សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: 9/1/11

2011-09-27

អនុស្សរណោវាទ ចំពោះយុវជនអ្នកនៅវត្ត


ហៃពួកយុវជនអ្នកកំសត់
បើកុំបានវត្តជ្រកអាស្រ័យ
សមអ្នកនឹងឥតមានតម្លៃ
យប់ថ្ងៃហួសទៅឥតប្រយោជន៍។
គួរអ្នកកុំភ្លេចវត្តលំនៅ
ទោះអ្នកចេញទៅឆ្ងាយស្រឡោច
គួរដឹងគុណវត្តកុំបង្ហោច
ប្រយោជន៍និងផលផ្តល់ពុំខាន ។
បើមានគេសួរពីកាលរៀន
ចំណេះរបៀនទាំងប៉ុន្មាន
អ្នកកុំនិយាយបង្វែដាន
ត្រូវប្រាប់ថាបានចេះព្រោះវត្ត ។
កុំពោលបង្អួតពួកស្រីៗ
ត្រូវស្តីតាមត្រង់កុំបំភ្លាត់
បំផ្លែងបំផ្លើសបំភ្លេចវត្ត
ក្រែងទោសទាញទាត់ឲ្យវិនាស ។
បាយវត្តជាភោជន៍មានព្រលឹង
គួរនឹករំពឹងកុំទីសទាស
នាម៉ឺនមន្ត្រីមកពីរាស្ត្រ
គឺរាស្ត្រឡើងទៅជាមន្ត្រី ។
បាយផ្ទះបាយវត្តដូចជាគ្នា
ចម្អែតអាត្មាមានជីវី
ឆ្អែតហើយរៀនសូត្រចេះខ្ទេចខ្ទី
មុនីកើតមានដោយសារវត្ត ។
សាធុ! សូមឲ្យអ្នកបានសុខ
និរទុក្ខ និរភ័យ សិរីភ័ទ្រ​
ជាជនសប្បុរសរបស់រដ្ឋ
មានបែបមានបទប្រសើរហោង ។
                                      សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ
          ថ្ងៃទី ១៦ ខែឧសភា គ.ស. ១៩៦៣
          ទស្សនៈព្រះអង្គត្រង់កន្លែងនេះ បញ្ជាក់ឲ្យយើងដឹងថា ទ្រង់ពិតជាសមណៈមួយអង្គ មានព្រះទ័យអាណិតមេត្តាដល់យុវជនក្រីក្រសម្បើមណាស់ ហើយចង់ឲ្យតែខំរៀនសូត្រ កុំបណ្តែតបណ្តោយទៅតាមយថាកម្ម ដូចមនុស្សជំនាន់មុនទៀត ។

ថ្ងៃបូជា

ចុចត្រង់រូបភាព ដើម្បីអានខ្នាតពេញលេញ

2011-09-22

បុណ្យសែនដូនតា




បុណ្យភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ប្រកាន់ទំនៀមទម្លាប់តាមបែបដូនតា កំណត់យកថ្ងៃ បុណ្យកាន់បិណ្ឌ ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ និងថ្ងៃបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ១៥រោច ខេភទ្របទ ជារៀងរាល់ឆ្នាំ។
ក្នុងសម័យពុទ្ធកាល ពុំមានពាក្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌ នេះទេ មានតែពាក្យបវារណាបច្ច័យ៤  ទំនុកបំរុងបច្ច័យ៤ ។ ដូចនៅក្នុងគម្ពីរធម៌បទមាននិយាយអំពីរឿងរ៉ាវ ព្រះសម្ពុទ្ធ និងព្រះភិក្ខុសង្ឃគង់ចាំវស្សាហើយមានពុទ្ធបរិស័ទទំនុកបំរុងបច្ច័យ៤ អស់មួយត្រីមាស។ រីឯការកាន់បិណ្ឌក៏មិនកំណត់តែត្រឹម១៤ថ្ងៃយ៉ាងដូច្នេះដែរ គឺពុទ្ធបរិស័ទជំនាន់នោះចាប់កាន់បិណ្ឌ តាំងពីថ្ងៃចូលវស្សារហូតមកដល់ថ្ងៃចេញវស្សាទើបឈប់។
បុណ្យកាន់បិណ្ឌ

ក្នុងថ្ងៃកាន់បិណ្ឌទាំង១៤ថ្ងៃ ពុទ្ធបរិស័ទចំណុះជើងវត្តចែកវេនគ្នាជា១៤វេន ដើម្បីកាន់បិណ្ឌ។ កូនចៅបានរៀបចំទេយ្យទាននិងគ្រឿងបរិក្ខាផ្សេងៗ ជូនដល់មាតា-បិតា ជីដូន-ជីតា ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីចូលទៅកាន់បិណ្ឌ ក្នុងវត្តរបស់ខ្លួន។ ក្នុងគ្រានោះ លោកទាំងឡាយនឹងបានឱកាស ចំរើនភាវនា សមាទានសីល៥ សីល៨ ឬសីល១០ និងបានបំពេញកុសលផ្សេងៗ ដូចជា ការបំរើព្រះសង្ឃ និងបោសសំអាតវត្តអារាម មានព្រះវិហារ និងកុដិ ជាដើម។
ក្នុងវេននីមួយៗ វេលាយប់ មានប្រគេនភេសជ្ជៈចំពោះព្រះសង្ឃនិងចាស់ព្រឹទ្ធាចារ្យ កាន់សីល៨ឬសីល១០។ បន្ទាប់មក នមស្សការព្រះរតនត្រ័យ សមាទានសីល៥ ឬសីល៨ ឬសីល១០ និមន្តព្រះសង្ឃចំរើនព្រះបរិតនិងអារាធនាធម្មកថឹកមួយអង្គសំដែងធម្មទេសនា។ ពេលទៀបភ្លឺ បន្ទាប់អំពីថ្វាយបង្គំព្រះនិងចំរើនភាវនារួចមក ព្រះសង្ឃសូត្រធម៌បទបរាភវសូត្រ ឮសូរដ៏គ្រលួចគួរឱ្យស្រណោះ ជាបទបាលីយ៉ាងនេះថា បរាភវន្តំ បុរិសំ ........។ល។ ។ បន្ទាប់មកពុទ្ធបរិស័ទនាំគ្នាប្រគេនយាគូចំពោះព្រះសង្ឃ និងថ្ងៃត្រង់វេរភត្តប្រគេនព្រះសង្ឃ ដោយមានប័ង្សុកូលឧទ្ទិសកុសលចំពោះវិញ្ញាណជីដូនជីតា ញាតិកា៧សន្តាន និងបុព្វការីជនទាំងឡាយដែលបានចែកឋានបាត់ទៅហើយនោះផង។
បុណ្យភ្ជុំបិណ្ឌ

ថ្ងៃ១៥រោចខែភទ្របទ ជាថ្ងៃបុណ្យធំឬជាថ្ងៃបង្ហើយ។ កូនចៅទាំងឡាយដែលមិនបានមកដាក់បាត្រប័ង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជីដូនជីតា និងញាតិកា៧សន្តាន ក្នុងពេលកាន់បុណ្យទាំង១៤ថ្ងៃនោះ ព្រោះតែជាប់រវល់កិច្ចការ ក្នុងទីក្រុងឬខេត្តឆ្ងាយៗ ត្រូវតែធ្វើដំណើរទៅកាន់ស្រុកភូមិកំណើត ក្នុងថ្ងៃ១៥រោចនេះ ដើម្បីប្រារព្ធពីធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ និងញាតិមិត្ត ឱ្យបានសមរម្យតាមប្រពៃណី។
ពេលព្រឹកថ្ងៃ១៥រោច គេនាំគ្នាស្លៀកពាក់ស្អាតបាត យួរស្រាក់ម្ហូបអាហារ បង្អែម ចំអាប នំអន្សម នំគម នំជា នំឆ្នៃ យកទៅវេរប្រគេនព្រះសង្ឃនៅឯវត្ត និងប័ង្សុកូលឧទ្ទិសកុសលវិញ្ញាណក្ខន្ធដូនតា។ ពេលល្ងាច តាមតំបន់ខ្លះ មានរៀបចំពិធីសែនដូនតា។ លុះព្រឹកឡើងស្រាងៗថ្ងៃ១កើតខែអស្សុជ មានរៀបចំនំចំណី ផ្លែឈើ សណ្តែក ល្ង អង្ករ អំបិល ដាកក្នុងកូនទូក ធ្វើអំពីស្រទបចេក រួចហើយអុជទៀនធូបបណ្តែតដើម្បីជូនដំណើរដូនតា ត្រឡប់ទៅស្រុកវិញ។ គ្រួសារខ្លះ យកបាយបិណ្ឌទៅចោលក្នុងស្រែសែនឱ្យយក្ខិនី ព្រោះយក្ខិនីជាអ្នកដឹងថា ឆ្នាំណាមានភ្លៀងច្រើន ឆ្នាំណាមានភ្លៀងតិច ជាដើម(ទាក់ទងនឹងរឿងយក្ខិនីក្នុងគម្ពីរធម្មបទកថា ភាគ១)។ល។
បុណ្យភ្ជុំបិណ្ឌនេះ ជាប់ទាក់ទងទៅនឹងរឿងជាច្រើន ក្នុងគម្ពីរពុទ្ធសាសនា ដូចជា គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិទ្យាធរ និងគម្ពីរធម្មបទ ជាដើម។ ប៉ុន្តែ បុណ្យភ្ជុំបិណ្ឌ ដែលខ្មែរយើងធ្លាប់ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោចរហូតដល់ថ្ងៃ១៥រោចខែភទ្របទ ពុំដែលអាកខាននោះ ក៏ព្រោះតែប្រារព្ធនូវរឿងពួកប្រេត ដែលត្រូវជាញាតិរបស់ព្រះបាទពិម្ពិសារ ជាហេតុ។
ក្នុងគម្ពីរព្រះធម្មបទភាគទី១ មានរឿងបញ្ជាក់មកថា៖ នៅក្នុងកប្បទី២៩(កន្លងពីភទ្ធកប្បនេះមក) មានព្រះសម្មាសម្ពុទ្ធព្រះនាម ផុស្សៈបានកើតឡើងក្នុងលោក។ ព្រះអង្គជាព្រះរាជបុត្រ នៃព្រះបាទជ័យសេននិងព្រះនាងសិរីមា សោយរាជ្យក្នុងនគរកោសីកៈ។ ព្រះបាទជ័យសេនទ្រងមានព្រះរាជបុត្រ៣ព្រះអង្គដែលមានព្រះមាតាទីទៃៗពីគ្នា មានបុគ្គលអ្នកថែឃ្លាំង មាននាយស្មៀនត្រួតត្រាជនបទ ព្រមទាំងពួកបរិវារជាច្រើន។ នាយស្មៀនបានសាងព្រះវិហារថ្វាយព្រះសាស្តាផុស្សៈ តាមព្រះរាជបំណងរបស់ព្រះរាជឱរសទាំង៣អង្គរបស់ព្រះអង្គ និបានយាងព្រះបាទជ័យសេនមក ដើម្បីវេរព្រះវិហារនោះ ថ្វាយព្រះសាស្តា។ ក្នុងថ្ងៃធ្វើបុណ្យឆ្លងព្រះវិហារនោះ ព្រះរាជាទ្រង់បានចំណាយទ្រព្យ ឱ្យបុគ្គលអ្នកថែរក្សាឃ្លាំង និងនាយស្មៀន ចាត់ចែងនូវខាទនីយភោជនីយាហារ ថ្វាយដល់ព្រះសាស្តាផុស្សៈ នងព្រះភិក្ខុសង្ឃ ជាសាវកចំនួន៩ម៉ឺនអង្គ អស់មួយត្រៃមាស នៅក្នុងព្រះវិហារនោះ។ អ្នកថែរក្សាឃ្លាំងនិងភរិយា នាយស្មៀននិងភរិយា ព្រមទាំងញាតិមិត្តមួយចំនួនមានចិត្តសទ្ធាជ្រះថ្លា បានថ្វាយទានដោយសេចក្តីគោរព។ ប៉ុន្តែ ពួកជនមួយចំនួនដែលត្រូវជាញាតិរបស់នាយស្មៀន ជាមនុស្សមានចិត្តលោភ បានធ្វើអន្តរាយដល់ទេយ្យទាន គឺបាននាំគ្នាបរិភោគនូវអាហារ ដែលគេដំកលទុកសម្រាបវេរប្រគេនចំពោះព្រះភិក្ខុសង្ឃនោះមុន។ លុះដល់ពួកជនទាំងនោះ បានធ្វើកាលកិរិយា ស្លាប់អំពីមនុស្សលោកយើងនេះទៅ ក៏បានទៅចាប់កំណើតក្នុងបេតវិស័យ នៅក្នុងឋាននរកគឺកើតជាពួកប្រេត ហើយបានទទួលនូវសេចក្តីទុក្ខវេទនា យ៉ាងក្រៃលែង។ ព្រោះតែកម្មផលដ៏អាក្រក់ ដែលខ្លួនបានប្រព្រឹត្តជាយូរអង្វែងនៅក្នុងបេតវិស័យនោះ។ រីឯព្រះរាជឱរសទាំង៣អង្កនិងបរិវារ ព្រមទាំងអ្នករក្សាឃ្លាំងនិងនាយស្មៀនបានទៅកើតក្នុងឋានសួគ៌។
លុះមកដល់សាសនាព្រះពុទ្ធ ព្រះនាម កកុសន្ធោព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងអស់នោះ ក៏បាននាំគ្នាទៅក្រាបទូលសួរព្រះអង្គថា៖ បពិត្រព្រះអង្គដ៏ចំរើន! ពួកយើងខ្ញុំទាំងឡាយជាពួកប្រេតមានសេចក្តីស្រេកឃ្លាននូវចំណីអាហារខ្លាំងណាស់ ព្រោះតែអត់នូវចំណីអាហារ អស់កាលជាយូរអង្វែងមកហើយ តើដល់ពេលណាទៅ ទើបពួកយើងខ្ញុំទាំងឡាយ នឹងបានបរិភោគនូវចំណីអាហារ?”
ព្រះពុទ្ធព្រះនាមកកុសន្ធោទ្រង់បានឆ្លើយតបទៅពួកប្រេតទាំងនោះថា៖ នៅក្នុងសាសនារបស់យើងនេះ ពួកអ្នកទាំងអស់គ្នា មិនបានទទួលនូវចំណីអាហារ ដើម្បីនឹងបរិភោគទេ ចាំទទួលសួរនឹងព្រះពុទ្ធជំនាន់ក្រោយទៀតចុះ!
លុះដល់ផែនដីដុះបាន១យោជន៍ ទើបព្រះពុទ្ធមួយព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោកព្រះនាម កោនាគមនោ។ ពួកប្រេតទាំងនោះក៏បាននាំគ្នាចូលទៅបង្គំទូលសួរដូចពីកាលលើកមុនទៀត ព្រះពុទ្ធព្រះនាម កោនាគមនោ ទ្រង់បានឆ្លើយដូចជាព្រះពុទ្ធអង្គមុនៗនោះដែរ។
លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើបព្រះពុទ្ធមួយព្រះអង្គព្រះនា កស្សបៈកើតឡើងក្នុងលោក។ ក្នុងគ្រានោះ ពួកប្រេតទាំងអស់ក៏ចូលទៅក្រាបបង្គំទូលសួរព្រះកស្សបៈថា៖ បពិត្រព្រះអង្គដ៏ចំរើន! ធ្វើដូចម្តេចហ្ន៎ពួកយើងខ្ញុំគប្បីនឹងបាននូវសម្បត្តិយ៉ាងនេះ?”
ព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈក៏ទ្រង់ត្រាស់ថា៖ នៅក្នុងសាសនារបស់យើងនេះ ពួកអ្នកទាំងអស់គ្នា មិនអាចនឹងទទួលនូវចំណីអាហារ សម្រាប់បរិភោគបានទេ ចាំដល់សាសនារបស់ព្រះពុទ្ធព្រះនាម គោតម ជំនាន់ក្រោយ ពួកអ្នកនឹងបានបរិភោគនូវចំណីអាហារ ដែលព្រះរាជាព្រះនាម ពិម្ពិសារទ្រង់បានបំពេញព្រះរាជកុសល ធ្វើបុណ្យឧទ្ទិសមគ្គផល បញ្ជូនមកឱ្យពួកអ្នកទាំងឡាយ ក្នុងកាលនោះ ពួកអ្នកទាំងឡាយនឹងបានទទួលហើយ។ ចូរអ្នកទាំងឡាយរង់ចាំសួរព្រះពុទ្ធអង្គជំនាន់នោះចុះ!
លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើប ព្រះសមណគោតម គឺព្រះសម្មាម្ពុទ្ធ នៃយើងសព្វថ្ងៃនេះ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក។ ក្នុងពុទ្ធប្បាទនេះ ព្រះរាជឱរសទាំង៣ព្រះអង្គរបស់ព្រះបាទជ័យសេន បានច្យុតចុះអំពីឋានសួគ៌មកកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងទីក្រុងមគធៈ ជាជដិលឧរុវេលកស្សប ៣នាក់បងប្អូន។ បុរសអ្នកថែរក្សាឃ្លាំងបានកើតជាមហាសេដ្ឋីឈ្មោះ វិសាខៈ និងភរិយារបស់គាត់បានកើតជានាងភិក្ខុនី ធម្មទិន្នា។ រីឯនាយស្មៀនបានកើតជាស្តេចព្រះនាម ព្រះបាទពិម្ពិសារ។ បរិស័ទសេសសល់បានកើតជាបរិវាររបស់ព្រះរាជា។
កាលព្រះអង្គបានសម្រេចនូវព្រះសម្មាសម្ពោធិញាណហើយ ព្រះសមណគោតមបានប្រោសព្រះបាទពិម្ពិសារ និងពួកបរិវារជាព្រាហ្មណ៍ និងជាគហបតីទាំងឡាយ ឱ្យនូវក្នុងសោតាបត្តិផល ក្នុងឱទ្យានឈ្មោះលដ្ឋិវ័ន។ ព្រះរាជាទ្រង់សព្វព្រះទ័យអារាធនាព្រះពុទ្ធ ដើម្បីទទួលភត្តឬមហាទាន ក្នុងព្រះរាជវាំង ក្នុងថ្ងៃពេញបូណ៌មីក្រោយមកទៀ។
ប្រេតទាំងនោះ ក៏នាំគ្នាទៅបង្គំទូលសួរចំពោះព្រះសមណគោតម ហើយព្រះអង្គក៏ទ្រង់ឆ្លើយថា៖ នៅក្នុងសាសនារបស់តថាគតនេះ ពួកអ្នកទាងឡាយនឹងបានបរិភោគនូវចំណីអាហារហើយ គឺនៅពេលណាដែលព្រះមហាក្សត្រ ព្រះនាមពិម្ពិសារ ដែលធ្លាប់ជាញាតិសាលោហិតរបស់អ្នកទាំងឡាយ ទ្រង់បានបំពេញព្រះរាជកុសលថ្វាយទាន ចំពោះតថាគត ព្រមទាំងភិក្ខុសង្ឃ ហើយព្រះអង្គទ្រង់ឧទ្ទិស នូវព្រះរាជកុសលជូនដល់អ្នកទាំងឡាយៗនឹងបានទទួលនូវចំណីអាហារនាពេលនោះឯង។
នៅថ្ងៃពេញបូណ៌មី ដែលព្រះបាទពិម្ពិសារ ព្រះចៅនគរមគធៈទ្រង់បានបំពេញនូវព្រះរាជកុសលថ្វាយមហាទានដល់ព្រះពុទ្ធនិងភិក្ខុសង្ឃនៅគ្រាដំបូងនោះ ព្រះរាជាទ្រង់មិនបានឧទ្ទិសនូវបុណ្យកុសលបញ្ជូនទៅឱ្យពួកប្រេតទាំអស់នោះទេ ព្រោះព្រះរាជាទ្រង់រវល់តែព្រះចិន្តា នៅទីគង់របស់ព្រះសាស្តា៖ តើព្រះមានព្រះភាគ គប្បីគង់នៅទីណាហ្ន៎?” ដូច្នេះហើយ ទើបទ្រង់មិនបានឧទ្ទិសនូវព្រះរាជកុសល ជូនទៅដល់ពួកប្រេតទាំងអស់នោះ។
ពួកប្រេតទាំងឡាយ ដែលព្រះបាទពិម្ពិសារ មិនបានឧទ្ទិសបញ្ជូនកុសលទៅឱ្យនោះកើតទុក្ខអស់សង្ឃឹម ក៏នាំគ្នាស្រែកទ្រហោយំយ៉ាងទ្រហ៊ឹងអឹងកង ឮសូរសម្លេងប្លែកៗខ្លាំងៗ គួរឱ្យភ័យខ្លាច់ជាទីបំផុតនៅជុំវិញព្រះបរមរាជវាំង នៅក្នុងរាត្រីកាលនោះឯង។
ព្រះបាទពិម្ពិសារទ្រង់សណ្តាប់នូវសម្លេងស្រែកទ្រហោយំគួរឱ្យភ័យខ្លាចរបស់ពួកប្រេតនោះហើយ ទ្រង់មានព្រះទ័យភ័យរន្ធត់យ៉ាងក្រៃលែង ព្រោះខ្លាចមានក្តីអន្តរាយកើតមានដល់ព្រះរូបកាយព្រះអង្គផ្ទាល់។
លុះព្រឹកឡើង ទើបស្តេចយាងចូលទៅកាន់វត្តវេឡុវ័ន ហើយក៏ក្រាបថ្វាយបង្គំទូលសួរ ចំពោះនឹងព្រះសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ថា៖ បពិត្រព្រះអង្គដ៏ចំរើន! នៅក្នុងរាត្រីយប់មិញនេះ ទូលព្រះបង្គំបានឮនូវសម្លេងស្រែកទ្រហោយំ យ៉ាងទ្រហ៊ឹងអឹងកង គួរឱ្យភ័យខ្លាចពន់ពេកណាស់ នៅជុំវិញព្រះរាជតំណាក់នៃទូលព្រះបង្គំ តើហេតុការណ៍អ្វី នឹងកើតមានដល់ទូលព្រះបង្គំឬ?”
គ្រានោះ ព្រះពុទ្ធទ្រង់ត្រាស់ថា៖ បពិត្រមហារាជ! សូមស្តេចកុំមានព្រះទ័យភ័យខ្លាចអ្វីឡើយ។ មិនមានហេតុអន្តរាយណាមួយកើតឡើងដល់ព្រះមហារាជទេ។ សម្លេងដែលស្រែកទ្រហោយំ នៅក្នុងរាត្រីយប់មិញនេះ គឺជាសូរសម្លេងនៃពួកប្រេតដែលត្រូវជាញាតិសាលោហិតរបស់ព្រះអង្គ។ ពួកប្រេតទាំងឡាយនោះ គ្នាអត់ចំណីអាហារបរិភោគរាប់កោដិរាប់លានឆ្នាំ កន្លងមកហើយ។ ពួកគេបានមកស្រែកយំ កងរំពងយ៉ាងនេះក៏ដើម្បីមកស្វែងរកនូវចំណីអាហារបរិភោគអំពីព្រះអង្គ ព្រោះថាពួកប្រេតទាំងអស់នេះនឹងបានទទួលនូវចំណីអាហារបរិភោគក្នុងសាសនារបស់តថាគតនេះហើយ។ ប៉ុន្តែកាលពីម្សិលមិញនោះ ព្រះមហារាជបានថ្វាយទានដល់តថាគត ព្រមទាំងភិក្ខុសង្ឃទាំងឡាយហើយ តែព្រះមហារាជមិនបានផ្សាយនូវព្រះរាជកុសលឧទ្ទិសផលបុណ្យបញ្ជូនទៅឱ្យពួកប្រេតទាំងអស់នោះទើបពួកគេមកស្រែកទ្រហោយំយ៉ាងខ្លាំងដូច្នេះឯង។
ព្រះបាទពិម្ពិសារទ្រង់ព្រះសណ្តាប់យ៉ាងដូច្នេះហើយ ទើបទ្រង់ចាប់ប្រារព្ធបំពេញ នូវព្រះរាជកុសលថ្វាយទាន ដល់ព្រះពុទ្ធនិងព្រះភិក្ខុសង្ឃទាំងឡាយ សារជាថ្មីម្តងទៀត ជាគំរប់លើកទី២ មានបាយ ទឹក នំចំណី ម្ហូបអាហារ សំពត់អាវ ត្រៃចីវរ ជាដើម។ ស្តេចទ្រង់បានតាំងព្រះទ័យយ៉ាងជ្រះថ្លាបរិសុទ្ធ ផ្សាយនូវព្រះរាជកុសលផលបុណ្យ ក្នុងគ្រាទី២នេះ ឧទ្ទិសជូនដល់ពួកប្រេតទាំងអស់នោះ ដោះយព្រះកុសលចេតនាថា៖ ដោយកុសលផលបុណ្យទាំងឡាយ ដែលយើងបានបំពេញរួចមកហើយនេះ សូមឱ្យពួកអ្នកទាំងឡាយបានទទួលនូវកុសលផលបុណ្យរបស់យើងនោះ មួយចំណែកផង។ សូមឱ្យអ្នកទាំងឡាយបានទទួលយកនូវ បាយទឹក នំចំណី ម្ហូបអាហារ សំពត់អាវសាវស្បាយជាដើមនេះ ថាទុកដូចជារបស់នៃខ្លួន ហើយសូមឱ្យពួកអ្នកទាំងឡាយ បានបរិភោគនូវ បាយទឹក នំចំណី ម្ហូបអាហារ និងបានស្លៀកពាក់នូវសំលៀកបំពាក់ទាំងនេះ មួយចំណែកផង និងមួយចំណែកទៀត សូមឱ្យពួកអ្នកទាំងឡាយបានរួចរំដោះផុតចាកទុក្ខទោសភ័យចាកទុក្ខវេទនាទាំងឡាយទាំងពួង ហើយសូមឱ្យបានទៅកើតនៅក្នុងទីដ៏ខ្ពង់ខ្ពស់ គឺសុគតិភព តាមសេចក្តីប្រាថ្នារៀងៗខ្លួន។
ក្នុងគ្រានោះ ព្រះសមណគោតមទ្រង់ធ្វើ នូវអនុមោទនា ដោយ តិរោកុឌ្ឌសូត្រ ថា៖ តិរោកុឌ្ឌេសុ តិដ្ឋន្តិ . . . . .។ល។” ប្រែថា៖ ពួកប្រេតទាំងឡាយមកកាន់ផ្ទះនៃញាតិ ដោយគិតថាជាផ្ទះរបស់ខ្លួនក៏ឈរនៅខាងក្រៅ ជិតជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជាបួនខ្លះនិងផ្លូវបែកជាបីទាំងឡាយខ្លះ ឈរជិតទ្វារក្រុងនិងជិតទ្វារផ្ទះទាំងឡាយខ្លះ។
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ភាវៈនៃញាតិ ជាគាថាទី២យ៉ាងនេះថា៖ កាលបើ បាយ ទឹក បង្អែមនិងចម្អាប ដ៏ច្រើនដែលពួកញាតិ ចូលទៅតាំងទុកហើយ ញាតិណាមួយមិនបាននឹករឭកដល់ប្រេតទាំងឡាយនោះទេ ព្រោះតែកម្មរបស់សត្វទាំងនោះជាបច្ច័យ។
បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាគាថាទី៣យ៉ាងនេះថា៖ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះរមែងឧទ្ទិសឱ្យនូវទឹកនិងភោជនដ៏ហ្មត់ចត់ដ៏ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយ យ៉ាងដូច្នេះដែរ។
បន្ទាប់មក ព្រះសាស្តាទ្រាង់សម្តែងអំពី ទានដែលព្រះរាជាទ្រង់បានប្រទានរួចហើយដល់ពួកប្រេត ជាកន្លះគាថាខាងដើមនៃព្រះគាថាទី៤យ៉ាងនេះថា៖ ទាននេះ ចូរបានសម្រេចដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយដល់នូវសេចក្តីសុខចុះ។
បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាកន្លះគាថា ខាងចុងនៃព្រះគាថាទី៤ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៥ យ៉ាងដូច្នេះថា៖ ចំណែកឯពួកប្រេតដែលជាញាតិទាំងនោះមកប្រជុំគ្នាក្នុងទីដែលឱ្យទាននោះ ជាអ្នកមកល្អហើយ។ កាលបើបាយនិងទឹក ដ៏ច្រើនដែលគេឧទ្ទិសឱ្យដល់ខ្លួន គប្បីអនុមោទនាដោយគោរពចុះ។
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ទាយកជាកន្លះគាថាខាងចុងនៃព្រះគាថាទី៥ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៦ យ៉ាងដូច្នេះថា៖ យើងទាំងឡាយបានទទួលនូវសម្បត្តិ(ផលបុណ្យ) ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិទាំងឡាយរបស់យើងនោះរស់នៅអស់កាលជាយូរអង្វែងចុះ។ ការបូជាឈ្មោះថាពួកញាតិបានធ្វើហើយដល់ពួកយើង។ ឯទាយកគឺអ្នកឱ្យទានក៏មិនមែនជាអ្នកឥតមានផលឡើយ។
បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់នូវគាថាទី៧ រួមទាំងកន្លះគាថាខាងចុងនៃព្រះគាថាទី៦ផងយ៉ាងដូច្នេះថា៖ កសិកម្ម គឺការភ្ជួររាស់ក៏មិនមាននៅក្នុងភូមិ នៃប្រេតនោះ។ គោរក្ខកម្ម គឺការរក្សាគោក៏មិនមាននៅក្នុងភូមិនៃប្រេតនោះ។ ពានិជ្ជកម្ម គឺការជួញប្រែដែលជាហេតុបានទទួលសម្បតិដូច្នោះក៏មិនមាន ការលក់ចេញទិញចូលដោយប្រាក់ ក៏មិនមានដែរ។ បុគ្គទាំងឡាយដែលធ្វើកាលកិរិយាលះលោកនេះទៅហើយរមែងញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅក្នុងបេតវិស័យនោះ ដោយសារផលទាន ដែលញាតិមិត្របានឧទ្ទិសឱ្យហើយ អំពីលោកនេះ។
បន្ទាប់មក ព្រះសាស្តាទ្រង់ប្រកាសនូវសេចក្តីដែលទ្រង់ត្រាស់រួចហើយ ដោយឧបមា២យ៉ាង ជាគាថាដូច្នេះថា៖ ទឹកធ្លាក់ចុះអំពីទីទួលរមែងហូរទៅកាន់ទីទំនាបដូចម្តេចមិញ ទានដែលបុគ្គលបានអោយហើយអំពីលោកនេះ រមែងសម្រេចផល ដល់ពួកប្រេតទាំងឡាយ ក៏ដូច្នោះដែរ។ ផ្លូវទឹកទាំងឡាយមានទន្លេនិងស្ទឹងជាដើម ដ៏ពេញ រមែងញ៉ាំងសាគរគឺសមុទ្រឱ្យពេញប្រៀបដូចម្តេចមិញ ទានដែលបុគ្គលបានឱ្យហើយអំពីលោកនេះ រមែងសម្រេចផលដល់ពួកប្រេតទាំងឡាយក៏ដូច្នោះដែរ។
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ឧបការគុណ ជាព្រះគាថាទី១០យ៉ាងនេះថា៖ បុគ្គលកាលបើរឭកនឹកឃើញ នូវឧបការគុណដែលញាតិមិត្រជាដើមបានធ្វើដល់ខ្លួនក្នុងកាលមុនថា អ្នកឯណោះបានឱ្យរបស់នេះដល់អាត្មាអញ អ្នកនោះឯងបានធ្វើនូវគុណនេះដល់អាត្មាអញ ជនទាំងនោះ ត្រូវជាញាតិមិត្រ ជាសម្លាញ់របស់អាត្មាអញ ដូច្នេះហើយ គួរឱ្យនូវទក្ខិណាទានដល់ពួកប្រេតទាំងឡាយ។
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ការឥតប្រយោជន៍ជាព្រះគាថាទី១១យ៉ាងដូច្នេះថា៖ ការយំក្តី ការសោកសៅក្តី ឬសេចក្តីខ្សឹកខ្សួលណាដទៃក្តី បុគ្គលមិនគួរធ្វើឡើយ ព្រោះកិច្ចមានការយំស្រែកសោកសៅជាដើមនោះ មិនមានប្រយោជន៍ទៅដល់អ្នកបានស្លប់ទៅកាន់បរលោកឡើយ។ ញាតិទាំងឡាយដែលទៅកាន់បរលោកនោះ ក៏ឋិតនៅយ៉ាងនោះដដែល ឥតបានដឹងឬបានឮឡើយ។
បន្ទាប់កម ព្រះសាស្តាទ្រង់សម្តែងអំពី ភាពនៃទក្ខិណាដែលព្រះរាជាទ្រង់បានប្រទានហើយ ជាទានមានប្រយោជន៍ ដោយព្រះគាថាទី១២យ៉ាងនេះថា៖ លុះត្រាតែទក្ខិណាទាន ដែលបុគ្គលបានឱ្យហើយនេះឯង ជាទានបានដម្កល់ទុកដ៏ល្អប្រពៃហើយ ក្នុងព្រះសង្ឃ ទើបបានសម្រេចផលដោយរួសរាន់ ដើម្បីជាប្រយោជន៍ដល់ញាតិ(ពួកប្រេត)ទាំងឡាយនោះ អស់កាលជាយូរអង្វែង។
កាលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សរសើរព្រះរាជា ដោយគុណតាមសេចក្តីពិត រួចស្រេចហើយ ទើបព្រះអង្គត្រាស់ជាព្រះគាថាទីបញ្ចប់(ទី១៣) យ៉ាងដូច្នេះថា៖ ញាតិធម៌នោះឈ្មោះថាព្រះមហាបពិត្រ(ព្រះបាទពិម្ពិសារ) ទ្រង់បានសម្តែង ជាបែបយ៉ាងហើយ។ ការបូជា ដ៏ថ្លៃថ្លាចំពោះពួកប្រេតទាំងឡាយ ឈ្មោះថាព្រះអង្គបានធ្វើឱ្យរួចហើយ។ កម្លាំងកាយនៃព្រះភិក្ខុសង្ឃទាំងឡាយ ឈ្មោះថាព្រះអង្គបានបំពេញឱ្យហើយ។ បុណ្យដ៏ច្រើន ក៏ព្រោះមហារាជបានសន្សំទុកហើយ។
ដោយអំណាចនៃកុសលផលបុណ្យ ដែលព្រះបាតពិម្ពិសារទ្រង់បានឧទ្ទិសផ្សាយ ទៅឱ្យពួកប្រេតទាំងឡាយ នៅក្នុងឱកាសនោះ ក៏បានទទួល នូវផលបុណ្យនោះភ្លាមមួយរំពេច ហើយបានរួចចាកផុតអំពីសេចក្តីស្រេកឃ្លាន និងសេចក្តីទុក្ខទោសផ្សេងៗ បានទាំងទៅកើតក្នុងសុគតិភព ដែលជាឋានប្រកបនូវសេចក្តីសុខ សេចក្តីចំរើនគ្រប់យ៉ាង។
ពេលដែលព្រះសាស្តាទ្រង់បញ្ចប់ព្រះធម៌ទេសនា ដោយព្រះគាថាជាយ៉ាងនេះ មនុស្ស៨ម៉ឺន៤ពាន់នាក់ កើតមានសេចក្តីសង្វេគ ព្រោះការពណ៌នានូវទោសនៃការកើតក្នុងបេតវិស័យ ហើយក៏នាំគ្នាប្រារព្ធសេចក្តីព្យាយាម រហូតបានសម្រេចធម៌គ្រប់ៗគ្នា។
ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ២០០០
 ដោយ៖ខ្មែរថេរវាទ
-----------------------------------------------------------------------
អត្ថបទទំនាក់ទំនងសូមចុចទីនេះ>>>

2011-09-19

អត្ថបទសម្រាប់អប់រំ

ពាក្យកាព្យបុរាណ

ពាក្យកាព្យបុរាណ
          របស់លោកអ្នកឧកញ៉ា វង្សាសរពេជ្ញ នង  បានប្រែចេញពីបាលី ហើយនិពន្ធ ជាពាក្យឃ្លោង តាំងពីក្នុងរជ្ជកាលព្រះបាទសម្តេចព្រះហរិរក្ខមារា ព្រះអង្គឌួង ព្រះពុទ្ធវង្ស ម៉ី អាំងស្បិចទ័រ និង ព្រះគ្រូវិមលបញ្ញា អ៊ុម-ស៊ូរ អាចារ្យក្នុងរាជបណ្ណាល័យ បានយកមកពិនិត្យផ្ទៀងផ្ទាត់ ឲ្យបានត្រឹមត្រូវល្អឡើង ។
~~~~~~~
បាណាតិបាត
នាអ្នកនេសាទ
ចិត្តចោរចោតចង់
ពិឃាដម្រឹគា   
មច្ឆានូវអង្គ
មនុស្សសត្វឲ្យបង់

ឲ្យបាត់ជន្មា ។

អ្នកនោះនឹងទៅ      
រងបាបក្តាត់ក្តៅ
លំបាកនៅនា
សញ្ជីពនរក           
ទល់ទុក្ខឈឺផ្សា
ទុរន់ទុរា

រូបរងយូរក្រៃ ។

យម្ភូបាលបោះ      
ទៅក្នុងភ្លើងស្មោះ        
ឆុរឆេះក្សិណក្ស័យ
ហើយរស់រូបវឹង     
កុំដឹងភិតភ័យ
ថាវិលមកព្ធ

ដល់មាត់រណ្តៅ ។

យម្ភូបាលបរ          
ចោមចាក់នឹងស្នរ      
មូលច្បូកដែកក្តៅ
ចាក់នឹងលំពែង      
ស៊កសែងចោលទៅ 
ក្នុងទីរណ្តៅ

ភ្លើងភ្លឺពុំក្សាន្ត ។

កំណត់ជន្មា            
នរកនោះហា              
រយឆ្នាំប្រមាណ
គិតគណនាឆ្នាំ       
ត្រូវប្រាំបួនលាន         
មនុស្សនេះទើបបាន

មួយថ្ងៃនរក ។

លង់លុះរំដោះ
ពីនរកនោះ
មកមិនដែលសុខ
កើតជាមច្ឆា
មាន់ទាជ្រូកស្រុក
គេកាប់សាច់លក់

ប្រាំរយជាតិជាក់ ។

ទៀងទើបកើតជា
មនុស្សមានទោសា
គេបាញ់គេចាក់
គេដោតគេកាប់
សម្លាប់ឥតអាក់
ប្រាំរយជាតិជាក់

ពិតពុំសុខអង្គ ។

ទើបយកជាតិជា
មនុស្សមានរោគា
ដំបៅពកឃ្លង់
ជាមនុស្សគមគាក់
ភ្នែកខ្វាក់ខ្វិនខ្វង់
ក្ងែងក្ងង់

ក្ងួរអប្រិយ ។

បើបានជាតិមុន
ត្បិតផលជាតិមុន
បានសាងមកក្តី
ពៀរកម្មអាត្មា
ឲ្យអាយុខ្លី
ពុំយឺនជីវី

ជីវិតដល់ចាស់ ។

ទោះទុក្ខធ្វេសធ្វើ
កាយកម្មបាបបើ
បោះបង់ក្រឡាស់
ប្រលាប់លែងលាប
ប្រែប្រេះរហ័ស
ដឹងដោយធម៌ច្បាស់

គន់គិតយង់យល់ ។

ខ្លាចបាបខ្មាសបាប
ចៀសចាកដរាប         
ជីវិតសត្វសល់
ពិតពុំគណនា
រក្សាតម្កល់
ចិត្តចាំសីលផល

បាណាតិបាត ។

បានទៅកើតនា
សួគ៌ចាតុមហា
រាជិកាជាតិ
ជាអង្គទេវបុត្រ
បរិសុទ្ធស្អាត
ស្ថិតលើប្រាសាទ

ប្រាំពីរយោជន៍គត់ ។

ស្រីទេពកញ្ញា  
ប្រាំរយអង្គា
បម្រើបាទបត់
ចូលបង្គំគាល់
រៀងរាល់ប្រាកដ         
ប្រកបកំណត់

កំណាន់សព្វថ្ងៃ ។

ប្រាំរយឆ្នាំគត់  
ទើបទេពច្យុត            
មកកើតនៅព្ធ
ត្រកូលក្សត្រិ៍យក្សាន្ត
សន្តានថ្លាថ្លៃ
រូបរាងល្អក្រៃ

មានលក្ខណាក្តាត់ ។

មានកម្លាំងលន់
មានចិត្តទោរទន់
ប្រណីទុក្ខសត្វ
មានកូនមានចៅ
ញាតិផៅពុំព្រាត់
ពុំប្រាសខ្ចាយខ្ចាត់

ជាសុខដល់ចាស់ ។

ពុំដែលក្សិណក្ស័យ
ជីវិតប្រាល័យ  
ដោយគ្រឿងសហាស
បានបរិពារពេក
អនេកច្រើនណាស់
ឥតទុក្ខទោសទាស់

ឥតព្យាធិ៍រោគា ។

ឥតមានសត្រូវ
កំណាចភ្យាតភ្យូវ
បៀតបៀនបណ្ឌា
អាយុយឺនយូរ
បរិបូណ៌ជន្មា
នេះផលបាណា

តិបាតប្រធាន ។

អទិន្នាទានា
មនុស្សលួចទ្រព្យា
គេគិតចង់បាន
បំបាត់បញ្ឆោត 
បំពោតបំពាន
បំពារអាងមាន

យសសក្តិខូវខំ ។

លុះលែងជាតិទៅ
នរកនាមហៅ
កាឡសូតអស់យម
ភូបាលចាប់ចង
ធាក់ផងដាល់ដំ
ឈឺផ្សាពេកពុំ

សុខសោយទុក្ខា ។

ទើបយកបន្ទាត់
ដែកដុតមកផ្ទាត់
សុខសព្វកាយា
ខ្លះយករណា
មកអារអង្គា    
ពុះពីសិរសា

ទល់ទុក្ខទោរទន់ ។

ឈាមហូរសស្រាក់
ស្រែកយំឥតអាក់
ភិតភ័យភាំងភាន់
នៅនានរក
រងទុក្ខកំណាន់
កំណត់មួយពាន់

ឆ្នាំទើបរំដោះ ។

មួយពាន់ឆ្នាំត្រៃ
ត្រិង្សទើបមួយថ្ងៃ
នានរកនោះ
យូរពន់ប្រមាណ
លុះបានរួចស្មោះ
ពីនរកនោះ

មកជាប្រែតបាន ។

កំពស់ត្នោតលៃ
រូបអាក្រក់ក្រៃ
រកអ្វីស៊ីគ្មាន
ស៊ីសឹងតែលាមក
ជាទុក្ខអត់ឃ្លាន
ប្រាំរយជាតិបាន

មកកើតជាមនុស្ស ។

កំសត់ពិបាក
អត់ឃ្លានតោកយ៉ាក
ទុគ៌តទុយ៌ស
ដើរសូមទានស៊ី
ឥតគេសប្បុរស
ក្សិណខ្សត់របស់

ប្រាំរយជាតិទៀត ។

មានទ្រព្យតិចតួច
ចោរចាំលបលួច         
បានបាត់បង្សៀត
កើតជាខ្ញុំគេ
ម្ចាស់ជេរវាយទៀត
បាបត្បិតបៀនបៀត

ទ្រព្យអ្នកដទៃ ។

បើអ្នកឯណា
មួយមានប្រាជ្ញា
ជវនវាងវៃ
វៀរចាកទិន្នា
ទានជាបច្ច័យ
មគ្គផលអាស្រ័យ

សមានបរិភោគ ។

វៀរជំនួញប្រាំ
ប្រការចងចាំ
ចិត្តចេះអធ្យោគ
អធ្យាស្រ័យយល់
ទៅដល់បរលោក
ខ្លាចកម្មទុក្ខសោក      

ដិតដល់អាត្មា ។

អ្នកនោះនឹងបាន
ទៅកើតនៅស្ថាន
សួគ៌ត្រៃត្រឹង្សា
មានទេពអប្សរ 
បវរកញ្ញា
មួយពាន់ចោមជា

បរិវារគង់គាល់ ។

ឋិតវិមានខ្ពស់
ប្រមាណទ្វាទស      
យោជន៍យល់ឆើតឆាយ
ត្រដែតត្រដួច
បង្គួចរៀងរាល់ 
សឹងមានពិព័រណ៍

ពិពិធរចនា ។

សោយសុខប្រមាណ
មួយពាន់ឆ្នាំមាន
ទើបយកជាតិជា
ត្រកូលក្សត្រិយ៍ក្សាន្ត
មែនមានប្រាជ្ញា
ធនធានសក្តា

ច្រើនពន់ពេកក្រៃ ។

ទើបយកជាតិជា
ត្រកូលនៃមហា
សេដ្ឋីប្រពៃ
មានទ្រព្យរបស់
សក្តិយសថ្លាថ្លៃ
ឥតអ្នកដទៃ

ណានឹងបៀតបាន ។

ទោះចោរខ្មួញខ្មាំង
សត្រូវបៀនទាំង
លាយលោកធនធាន
ចិត្តចង់វិវាទ
ប្រមាទពុំបាន
ហេតុនោះអ្នកមាន

ផលលះលោភលែង ។

កាមេសុមិច្ឆា
ទោះអ្នកឯណា 
ចិត្តនោះវង្វេង
លួចភរិយាគេ
ឥតឯមានក្រែង
ស្រីផិតប្តីឯង

អំពើឆោតឆុត ។

អ្នកនោះនឹងទៅ
ដល់ទុក្ខនិត្យនៅ
សំឃាដនរក
ទាំងប្រុសទាំងស្រី
ឥតបីមានសុខ
រូបរងទោសទុក្ខ

លំបាកមហិមា ។

យម្ភូបាលបាន
ដាវដេញឲ្យពាន
ឡើងដើមរកា
ដែកដាលជាភ្លើង
ខ្ពស់ឡើងកណ្ឋា
មួយយោជន៍បន្លា

ច្រើនច្រុះច្រាងច្រូង ។

ស្រីពានឡើងមុខ
មុតខ្លួនទូរន់
ស្រែកយំរលូង
ប្រុសឡើងតាមទៅ
មុតដាវដើមទ្រូង
ធ្លុះថ្លើមបេះដូង

ឈាមហូរសស្រាក់ ។

មានឆ្កែសច្រាល
ប៉ុនដំរីសារ
ខឹងខាំកន្រ្តាក់
ជើងជែងហួរហែក
ត្មាតក្អែកឆុកឆាក់
ចឹកចោះធ្លុះធ្លាក់

ខ្លួនដល់ដែកដាល់ ។

ឆុរឆេះជាភ្លើង
ភ្លឺផ្លេកឡប់ឡើង
ព្រោងព្រាយរន្ទាល
ឆេះខ្លួនក្រៀមក្រំ
ទើបយម្ភូបាល
បរបណ្តេញដាល

ឲ្យឡើងទៀតទៅ ។

ស្លាប់មួយថ្ងៃពីរពាន់
ដងដោយកំណាន់
គំនិតអសៅ
អសារអសោក
លន្លោចក្តាត់ក្តៅ                   
ពីរពាន់ឆ្នាំទៅ

រស់រងទោសទុក្ខ ។

អាយុពីរពាន់   
ឆ្នាំទិព្វនៅជាន់
យាមាសួគ៌សុខ
ទើបបានមួយថ្ងៃ
មួយយប់នរក
រងរួចទោសទុក្ខ

យោនយកជាតិជា ។

សត្វតិរច្ឆានឆុក
គេគ្រៀវធ្វើទុក្ខ 
ទោសតាមវេរា
កាយកម្មអង្គឯង
វង្វេងមោហា
ប្រាំរយជាតិជា

ទុក្ខទៀងអប្រិយ ។

កើតជាខ្ទេចខ្ទើយ
ប្រាំរយជាតិហើយ
កំព្រាឥតប្តី
ដោយនូវវៀរវី
ចាកពីបុរី       
បូរមជាតី

បាបជាទម្ងន់ ។

ទើបកើតជាប្រុស
អាក្រក់ទូរយស
មកមានប្រពន្ធ
ចោរចិត្តជាផិត
ពុំគិតបាប បុណ្យ
ហេតុពៀរពីមុន

បរទារកម្មគេ ។

បើអ្នកណាមាន
វិញ្ញូញេយ្យញាណ
ប្រុងប្រាជ្ញប្រុះប្រែ
ចិត្តចេះចាំចៀស
រវៀសបានបែរ
វៀរចាកកាមេ

សុមិច្ឆាចារា ។

អ្នកនោះនឹងទៅ
សោយសម្បត្តិនៅ
សុខសួគ៌យាមា
ស្ថិតលើប្រាសាទ
ស្អាងស្អាតសោភា
កំពស់អដ្ឋា

រយយោជន៍យល់យង់​ ។

ភ្លឺផ្លេកចិញ្ចាច
ចិញ្ចែងត្រដាច 
ត្រដួចដោមដុង
មានទេពអប្សរ
បវរគាល់គង់   
ពីរពាន់សឹងទ្រង់

ឆោមឆាយវិសុទ្ធ ។

អាយុពីរពាន់
ឆ្នាំទើបគ្រប់គ្រាន់
ចាកចរច្យុត
យោនយកកំណើត
មកកើតជាបុត្រ
ក្សត្រិយ៍ថ្លៃវិសុទ្ធ

វិសេសប្រសើរ ។

ប្រកបភរិយា
ត្រឹមត្រូវលក្ខណា
គាប់គួរមៀងមើល
ជាស្រីគ្រប់លក្ខណ៍
ឯកអគ្គប្រសើរ 
ទោះដេកទោះដើរ

សឹងជាសុខសល់ ។

មុសាវាទា
ទោះអ្នកឯណា
កុហកកាចកល
មានពាក្យរឹងរូស
ប្រទូស្តកំហល់ 
កំហឹងកែវកល់

កែកាចកិច្ចគេ ។

បញ្ឆុកបញ្ឆោត
បញ្ឆៀងបំពោត
បំពានវៀចវេរ
ពោលពាក្យភូតភរ
បង្កស្រាលស្រែ
ឲ្យបង់ទ្រព្យគេ

ឲ្យគេកើតទុក្ខ ។

អ្នកនេះនឹងទៅ
ទល់ទុក្ខនិត្យនៅ
រោរពនរក
បានបួនពាន់ឆ្នាំ
រងកម្មពុំសុខ
ព្រោះមាត់អាក្រក់

ពោលពាក្យមុសា ។

យម្ភូបាលយក
ដង្កាប់ដែកមក 
ដុតដកជីវ្ហា
ឈាមហូរសស្រាក់
កន្ត្រាក់អង្គា
ចោលចុះក្នុងនា

រណ្តៅធំក្រៃ ។

ប្រាំពាន់ឆ្នាំណា
សួគ៌តុសិតា
ទើបបានមួយថ្ងៃ
រោរពនរក
រងទុក្ខរងភ័យ
យឺនយូរកម្រៃ

កម្ររំដោះ ។

លុះរួចមកបាន
កើតជាប្រែតប្រាណ
អសោចិសូន្យសោះ
កម្មកើតអគ្គី    
ឆេះពីមាត់នោះ
ស៊ីសឹងឈាមខ្ទុះ

ជាតិជាអាហារ ។

ទើបកើតជាមនុស្ស
អាក្រក់ទុរយស
មាត់វៀចឆែបឆា
កើតជាមនុស្សល្ងង់
គថ្លង់ឥតការ
ឥតកេរិ៍្តអសារ

អាសោចិពីមាត់ ។

បើអ្នកឯណា
វៀរពាក្យមុសា
វាងវៀរគិតកាត់
កាន់សច្ចវាទី   
ស្រដីពាក្យសត្យ         
នឹងបានសម្បត្តិ

សួនសោយសុខា ។

ពិភពតុសិត
អាយុយឺនក្តាត់ 
បួនពាន់វង្សា
មានទេពអប្សរ
បវរធីតា
បួនពាន់ជាតិជា

បរិវារសព្វថ្ងៃ ។

ឋិតលើប្រាសាទ
ប្រសើរស្អាងស្អាត
សឹងកែវប្រពៃ
ខ្ពស់ម្ភៃប្រាំយោជន៍
ស្រោងស្រោចត្រឈៃ
សុខសប្បាយក្រៃ

ឥតឯឧបមា ។

ប្រាំបួនពាន់ឆ្នាំ 
ទើបផលសោតចាំ
ចុះមកកើតនា
ត្រកូលក្សត្រិយ៍ក្សាន្ត
មែនមានប្រាជ្ញា
ទើបទៅកើតជា

អ្នកប្រាជ្ញចេះធម៌ ។

មែនមានពាក្យសត្យ
ពាក្យពីរោះក្តាត់
ចេះចាំអស់អាថ៌
ចំណោទប្រស្នា
បញ្ហាសព្វសារ
ពើពុំទើសទាល់

ដល់ប៉ុនកេសី ។

សុរាមេរយា
រីមនុស្សផឹកស្រា
ភ្លេចភ្លាំងស្មារតី
ក្រសាលជាល្បែង
ពុំក្រែងវាវី-
បាកបាបស្រដី

ពុំជឿធម្មា ។

នឹងធ្លាក់ទៅនៅ
នរកជ្រាលជ្រៅ
រូបរងវេទនា
ដល់ដាបនរក
ដល់ទុក្ខមហិមា
យឺនយូរគណនា

ប្រាំបីពាន់ឆ្នាំ ។

ហេតុចិត្តវង្វេង
ផឹកទឹកទង់ដែង
ក្តៅក្តាត់ជោកជាំ
រលាករលុះ
ពងពុះដោយកម្ម
ប្រាំបីពាន់ឆ្នាំ

និម្មានរតី ។

ទើបបានមួយថ្ងៃ
នរកយូរក្រៃ
លង់លុះឡើងពី
បាបបានកើតជា
យក្សាតិរ្ថិយ    
ជាមនុស្សអប្រិយ

សឹងឆ្កួតពុធ្យា ។

មានពាក្យអសុរោះ
ពាក្យរឹងត្រគោះ
លលើលលា
អ្នកផងតិះដៀល
ដំនៀលនិន្ទា
ជាមនុស្សមោហា

ជួជាតិខ្លួនខ្លៅ ។

បើអ្នកឯណា
វៀរសេពសុរា
នោះនឹងបានទៅ
សោយសុខស្ថិតស្ថាន
ពិមានសន្ធៅ   
សឹងកែវនិត្យនៅ

និម្មានរតី ។

ពីព្រោះប្រាសាទ
សាមសិបយោជន៍ស្អាត
ប្រកបនឹងស្រី
ទេពអប្សរសួគ៌ 
គាប់គួរប្រាំបី
ពាន់ឆ្នាំទិព្វពី

នោះមកកើតជា ។

ត្រកូលមហាក្សត្រិយ៍
សេពសោយសម្បត្តិ
សម្មតិទេវា
ស្តេចស្តែងថ្កើងថ្កាន
មែនមានចេស្តា
ប្រកបប្រាជ្ញា

ចេះចាំធម៌គាប់ ។

មានចិត្តខ្លាចបាប
ខ្លាចពៀរដរាប
មានស្មារតីខ្ជាប់
ជវនប្រាជ្ញប្រុះ
ឆ្លាស់ឆ្លុះវៃឆាប់
ពាក្យពោលគំនាប

គំនិតសោតធ្ងន់ ។

អំពើទាំងប្រាំ
ប្រការចូរចាំ
ចិត្តចេះគិតគន់
បង់បញ្ចវេរា
កម្មជាទម្ងន់
មិនមានមោះម-

ន្ទិលទាស់ទោសទុក្ខ ។

រក្សាសីលប្រាំ  
នេះនៃនឹងនាំ   
រូបរួចបានសុខ
ទៀងទាល់និព្វាន
មិនមានឆោតឆុក
ផុតពីនរក

សោយសួគ៌សម្បត្តិ ។

សម្បូណ៌បច្ចុប្បន្ន
បុណ្យបានទ្រព្យធន់
ធួនទាំងមនុស្សសត្វ
សិទ្ធីទីស្ថាន
ស្ថិតប្រាណដុះខាត់     
ខឹងខំកម្ចាត់

កម្ចាយបាបកម្ម ។

កម្មពៀរវៀរចេញ
ចិញ្ចឹមចំណេញ
ចំណេះចេះចាំ
ចំណោទចោតសួរ
សំគួរបរិកម្ម
កម្មដ្ឋានចំណាំ

វិបស្សនាហោង ។

ចាកកម្ពុជសុរិយា
 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com