សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ប្រមាទ និង​ មិន​ប្រមាទ

2011-09-17

ប្រមាទ និង​ មិន​ប្រមាទ

ប្រមាទ និង​ មិន​ប្រមាទ
អប្បមា ទោ អមតំ បទំ
បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ
យេ បមត្តា យថាមតា។
          សេចក្ដី​មិន​ប្រមាទ គឺ​ការ​មិន​ធ្វេស​ស្មារតី ជា​ផ្លូវ​នៃ​អមតនិព្វាន, សេចក្ដី​ប្រមាទ គឺ​ការ​ធ្វេស​ស្មារតី ជា​ផ្លូវ​នៃ​មច្ចុ គឺ​ការ​ស្លាប់​កើត – កើត​ស្លាប់ ជន​ទាំង​ឡាយ​ណា​មិន​ប្រមាទ ជន​ទាំង​នោះ​ឈ្មោះ​ថា​មិន​ស្លាប់ ជន​ទាំង​ឡាយ​ណា​ប្រមាទ ជន​ទាំង​នោះ​ឈ្មោះ​ថា​ដូច​ជា​ស្លាប់​ស្រេច​ទៅ​ហើយ។
ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
បទ​កាកគតិ
រី​ក្ដី​ប្រយ័ត្ន
មិន​ឲ្យ​ភ្លាំងភ្លាត់          
វិបត្តិ​ស្មារតី
ជា​ផ្លូវ​អម្រឹត
វិសិដ្ឋ​ឥត​ភ័យ
ឥត​ទុក្ខ​សោក​អ្វី

កើត​មាន​ទៀត​ឡើយ។

រី​ក្ដី​ប្រហែស
ស្មារតី​ភ្លេច​ធ្វេស
គំនិត​តោះតើយ
ជា​ផ្លូវ​មច្ចុ
ស្លាប់​កើត​ឥត​ស្បើយ
ឥត​កោះ​ឥត​ត្រើយ

វិល​កើត​វិល​ស្លាប់។

នរូ​អ្នក​ណា
មាន​ចិត្ត​ក្លៀវក្លា
ប្រញឹក​ប្រញាប់
ខំ​ប្រឹង​ប្រព្រឹត្ត
ពិត​តាម​ធម៌​ច្បាប់
អ្នក​នោះ​ទោះ​ស្លាប់

ហើយ​ដូច​នៅរស់។

នរូ​អ្នក​ណា
អាប់​ឥត​ប្រាជ្ញា
ប្រមាទ​ស្រស់​ៗ
ភ្លេច​ភ្លាត់​ស្មារតី
រាល់​ថ្ងៃ​ទាំង​អស់
អ្នក​នោះនៅរស់

ដោយ​ដក​ដង្ហើម។

ព្រះពុទ្ធ​ទ្រង់​ប្រាប់
ថា​ដូច​ជា​ស្លាប់ 
ស្រេច​ហើយ​គួរ​ខ្ពើម
ទោះបី​នៅ​រស់
ដោយ​សារ​ដង្ហើម
អ្នក​ប្រាជ្ញ​លោក​ឆ្អើម

ស្ទើរ​ក្អួត​ចង្អោរ។

ជន​ផង​គួរ​គិត
គួរ​ផ្ចង់​គំនិត    
គួរ​កាត់​គួរ​កោរ
គួរ​គេច​ចៀសវាង
គួរ​រាង​គួរ​ស្ងោរ
រំងាស់​ចិត្ត​ចោរ

លួច​ប្លន់​កុសល។

យើង​ជា​សាមញ្ញ
នៅ​មាន​ក្ដី​ក្នាញ់
គ្នាន់​ខឹង​រចល់
ក៏​ពិត​មែន​ហើយ
ប៉ុន្តែ​កុំ​ខ្វល់
គួរ​ប្រឹង​តម្កល់

ចិត្ត​កុំ​ប្រមាទ។

គួរ​ប្រុង​ប្រយ័ត្ន
ស្មារតី​កុំ​ភ្លាត់
កុំ​ភ្លេច​ឱវាទ
អ្នក​ប្រាជ្ញ​ទាំង​ឡាយ 
មាន​ព្រះ​ជា​អាទិ៍  
កុំ​ឲ្យ​ឃ្លៀងឃ្លាត

ចាក​ធម៌​សុចរិត៕៚

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​អង្គារ ទី​២៣ កក្កដា ២៥១២
១៩៦៨
សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត

1 comment:

  1. សូមអរគុណ! ដែលបានផ្តល់អត្ថបទនេះ

    ReplyDelete

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com ឬ khmerck@live.com