សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: អនុស្សរណោវាទ ចំពោះយុវជនអ្នកនៅវត្ត

2011-09-27

អនុស្សរណោវាទ ចំពោះយុវជនអ្នកនៅវត្ត


ហៃពួកយុវជនអ្នកកំសត់
បើកុំបានវត្តជ្រកអាស្រ័យ
សមអ្នកនឹងឥតមានតម្លៃ
យប់ថ្ងៃហួសទៅឥតប្រយោជន៍។
គួរអ្នកកុំភ្លេចវត្តលំនៅ
ទោះអ្នកចេញទៅឆ្ងាយស្រឡោច
គួរដឹងគុណវត្តកុំបង្ហោច
ប្រយោជន៍និងផលផ្តល់ពុំខាន ។
បើមានគេសួរពីកាលរៀន
ចំណេះរបៀនទាំងប៉ុន្មាន
អ្នកកុំនិយាយបង្វែដាន
ត្រូវប្រាប់ថាបានចេះព្រោះវត្ត ។
កុំពោលបង្អួតពួកស្រីៗ
ត្រូវស្តីតាមត្រង់កុំបំភ្លាត់
បំផ្លែងបំផ្លើសបំភ្លេចវត្ត
ក្រែងទោសទាញទាត់ឲ្យវិនាស ។
បាយវត្តជាភោជន៍មានព្រលឹង
គួរនឹករំពឹងកុំទីសទាស
នាម៉ឺនមន្ត្រីមកពីរាស្ត្រ
គឺរាស្ត្រឡើងទៅជាមន្ត្រី ។
បាយផ្ទះបាយវត្តដូចជាគ្នា
ចម្អែតអាត្មាមានជីវី
ឆ្អែតហើយរៀនសូត្រចេះខ្ទេចខ្ទី
មុនីកើតមានដោយសារវត្ត ។
សាធុ! សូមឲ្យអ្នកបានសុខ
និរទុក្ខ និរភ័យ សិរីភ័ទ្រ​
ជាជនសប្បុរសរបស់រដ្ឋ
មានបែបមានបទប្រសើរហោង ។
                                      សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ
          ថ្ងៃទី ១៦ ខែឧសភា គ.ស. ១៩៦៣
          ទស្សនៈព្រះអង្គត្រង់កន្លែងនេះ បញ្ជាក់ឲ្យយើងដឹងថា ទ្រង់ពិតជាសមណៈមួយអង្គ មានព្រះទ័យអាណិតមេត្តាដល់យុវជនក្រីក្រសម្បើមណាស់ ហើយចង់ឲ្យតែខំរៀនសូត្រ កុំបណ្តែតបណ្តោយទៅតាមយថាកម្ម ដូចមនុស្សជំនាន់មុនទៀត ។

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com