កាព្យរំលឹកអំពីអក្សរខ្មែរ
ព្រះរាជនិពន្ធសម្តេចព្រះសង្ឃរាជ គណៈមហានិកាយ
បទពាក្យ ៧
អក្សរខ្មែរ
អក្សរសាស្ត្ររុងរឿងដោយសារខ្មែរ | ពុំហ៊ានបែកបែរឲ្យភ្លាត់ខុស |
ជនខ្មែរគ្រប់គ្នាទាំងស្រីប្រុស | ពុំហ៊ានបង្ខុសឲ្យខូចបង់ ។ |
ជនខ្មែរស្រុះគ្នាលើកតម្កើង | ដំឡើងពាក្យពេចន៍ដោយផ្ចិតផ្ចង់ |
ខ្មែរជាគ្រហស្ថខ្មែរជាសង្ឃ | ខំប្រឹងតម្រង់អក្សរជាតិ ។ |
អក្សរវិបត្តិជាតិវិបត្តិ | ខ្ចាយខ្ចាត់រាត់រាយក្លាយឃ្លៀងឃ្លាត |
ហេតុនេះខ្មែរយើងកុំរវាត | ត្រូវរក្សាជាតិឲ្យរឹងប៉ឹង ។ |
បើដឹងមិនដល់កុំធ្វើចេះ | ចំណេះតិចតួចស្តួចស្តើងស្តឹង |
បើចង់ច្បាស់លាស់ត្រូវខំប្រឹង | កុំដេកសម្ងំឲ្យចេះឯង ។ |
ចំណេះកើតមានព្រោះការរៀន | កម្ជិលអៀនប្រៀនកុំសម្តែង |
ធ្វើឲ្យគេស្ងើចគេកោតក្រែង | ស្លាក់ស្លែងទេកុំរិះគន់គេ ។ |
ត្រូវរិះគន់ខ្លួនឯងជាមុន | កុំឲ្យស៊យស៊ុនខុសទទេ |
បើឆ្ងល់ពុំយល់ត្រូវសួរគេ | ឥតថោកអ្វីទេថ្លៃទេតើ ។ |
បុរាណថាថោកអីនឹងដៃ | ថ្លៃអីនឹងមាត់ពោលសើវ៉ើ |
រៀនទៅសួរទៅទើបគ្រាន់បើ | អើពើចង់ចេះប្រសើរណាស់ ។ |
ចាស់ថាបើល្ងង់កុំធ្វើចេះ | បើមានចំណេះឲ្យជាក់ច្បាស់ |
បើស្តើងហើយចង់ឲ្យបានក្រាស់ | ត្រូវថែមកម្រាស់ផ្សំសាច់គ្នា ។ |
អបស្ទបប៉ះប៉ុនយកកម្រាស់ | កុំចាំងកុំច្រាស់ហួសមាត្រា |
ប៉ះផ្សំផ្គុំភ្ជិតទើបកើតជា | ទោលឬបន្ទោរមួនជាងមុន ។ |
បើចេះអក្សរនិងភាសា | នៃជាតិណាៗកុំជ្រុលស៊ុន |
ងាប់ស័ព្ទប្រែស្រាយក្លាយជាប់កុន | សុនគ្រុនប្រែក្លាយឃ្លាតក្តីពិត ។ |
កាលដែលប្រារព្ធនឹងប្រែស្រាយ | ត្រូវគិតនាយអាយដោយពិនិត្យ |
ឲ្យឃើញសេចក្តីជាខ្មែរពិត | សឹមប្រែកុំផ្តិតតាមពាក្យគេ ។ |
ត្រូវប្រែឲ្យមកជាសេចក្តី | ដែលខ្មែរប្រុសស្រីអាចរិះរេ |
ស្តាប់យល់មិនឆ្ងល់ទើបហៅប្រែ | ត្រឹមត្រូវតាមរូបសេចក្តីពិត ។ |
អ្នករៀនភាសាជនបរទេស | ទ្វេធ្វេសដោយការឥតបើគិត |
កាលខ្លួនកំពុងរៀនប្រឹងប្រិត | ប្រែផ្តិតឲ្យចំតាមរូបស័ព្ទ ។ |
ភ្លេចនឹកគិតមកភាសាខ្លួន | ឲ្យយល់សំនួនដែលងាយស្តាប់ |
សម្លឹងសង្កេតតែរូបស័ព្ទ | ក៏ស្រាប់តែប្រែខុសទាំងស្រុង ។ |
អ្នករៀនសំស្ក្រឹតឬបាលី | ប្រែខុសសេចក្តីព្រោះភ័ន្តផុង |
យល់ខុសទទេទាំងដើមចុង | ចូលក្នុងវិងស៊ុងខ្មាសអ្នកផង ។ |
តិដ្ឋៈបាលីប្រែថាឈរ | អ្នករៀនឈ្លក់វរអន់ម្តងៗ |
ត្រង់មានសេចក្តីថាស្ងួនគ្រង | ប្រែឆ្គងថាឈរនៅងាប់ស័ព្ទ ។ |
បារាំង «ព័រតេសួរឡាតែត» (១) | ខ្មែរឆ្អែតចិត្តជាប់បែរប្រែប្រាប់ |
អ្នកដែលមិនចេះឲ្យគ្នាស្តាប់ | បង្គាប់ថាឲ្យកាន់សីលក្បាល ។ |
មិនប្រាប់ឲ្យគ្នាដឹងថាទូល | នេះហៅស្រមូលពុំត្រកាល |
ពាក្យខ្មែរថាទូលក៏លើក្បាល | ត្រកាលប្រែខុសពីពាក្យខ្លួន ។ |
តែងកាព្យឲ្យត្រូវតាមសម្ផស្ស | តាមកាព្យចាស់ៗដែលមានចួន |
កុំចេះតែតែងតាមចិត្តខ្លួន | ឲ្យកាព្យមានចួនខុសមាត្រា ។ |
ពាក្យអឺយនិងអើយ(២)សូរផ្សេងគ្នា | ដូចជាប្អូនអើយ(៣)ម្តេចឡើយថា |
ស្តាប់បងមិនឮឬស្ងួនភ្ងា | ធ្វើជាមិនឮព្រោះរឹងខ្លួន ។ |
ព្រះបាទសម្តេចព្រះហរិរ័ក្ស | ទ្រង់បានបញ្ជាក់ដោយផ្ទួនៗ |
ក្នុងកាព្យព្រះអង្គដែលមានចួន | សំនួនសម្ផស្សឥតមានឆ្គង ។ |
កវីគួរតែយកតម្រាប់ | ពុំគួរប្រញាប់កាត់រំលង |
រំលុបបែបនោះមិនត្រាប់ត្រង | ខុសពីបំណងអ្នកប្រាជ្ញចាស់ ។ |
មានអ្នកតែងកាព្យខ្លះហ៊ានថា | ម្តេចមិនវាចាឲ្យជាក់ច្បាស់ |
ប្រើជាកិរិយាខុសស័ព្ទណាស់ | គួរផ្លាស់សម្តីនេះចោលចេញ ។ |
ជ.ណ
ពន្យល់
(១) Porter sur la tête ។ (២)-អានថា «អ្ហើយ»។ (៣)-អានថា «ប្អូនអ្ហើយ ឬ ប្អូនណើយ» កុំថា ប្អូនអើយ ។
កំណាព្យនេះដកស្រង់ពីទស្សនៈសម្តេចព្រះសង្ឃរាជ ជួន ណាត
No comments:
Post a Comment