មមាញឹក នាពេលខាងមុខ ។ សម្រាប់អ្នកផឹកកាហ្វេ ដែលមិនចូលចិត្តផឹកជាមួយស្ករក៏ទទួលបាន អត្ថប្រយោជន៍ដូចគ្នាដែរ ប្រសិនបើគេហូបអាហារ ដែលមានសារធាតុស្ករពេលផឹកកាហ្វេ ។ យោងតាមសមាគមកាហ្វេរបស់អង់គ្លេសបានឱ្យដឹងថា ប្រជាជនអង់គ្លេសផឹកកាហ្វេ ប្រមាណ ៧០ លានពែង ក្នុងមួយថ្ងៃដែលអ្នកផឹកកាហ្វេ ជាងពាក់កណ្តាលតែងលាយ ជាមួយស្ករនៅពេលផឹក ។ គេធ្លាប់បានដឹងថា ជាតិកាហ្វេអ៊ីន គឺជាចលករជំរុញសមត្ថភាព ខួរក្បាល ហើយអាចការពារភាពងងុយដេកនិងភាពហត់នឿយ ។ ការសិក្សាមុនៗ ថែមទាំងបានអះអាងថា ការផឹកកាហ្វេបីពែងក្នុងមួយថ្ងៃអាចកាត់បន្ថយ គ្រោះថ្នាក់នៃការ កើតរោគភ្លេចការចងចាំបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ។ គេក៏ធ្លាប់បានដឹងដែរថា សារធាតុគ្លុយកូស ដែលជាស្ករមួយប្រភេទគឺជាថាមពលចម្បង ដែលកោសិកា ខួរក្បាលត្រូវការដើម្បីឱ្យបំពេញមុខងារបានល្អ ។ អ្នកវិទ្យាសាស្ត្រ បាននិយាយថា ការស្រាវជ្រាវបង្ហាញថា ខួរក្បាលបំពេញមុខងារកាន់តែមានប្រសិទ្ធភាពនៅពេល ជាតិកាហ្វេអ៊ីន លាយឡំជាមួយជាតិស្ករ ។ បណ្ឌិតហ្សូសេបសេរ៉ាហ្គ្រាប៊ូឡូសា ដែលជាអ្នកដឹកនាំ ការស្រាវជ្រាវបាននិយាយថា “សារធាតុទាំងពីរនេះ ជំរុញសមត្ថភាព ខួរក្បាលដោយបង្កើនប្រសិទ្ធភាពនៃផ្នែកចំនួនពីរនៃខួរក្បាលដែល គ្រប់គ្រងលើ ការយកចិត្តទុកដាក់និងការចងចាំ” ៕
ដកស្រង់ពី៖ហង្សទិព្វទេសចរ
No comments:
Post a Comment