«ប៉ីអ» ជាឧបករណ៍ប្រើខ្យល់ផ្លុំដោយបៀមលាំ (អណ្តាត) នៅក្នុងមាត់ ។ ឧបករណ៍នេះមានមុខងារសំខាន់ក្នុងវង់ភ្លេងអារក្ស និងក្នុងវង់ភ្លេងការបុរាណ ។ ក្នុងពេលប្រគំរួមម្តងៗ ឧបករណ៍ដទៃក្នុងវង់ភ្លេងទាំងពីរខាងលើនេះ ត្រូវរឹតតាមសំនៀងប៉ីអ ដោយយកសំនៀងប៉ីអជាសំនៀងកំណត់ ។ ឧបករណ៍នេះមានអាយុកាលចំណាស់បំផុតនៅលើទឹកដីយើងនេះ ។ ជាច្រើនតំណមកហើយ រូបភាពរបស់វាពុំមានការផ្លាស់ប្តូរឡើយ ។ រូបភាពដើមដូចប្រើសព្វថ្ងៃនេះ មានឃើញេនៅប្រទេសជប៉ុនផ្លុំប៉ោងមាត់ដូចខ្មែរដែរដោយតន្ត្រីករជនជាតិជប៉ុនស្លៀកពាក់បែបប្រទេសឥណ្ឌូណេស៊ី ។
សំនៀងរបស់ប៉ីអលាន់ឮរ៉ែ ពីរោះដូចគ្នានឹងសំនៀងធម្មជាតិរបស់សត្វរៃយំក្នុងព្រៃព្រឹក្សា ។ ឧបករណ៍ប៉ីអនេះប្រើសំនៀងជាប់ដូចរៃយំពីដើមបទរហូតដល់ចប់បទ ។ អ្នកផ្លុំប៉ីអត្រូវជាអ្នកពូកែខាងបច្ចេកទេសដកដង្ហើមរក្សាខ្យល់ទុកផ្លុំមិនឱ្យដាច់សំនៀង ។ ក្នុងការបិទបើករន្ធសំនៀង តន្ត្រីករខ្លះប្រើចុងម្រាមដៃ ខ្លះទៀតប្រើគល់ម្រាមដៃ ។ តួប៉ីអធ្វើអំពីដើមឫស្សីឃ្លៃ ឬដើមឫស្សីពីងពង់ ឬក៏ប្រភេទឈើរឹងៗដូចជា ឈើគ្រញូង ឈើនាងនួន ឈើខ្មៅ ។ល។ ដើមឫស្សីឃ្លៃ ឬដើមឫស្សីពីងពង់ គឺជាប្រភេទឫស្សីដែលមានប្រហោងរន្ធតូច សាច់ក្រាស់ត្រូវនឹងសំណុំប្រហោងរបស់ប៉ីអ ។ គេយកត្រឹមតែប្រវែង១សាច់ឫស្សី គ្មានជាប់ថ្នាំងមកធ្វើតួប៉ីអ ។ នៅលើតួប៉ីអមានចោះរន្ធសំនៀងច្រើនដូចជារន្ធសម្រាប់បិទក្រដាសមានមួយ (ខ្លះហៅថារន្ធហែប) សម្រាប់ឱ្យប៉ីអមានសំនៀងរ៉ែ ។ រន្ធហែបនេះគេចោះនៅចំហៀងតួប៉ីអ ។ មានរន្ធ៧ទៀតនៅចំពីលើតួ គឺជារន្ធសំនៀងចំដែលមានចន្លោះពីមួយទៅមួយតាមកម្រិតសំនៀងរបស់ខ្លួន ។ ចំពោះរន្ធសំនៀងនីមួយៗ អាចប្រើបានតែសំនៀងចំមួយគត់ និងសំនៀងចំហៀងមួយទៀតប៉ុណ្ណោះ មិនអាចប្រើសំនៀងបានច្រើនដូចរន្ធខ្លុយឡើយ ។
លាំ (អណ្តាត) សម្រាប់ផ្លុំឱ្យចេញសំនៀងធ្វើអំពីដើមប្របុស មិនចាស់ពេក មិនខ្ចីពេកមានប្រវែងក្រោម១០សង់ទីម៉ែត្រ ។ គេចិតគល់លាំឱ្យមានរាងជមល្មម និងស៊កទៅក្នុងប្រហោងតួប៉ីអឱ្យបានជាប់ ។ នៅខាងផ្លុំ គេកោសឱ្យស្តើង ហើយយកទៅកប់ក្នុងផេះក្តៅឱ្យទន់សាច់ប្របុស រួចគេគាបនឹងត្បុត ដើម្បីឱ្យសំប៉ែតដូចចំពុះទា ទុកយូរថ្ងៃឱ្យស្លាប់សាច់ ទើបគេដោះត្បុតចេញធ្វើយ៉ាងនេះ គឺដើម្បីកុំឱ្យវាបោរប៉ោងវិញបាន ។ គេយកលាំដែលគាបរួចហើយទៅត្រាំក្នុងទឹកកំបោរ និងម្ជូរយ៉ាងយូរ ដើម្បីកុំឱ្យសាច់ប្របុសរីកនៅពេលដែលគេរៀបផ្លុំ ។ លាំណាដែលមានចុងអណ្តាតគាបជាប់គ្នា គេត្រូវគាបពីទោលអណ្តាតមកវិញ ដោយឃ្នាបមួយតូចឱ្យប្រហោងហើបបន្តិចដើម្បីសម្រួលដល់សំនៀង ។ លាំណាដែលមានប្រហោងអណ្តាតហើបហើយ ក៏គេត្រូវប្រើឃ្នាបតូចៗ២ ឬ៣ (ហៅថាស្នាប់) ធ្វើអំពីបន្ទះផ្តៅតូចស្តើងដែរ ដើម្បីសម្រួលដល់ប្រហោងអណ្តាតតម្រូវតាមសំនៀងត្រូវការ ។
តាមធម្មតា ប៉ីអនៅតាមក្រុមភ្លេងនីមួយៗក្នុងប្រទេសកម្ពុជាមានកម្ពស់សំនៀងមិនស្មើគ្នាសុទ្ធសាធនោះទេ គឺអាស្រ័យមកពីទំហំប្រវែងប្រហោងសំនៀងមិនស្មើគ្នា ទៅតាមសំណុំលក្ខណៈឫស្សីដែលយកមកធ្វើជាតួប៉ីអនោះ ។ តន្ត្រីករដែលជាអ្នកធ្វើប៉ីអតាំងពីបរមបុរាណមកនៅតែគោរពក្បួនខ្នាតចោះរន្ធសំនៀងតាមបែបបុរាណដាច់ខាតមិនលម្អៀងឡើយ ។ ដោយយកខ្នាតជារបៀបកាច់បត់ជាផ្នត់មកចោះរន្ធ ។ គេយកខ្សែដែលមានប្រវែងស្មើនឹងប្រវែងតួប៉ីអមកបត់ជា១១ផ្នត់ស្នើៗគ្នា រួចគេចាប់លាផ្នត់ទាំងនោះដាក់លើតួប៉ីអ ដើម្បីវាស់រកចំណុចរន្ធសំនៀងនីមួយៗ ។
ពីត្រឹមកន្លែងស៊កលាំទៅរន្ធសំនៀងទី១ មាន២ផ្នត់ (២/១១) រន្ធទី២ មាន៣ផ្នត់ (៣/១១) រន្ធទី៣ មាន៤ផ្នត់ (៤/១១) រន្ធទី៤ មាន៥ផ្នត់ (៥/១១) រន្ធទី៥ មាន៥ផ្នត់ (៦/១១) រន្ធទី៦ មាន៥ផ្នត់ (៧/១១) រន្ធទី៧ មាន៥ផ្នត់ (៨/១១) និងពីររន្ធទី៧ ទៅចុងតួប៉ីអមាន៣ផ្នត់ (៣/១១) ប្រវែង៣ផ្នត់នៃចុងតួនេះ គេអាចកាត់ចុងចោលខ្លះដើម្បីជួយតម្រូវសំនៀងរន្ធទី៧ ប្រសិនបើសំនៀងនៃរន្ធនេះទាបពេកដោយមូលហេតុប្រហោងឫស្សីមិនល្អ ។ ចំណែករន្ធហែប (រន្ធបិទក្រដាស) នៅទន្ទឹមរន្ធទី១ពីចំហៀង រីឯរន្ធចំហៀង (រន្ធមានសំនៀងចំហៀង) នៅចំពាក់កណ្តាលរន្ធទី១ និងរន្ធទី២ ផ្នែកខាងក្រោម ៕
សារព័ត៌មានកោះសន្តិភាព ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១០
-------------------------------------------------------------------------------------------------------------
រឿងរ៉ាវដែលទំនាក់ទំនង៖
No comments:
Post a Comment