គារវបុគ្គល១០ចំពូក
ពុទ្ធោបច្ចេកពុទ្ធោ ច | អរហា អគ្គសាវកោ |
មាតា បិតា គរុ សត្ថា | ទាយកោ ធម្មទេសកោ |
បណ្ឌិតេហិ ឥមេ ទស | ន ទុព្ភន្តីតិ ជានិយា។ |
ពាក្យកាព្យឲ្យស្មើនឹងគាថា៖
បទព្រហ្មគីតិ
ព្រះពុទ្ធព្រះបច្ចេក | និងឯកអគ្គារហា |
អគ្គសាវកា | និងមាតាបិតាផង។ |
គ្រូនិងសាស្ត្រាចារ្យ | និងនាយកឥតមោះហ្មង |
និងអ្នកទេស្នាផង | កុំយង់ឃ្នងឆ្គងប្រមាថ។ |
បុគ្គលទាំងដប់នេះ | ប្រាជ្ញគួររិះរេសម្អាត |
ត្រូវកុំបីប្រមាថ | គូរឱហាតឲ្យចងចាំ។ |
ថាមិនត្រូវប្រទូស្ត | ឬរឹងរូសធ្វើឲ្យឆ្គាំ |
ឆ្គងខុសក្រែងនឹងនាំ | ឲ្យបានទុក្ខឃើញទាន់ភ្នែក។ |
ខ្ញុំតែងពាក្យកាព្យនេះ | ដោយរិះរេមិនរារែក |
មិនតែងចេញឲ្យប្លែក | ពីគាថាបាលីឡើយ។ |
អ្នកណាបានគោរព | បុគ្គលដប់ពុំតោះតើយ |
តាមបែបខាងលើហើយ | អ្នកនោះរែងជួបក្ដីសុខ។ |
មានរឿងតំណាលថា | ពួកទេព្ដានិរទុក្ខ |
ព្រះឥន្ទ្រជាប្រមុខ | តែងសំពះទិសទាំងដប់។ |
គឺទិសទាំងប្រាំបី | ទិសក្រោមលើដោយគ្រប់សព្វ |
លើកអម្រាមទាំងដប់ | ប្រណម្យឆ្ពោះជននានា។ |
ដែលគេបានប្រព្រឹត្ត | សុចរិតឥតសង្កា |
ទោះនៅត្រង់ទីណា | ក៏ដោយចុះឥតរើសមុខ។ |
ថាសូមឲ្យជននោះ | បានរវាតឃ្លាតចាកទុក្ខ |
តាំងពីនេះទៅមុខ | សូមបានសុខអាយុវែង។ |
ព្រោះហេតុនោះបានជា | ព្រះសាស្ដាទ្រង់សម្ដែង |
ថាជនទាំងនោះឯង | ទោះទេព្ដាក៏រាប់អាន។ |
ទេព្ដាទាំងតូចធំ | តែងបង្គំមករាល់ប្រាណ |
ឆ្ពោះជនទាំងប៉ុន្មាន | ដែលបានកាន់សីលនិងធម៌។ |
ហេតុនេះសាធុជន | កុំទំរន់គួរត្រេកអរ |
ឆ្ពោះធម៌ដ៏បវរ | ដែលព្រះពុទ្ធទ្រង់សរសើរ៕៚ |
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃសុក្រ ទី១៩ កក្កដា
ព.ស.២៥១២ គ.ស.១៩៦៨
ព.ស.២៥១២ គ.ស.១៩៦៨
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ស្រង់ពីសៀវភៅស្នាព្រះហស្តក្រោយបង្អស់នៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត
ស្រង់ពីសៀវភៅស្នាព្រះហស្តក្រោយបង្អស់នៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត
No comments:
Post a Comment