សុវិជ្ជា
ថី ឆ-គិមហាក់ ជាអ្នកត្រួតត្រារាជការខ្សែលួស
នៅស្រុកមោងឫស្សី
រៀបរៀង
សុវិជ្ជានេះ | ខ្ញុំទើបនឹងរិះ | គិតជាបឋម |
តែងជាពាក្យបួន | ជួនពុំឧត្តម | អ្នកប្រាជ្ញចាស់ទុំ |
កុំបីនិន្ទា ។ | ||
ខ្ញុំបាទសូមរៀប | តែងតាមរបៀប | ពីសុវិជ្ជា |
គឺវិជ្ជាល្អ | ក្រៃក្រមហិមា | ឈ្នះអស់មារា |
តិរេកច្រើនពេក ។ | ||
នរូឯណា | ស្អប់ខ្ពើមទុក្ខា | កើតក្នុងភពត្រៃ |
ចង់ធ្វើឲ្យប្រាស | និរាសចង្រៃ | ត្រូវគិតកែខៃ |
រៀនសីល្បសាស្ត្រ ។ | ||
រៀនសុវិជ្ជា | រិទ្ធីសំភារ | ភ្លឺផ្លេកស្អាងស្អាត |
ជនត្រូវប្រាថ្នា | មិនត្រូវប្រមាទ | ត្រូវឆ្លៀតសង្វាត |
ស្វែងយកឲ្យបាន ។ | ||
បើមិនខំរក | ទុក្ខនឹងចូលមក | ជ្រៀតជ្រកក្នុងប្រាណ |
ញាប់ញ័ររន្ធត់ | ស្លុតចិត្តឥតក្សាន្ត | ដាច់ក្តីរាប់អាន |
សន្តានមើលងាយ ។ | ||
នាទីប្រជុំ | បណ្ឌិតតូចធំ | ខ្លៅពុំពណ្ណរាយ |
ដូចជាសត្វក្អែក | ខ្មៅហួសនិយាយ | កណ្តាលហ្វូងនាយ |
បក្សាហង្សសត្វ ។ | ||
រីព្រះសុរិយា | រស្មីជ្រះថ្លា | អាកាសឆ្វៀលឆ្វាត់ |
ពុំស្មើវិជ្ជា | ភ្លឺគ្មានចេះបាត់ | ពុំចេះរសាត់ |
អាប់ឱនទៅណា ។ | ||
អស់ទ្រព្យសម្បត្តិ | ជួនកាលប្រែខ្ចាត់ | វិនាសអសារ |
វិជ្ជានេះឯង | តែងជាប់កាយា | ចោរនឹងប្រាថ្នា |
លួចលាក់ពុំបាន ។ | ||
អាវុធនានា | សឹងចាញ់រិទ្ធា | វិជ្ជាកល្យាណ |
មុតលើសព្រះខាន់ | ពេជ្រនីលសូរ្យកាន្ត | សស្ត្រាប៉ុន្មាន |
ពុំស្មើឡើយនៃ ។ | ||
វិជ្ជាឲ្យមាន | សម្បត្តិធនធាន | មាសប្រាក់ទីទៃ |
ទាសីទាសា | សួនច្បារប្រពៃ | ឲ្យមានជោគជ័យ |
ល្បីសព្វទិសា ។ | ||
វិជ្ជាឲ្យមិត្ត | ឲ្យញាតិរឹងរឹត | ស្រឡាញ់ស្នេហា |
ឲ្យយសថ្កុំថ្កើង | រុងរឿងសក្តា | វិជ្ជាក្លៀវក្លា |
ការពារអកុសល ។ | ||
វិជ្ជាឲ្យសុខ | គ្មានព្រួយវិតក្ក | ទុក្ខពុំហ៊ានពាល់ |
ធ្វើឲ្យចិន្តា | ជ្រះថ្លាពេកសល់ | វិជ្ជាតម្កល់ |
ក្តីសុខក្នុងកាយ ។ | ||
បុរីឯណា | មានពួកបណ្តា | រាស្រ្តច្រើនប្រាជ្ញប្រាយ |
បុរីនោះឯង | រែងល្បីសព្វសាយ | នគរទាំងឡាយ |
ខ្លបខ្លាចតេជដៃ ។ | ||
បិតាមាតា | បើបានបុត្រា | ឆ្លាតវិជ្ជាក្រៃ |
លោកសឹងសសើរ | ដំណើរបុត្តថ្លៃ | ដោយបុណ្យនិស្ស័យ |
ទ័យាក្សេមក្សាន្ត ។ | ||
វិជ្ជាជាគុណ | ឲ្យអស់មហាជន | គន់គិតគ្រប់ប្រាណ |
សម្គាល់ទៅខុស | ទាបខ្ពស់ប៉ុន្មាន | ឲ្យយល់សណ្ឋាន |
សន្តានពាលខ្លៅ ។ | ||
ឲ្យស្គាល់តូចធំ | ស្គាល់ក្មេងចាស់ទុំ | ដឹងត្រជាក់ក្តៅ |
ឲ្យស្គាល់ធ្ងន់ស្រាល | ដុតអាលឆ្អិនឆ្អៅ | ស្គាល់ទីក្នុងក្រៅ |
ស្គាល់ហៅក្រាសស្តើង ។ | ||
បានបុណ្យកាលណា | ឲ្យដឹងខ្លួនថា | មិនត្រូវតម្លើង |
ត្រូវតែបន្ទាប | សុភាពទើបថ្កើង | មិនត្រូវឲ្យឆ្មើង |
យើងគេនិន្ទា ។ | ||
ឲ្យចេះរក្សា | ឲ្យចេះខាំងខា | ប្រឹងប្រែងការពារ |
កេរ្តិ៍អាពុកម្តាយ | សាយសព្វនានា | ឲ្យបាននាមា |
ក្រអូបលប់ផ្កា ។ | ||
ឲ្យចេះតបស្នង | មិនឲ្យកន្លង | គុណគ្រូអាចារ្យ |
ឲ្យចេះអភិវាទ | មាតាបិតា | ស្រឡាញ់ស្នេហា |
រក្សារួមរក្ស ។ | ||
បើចង់ធ្វើឈ្មួញ | តុបតែងជំនួញ | លក់ដូរបណ្តាក់ |
វិជ្ជាឲ្យស្គាល់ | យល់ការជ្រៅរាក់ | ឋានពពួកអ្នក |
ពាណិជរាល់គ្នា ។ | ||
វិជ្ជាចង្អុល | ប្រឹងខំពន្យល់ | បង្ហាញមាគ៌ា |
ដឹកនាំទំនិញ | ចេញចូលនាវា | ឲ្យកើតលាភា |
អនេកឱភាស ។ | ||
ពាណិជមួយ ៗ | ឲ្យចេះមានព្រួយ | រិះរកប្រាក់មាស |
កុំឆកុំឆក់ | កុហកអស់រាស្រ្ត | សូវឲ្យវិនាស |
ជាជាងលួចគេ ។ | ||
ឲ្យចេះសំដី | កាន់ជនប្រុសស្រី | វៃវេះរិះរេ |
ឲ្យជនផងស្ងួន | ដូចកូននិងមេ | នោះឯងទើបគេ |
ជួយទិញជួយដូរ ។ | ||
ធ្វើចិត្តឲ្យត្រង់ | រសធម៌កុំបង់ | កុំកំណាញ់ស្មូ |
ជនជាតិអប្បលក្ខណ៍ | ចិត្តស្មគ្រអាសូរ | ករុណាឲ្យផូរ |
ផង់រាល់វេលា ។ | ||
វិជ្ជាឲ្យស្គាល់ | ឲ្យកោតខ្លាចដល់ | អង្គព្រះពុទ្ធា |
បរមសាស្តា | ទេវតាយក្សមារ | ឲ្យខំបូជា |
វន្ទាសព្វថ្ងៃ ។ | ||
ឲ្យស្គាល់មេត្តា | ឧត្តមសាក្យា | មុនីចរណៃ |
លុបលើសសត្វផង | កន្លងភពត្រៃ | ជនមាននិស្ស័យ |
ក្រេបរសពុំខាន ។ | ||
ឲ្យស្គាល់ព្រះធម៌ | ប្រកបដោយពណ៌ | ភ្លឺជាងសុរិឆាន |
មរណជរា | ព្យាធិប៉ុន្មាន | និរាសទៅបាន |
អមតបុរី ។ | ||
ឲ្យស្គាល់ព្រះសង្ឃ | ផុតដាច់ចំណង់ | ត្រេកកាមលោកិយ |
តណ្ហាស្ងប់ស្ងាត់ | បង់បាត់រស្មី | គួរជនប្រុសស្រី |
អើពើធ្វើទាន ។ | ||
ព្រះសង្ឃដូចស្រៃ | ជាប់ដីឥតល្ហែ | លូតលាស់ធនធាន |
ឲ្យផលឧត្តម | ស្តុកស្តមក្រមាន | ចេះញ៉ាំងអស់ទាន |
ឲ្យរីករាយដាស់ ។ | ||
វិជ្ជាឲ្យដឹង | ឲ្យជនប្រុងប្រឹង | ធ្វើតាមពុទ្ធសាសន៍ |
វចនៈប្រសើរ | ជាតិប្រហើរណាស់ | ឲ្យអស់ក្មេងចាស់ |
សង្វាតសិក្សា ។ | ||
ឲ្យខំធ្វើបុណ្យ | មិនឲ្យទូរជន | កំណាញ់ឫស្យា |
កុសលតូចធំ | តោងខំប្រវារ | យកមកប្រើការ |
បណ្តេញលោភោ ។ | ||
វិជ្ជាជួយឆ្លុះ | ឲ្យដឹងថាខុស | ទោសនោះជ្រងោ |
ដែលកើតឡើងហើយ | អ្នកកើយសន្ធោ | ដូចភ្លើងនៅរោ- |
រពនរកណា ។ | ||
ឲ្យចេះពិតពិល | ឲ្យខំរមិល | សម្គាល់តណ្ហា |
តែងបង្វឹកចិត្ត | ឲ្យស្នឹទ្ធប្រាថ្នា | នាំកើតសោកា |
ឱរាផ្សាក្តៅ ។ | ||
លោភៈវាយដំ | ឈឺឈួលអួលក្រំ | ដំណំហ្មងសៅ |
ញាំញីដួងចិត្ត | ប្រព្រឹត្តការខ្លៅ | លោភប្រដៅ |
ឲ្យចង់តែបាន ។ | ||
បានហើយចង់ទៀត | ឱរាចង្អៀត | ស្ទើរប្រេះពីប្រាណ |
ហឫទ័យកង្វល់ | សល់សែនរំខាន | ក្នុងខន្ធសន្តាន |
ពីព្រោះប្រាថ្នា ។ | ||
វិជ្ជាពន្យល់ | ឲ្យចេះតទល់ | សម្លាប់តណ្ហា |
ឲ្យបរិច្ចាគទាន | ឲ្យគ្រឿងសស្រ្តា | មកផ្ចាញ់ចេស្តា |
តណ្ហាអប្រិយ ។ | ||
វិជ្ជាពញ្ញាក់ | ធ្វើឲ្យសត្វភ្ញាក់ | រាល់រូបប្រុស្រី |
ដឹងគិតទៅថា | លោកាទាំងបី | ទោសអប្រិយ |
ដុះមីត្រៀបត្រា ។ | ||
គួរឲ្យប្រយ័ត្ន | គួរខំកម្ចាត់ | បំបាត់ទោសា |
នាំកាយឲ្យព្រួយ | រលួយចិន្តា | ខុសនឹងរាជការ |
ខាតទ្រព្យសម្បត្តិ ។ | ||
វិជ្ជាឲ្យដឹង | បើចង់បាត់ខឹង | ឲ្យកាន់សីលថ្វាត់ |
សីលប្រាំប្រាំបី | ប្រយោជន៍ច្រើនក្តាត់ | សីលអាចនាំសត្វ |
កាត់រកនិព្វាន ។ | ||
សីលជាឧបោសថ | ពូកែចំហុត | រកអ្វីស្មើគ្មាន |
វិជ្ជាញ៉ាំងជន | ឲ្យធន់សូត្ររៀន | សីលជាប្រធាន |
នាំក្តីសុខា ។ | ||
វិជ្ជាបង្អើល | ឲ្យជនផ្អូកផ្អើល | បារម្ភចិន្តា |
ថាបាបមួយមាំ | សម្បើមណាស់សា | គឺតួមោហា |
វង្វេងងងឹត ។ | ||
ឃើញតូចថាធំ | ឃើញរាយថាដុំ | ឃើញឆ្ងាយថាជិត |
គុណថាជាទោស | សត្រូវថាមិត្ត | ជនអើយគួរគិត |
អាសូរអាត្មា ។ | ||
មើលមានវិជ្ជា | យកមកភាវនា | ពិឃាដមោហា |
ចោរកាចពន្លិច | តែងដិតរូបា | កាន់ទុក្ខសោកា |
មហាច្រើនសល់ ។ | ||
ភាវនាជាថ្នាំ | សម្រាប់ដុសត្រា | មើលឧបាយកល |
វង្វេងកើតហើយ | អ្នកអើយកុំឆ្ងល់ | យកភាវនាផ្តល់ |
ផ្តាច់តួមោហា ។ | ||
ហៃសប្បុរស | ចូលចេះលោតផ្លោះ | ឲ្យចាកចេញណា |
ពីមេបាបបី | ស្តេចចោរក្លៀវក្លា | ទើបឃើញអមតា |
និព្វានពណ្ណរាយ ។ | ||
ចូលខំប្រព្រឹត្ត | ចិញ្ចឹមជីវិត | ឲ្យល្អព្រោងព្រាយ |
តាមធម៌សុចរិត | កុំឲ្យបាបលាយ | នាំឲ្យរាយមាយ |
អាប់ឱនសិរី ។ | ||
ឲ្យត្រាប់ពួកឃ្មុំ | គំនិតរម្យទម | លើសលើបក្សី |
ព្រឹកឡើងកាលណា | ចូលកាន់រុក្ខី | ក្រេបរសពិសី |
បុប្ផាទាំងឡាយ ។ | ||
ដូចជាបណ្ឌិត | ប្រកបគំនិត | យល់ការវែងឆ្ងាយ |
ចេះប្រឹងស្វែងរក | វត្ថុឆើតឆាយ | ពុំដែលមានណាយ |
រសាយទ័យា ។ | ||
កុំត្រាប់ពួករុយ | មារយាទទុយមុយ | អាក្រក់មហិមា |
ព្រឹកព្រាងស្វាងថ្វាត់ | ត្រេចកាត់ម្នីម្នា | រករោមអស់លា- |
មកស្អុយជាប់ដាស់ ។ | ||
សត្វរុយប្រៀបដូច | បុគ្គលពាលខូច | ប្រាថ្នាកម្មក្រាស់ |
មិនស្គាល់រសពិត | ភាសិតពុទ្ធសាសន៍ | នាំខ្លួនឲ្យប្រាស |
និរាសក្តីសុខ ។ | ||
សប្បុរសគប្បី | ស្គាល់ជាតិលោកិយ | ច្រើនកាមវិតក្ក |
កិលេសអប់រំ | នាំកាយអផ្សុក | ពុំបានស្រណុក |
ក្នុងលោកនេះណា ។ | ||
គួរខំវេះវាង | បញ្ញាឲ្យឃ្លាង | ចេះធ្វើរូបា |
កុំឲ្យដេកត្រាំ | ក្នុងកាមតណ្ហា | ឲ្យខំសិក្សា |
អដ្ឋង្គិកមគ្គ ។ | ||
រីផ្កាបទុម | ពីដោរភិរម្យ | បរិបូណ៌នរលក្ខណ៍ |
កើតអំពីភក់ | បឹងត្លុកជ្រៅរាក់ | តែពុំចេះស្មគ្រ |
នឹងសង្ខារខ្លួន ។ | ||
ប្រឹងដុះលូតលាស់ | រសាយចេញអស់ | ល្បាត់ធំធួន |
ផុតទឹកកាលណា | បុប្ផាក្លាយខ្លួន | ខ្លឹននោះគួរស្ងួន |
ដល់ជននានា ។ | ||
នេះដូចសប្បុរស | ចង់តែរដោះ | ពីកិលេសមារ |
ប្រឹងខំធ្វើទាន | មានសីលភាវនា | តាមផ្លូវពុទ្ធា- |
នុញ្ញាតវិសេស ។ | ||
កុំធ្វើតាមជ្រូក | យកភក់ធ្វើពូក | ដេកធ្វើក្រអេះ |
បានបាយភោក្តា | ថាខ្លួនវិសេស | ចេះតែប្រហែស |
មិនគិតតទៅ ។ | ||
រូបជាប់ក្នុងទ្រុង | របងជង្រ្គង់ | ធំ ៗ សន្ធៅ |
ពុំដែលចង់ចេញ | ចាកទីលំនៅ | ភក់ច្រើនយ៉ាងជ្រៅ |
នៅស៊ូតែទ្រាំ ។ | ||
មិនដឹងខ្លួនថា | បន្តិចទៀតណា | ខ្លួននឹងសោយកម្ម |
គេនឹងសម្លាប់ | សាច់សាប់ចញ្ច្រាំ | យកមកស្ងោរដាំ |
ប្រលាក់ញាំឆា ។ | ||
ជ្រូកដូចពាលខ្លៅ | ចិត្តអាក្រក់ខ្មៅ | អាប់ឥតប្រាជ្ញា |
ហឫទ័យប្រតិព័ទ្ធ | នឹងវដ្ដសង្សារ | ថាគ្មានឋានណា |
ប្រសើរជាងបាន ។ | ||
ជនអើយសូមគិត | សូមជួយពិនិត្យ | ពាក្យអម្បាលម៉ាន |
ដែលខ្ញុំបានពោល | ចំពោះសន្តាន | បើល្មមរាប់អាន |
ចូរសិក្សាហោង ។ | ||
ចប់ដោយបរិបូណ៌ | ||
-----–—----- |
ស្រង់ចាកកម្ពុជសុរិយា
No comments:
Post a Comment