(បទព្រហ្មគីត)
| ១- | កូនល្អត្រូវប្រឹងរៀន | គ្រាន់ជាស្ពានចម្លងទុក |
| | ថ្ងៃនេះដល់ថ្ងៃមុខ | ជាក្តីសុខសែនវែងឆ្ងាយ ។ |
| ២- | ត្រូវចាប់យកជាស្ពាន | ពាក្យទូន្មានឪពុកម្តាយ |
| | កុំភ្លើននាំបង់កាយ | ក្នុងអបាយមុខផ្សេង ៗ ។ |
| ៣- | មុនរាប់រកមិត្រភ័ក្តិ៍ | បើស្គាល់ជាក់គេរមែង |
| | ស្អប់ខ្ពើមអំពើល្បែង | អ្នកនោះឯងមិនខុសទេ ។ |
| ៤- | កាន់ខ្ជាប់នូវសីលធម៌ | ថ្លៃបវរពីបុព្វេ |
| | ខ្មែរយើងពីបុរេ | ល្អលើសគេលើលោកា ។ |
| ៥- | ត្រូវចេះសាមគ្គីគ្នា | ឲ្យទៅជាធ្លុងមួយណា |
| | មាននំនែកអាហារ | ថែមសង្ខ្យាជុំប្អូនបង ។ |
| ៦- | កុំប្រើពាក្យអាមឹង | មីហែងនឹងគ្មានផ្លែដង |
| | អឺអើអញហែងហង | ឫកពារឆ្គងមិនសមឡើយ ។ |
| ៧- | រំលែកទុក្ខធុរៈ | កិច្ចការផ្ទះរៀបឲ្យហើយ |
| | ពុកម្តាយបានធូរស្បើយ | គេងកល់ខ្នើយបានស្រួលខ្លួន ។ |
| ៨- | ទោះមានប្តីប្រពន្ធ | កុំភ្លេចគុណលោកពីស្ងួន |
| | លោកធ្លាប់បីអង្រួន | ពុំដេកពួនចាំមើលថែ ។ |
| ៩- | បើបានបាយសម្ល | ឬបបរកុំត្អូញត្អែរ |
| | យកចេកជូនពុកម៉ែ | កុំចាំតែគ្នាយកទៅ ។ |
| ១០- | ពុកម្តាយនៅឯផ្ទះ | ក្រៀមក្រពះចាំមើលផ្លូវ |
| | ថាតើពេលណាទៅ | កូនឆោមឆ្លៅនឹងឃើញគាត់ ។ |
| ១១- | លុយកាក់ច្រើនឬតិច | បេះក្តួចក្តិចកុំប្រែព្រាត់ |
| | គ្រាន់លោកចិញ្ចឹមមាត់ | ហើយចូលវត្តវ៉ានឹងគេ ។ |
| ១២- | ទាន់លោកឈរនៅនឹង | មិនទាន់ពឹងរនាបគ្រែ |
| | ធ្វើអ្វីមិនកើតទេ | ត្រូវគ្នាន់គ្នេរខំបម្រើ ។ |
| ១៣- | កុំនាំរឿងនឹងគេ | វាយតប់ជេរបញ្ចើចចើ |
| | អ្នកជិតខាងទេតើ | សន្តិប្រើគួរកុំភ្លេច ។ |
| ១៤- | ឃ្លោងឃ្លាបានរ៉ាយរ៉ាប់ | បើសិនត្រាប់មិនបំភ្លេច |
| | ចាំគ្រប់ពេលជានិច្ច | ផលសម្រេចនឹងចម្រើន ។ |
ដោយ៖ កើយ ចិត្រា
No comments:
Post a Comment