ពាក្យកាព្យបុរាណ
របស់លោកអ្នកឧកញ៉ា វង្សាសរពេជ្ញ នង បានប្រែចេញពីបាលី ហើយនិពន្ធ ជាពាក្យឃ្លោង តាំងពីក្នុងរជ្ជកាលព្រះបាទសម្តេចព្រះហរិរក្ខមារា ព្រះអង្គឌួង ព្រះពុទ្ធវង្ស ម៉ី អាំងស្បិចទ័រ និង ព្រះគ្រូវិមលបញ្ញា អ៊ុម-ស៊ូរ អាចារ្យក្នុងរាជបណ្ណាល័យ បានយកមកពិនិត្យផ្ទៀងផ្ទាត់ ឲ្យបានត្រឹមត្រូវល្អឡើង ។
~~~~~~~
| បាណាតិបាត | នាអ្នកនេសាទ | ចិត្តចោរចោតចង់ |
| ពិឃាដម្រឹគា | មច្ឆានូវអង្គ | មនុស្សសត្វឲ្យបង់ |
| | ឲ្យបាត់ជន្មា ។ | |
| អ្នកនោះនឹងទៅ | រងបាបក្តាត់ក្តៅ | លំបាកនៅនា |
| សញ្ជីពនរក | ទល់ទុក្ខឈឺផ្សា | ទុរន់ទុរា |
| | រូបរងយូរក្រៃ ។ | |
| យម្ភូបាលបោះ | ទៅក្នុងភ្លើងស្មោះ | ឆុរឆេះក្សិណក្ស័យ |
| ហើយរស់រូបវឹង | កុំដឹងភិតភ័យ | ថាវិលមកព្ធ |
| | ដល់មាត់រណ្តៅ ។ | |
| យម្ភូបាលបរ | ចោមចាក់នឹងស្នរ | មូលច្បូកដែកក្តៅ |
| ចាក់នឹងលំពែង | ស៊កសែងចោលទៅ | ក្នុងទីរណ្តៅ |
| | ភ្លើងភ្លឺពុំក្សាន្ត ។ | |
| កំណត់ជន្មា | នរកនោះហា | រយឆ្នាំប្រមាណ |
| គិតគណនាឆ្នាំ | ត្រូវប្រាំបួនលាន | មនុស្សនេះទើបបាន |
| | មួយថ្ងៃនរក ។ | |
| លង់លុះរំដោះ | ពីនរកនោះ | មកមិនដែលសុខ |
| កើតជាមច្ឆា | មាន់ទាជ្រូកស្រុក | គេកាប់សាច់លក់ |
| | ប្រាំរយជាតិជាក់ ។ | |
| ទៀងទើបកើតជា | មនុស្សមានទោសា | គេបាញ់គេចាក់ |
| គេដោតគេកាប់ | សម្លាប់ឥតអាក់ | ប្រាំរយជាតិជាក់ |
| | ពិតពុំសុខអង្គ ។ | |
| ទើបយកជាតិជា | មនុស្សមានរោគា | ដំបៅពកឃ្លង់ |
| ជាមនុស្សគមគាក់ | ភ្នែកខ្វាក់ខ្វិនខ្វង់ | ក្ងែងក្ងង់ |
| | ក្ងួរអប្រិយ ។ | |
| បើបានជាតិមុន | ត្បិតផលជាតិមុន | បានសាងមកក្តី |
| ពៀរកម្មអាត្មា | ឲ្យអាយុខ្លី | ពុំយឺនជីវី |
| | ជីវិតដល់ចាស់ ។ | |
| ទោះទុក្ខធ្វេសធ្វើ | កាយកម្មបាបបើ | បោះបង់ក្រឡាស់ |
| ប្រលាប់លែងលាប | ប្រែប្រេះរហ័ស | ដឹងដោយធម៌ច្បាស់ |
| | គន់គិតយង់យល់ ។ | |
| ខ្លាចបាបខ្មាសបាប | ចៀសចាកដរាប | ជីវិតសត្វសល់ |
| ពិតពុំគណនា | រក្សាតម្កល់ | ចិត្តចាំសីលផល |
| | បាណាតិបាត ។ | |
| បានទៅកើតនា | សួគ៌ចាតុមហា | រាជិកាជាតិ |
| ជាអង្គទេវបុត្រ | បរិសុទ្ធស្អាត | ស្ថិតលើប្រាសាទ |
| | ប្រាំពីរយោជន៍គត់ ។ | |
| ស្រីទេពកញ្ញា | ប្រាំរយអង្គា | បម្រើបាទបត់ |
| ចូលបង្គំគាល់ | រៀងរាល់ប្រាកដ | ប្រកបកំណត់ |
| | កំណាន់សព្វថ្ងៃ ។ | |
| ប្រាំរយឆ្នាំគត់ | ទើបទេពច្យុត | មកកើតនៅព្ធ |
| ត្រកូលក្សត្រិ៍យក្សាន្ត | សន្តានថ្លាថ្លៃ | រូបរាងល្អក្រៃ |
| | មានលក្ខណាក្តាត់ ។ | |
| មានកម្លាំងលន់ | មានចិត្តទោរទន់ | ប្រណីទុក្ខសត្វ |
| មានកូនមានចៅ | ញាតិផៅពុំព្រាត់ | ពុំប្រាសខ្ចាយខ្ចាត់ |
| | ជាសុខដល់ចាស់ ។ | |
| ពុំដែលក្សិណក្ស័យ | ជីវិតប្រាល័យ | ដោយគ្រឿងសហាស |
| បានបរិពារពេក | អនេកច្រើនណាស់ | ឥតទុក្ខទោសទាស់ |
| | ឥតព្យាធិ៍រោគា ។ | |
| ឥតមានសត្រូវ | កំណាចភ្យាតភ្យូវ | បៀតបៀនបណ្ឌា |
| អាយុយឺនយូរ | បរិបូណ៌ជន្មា | នេះផលបាណា |
| | តិបាតប្រធាន ។ | |
| អទិន្នាទានា | មនុស្សលួចទ្រព្យា | គេគិតចង់បាន |
| បំបាត់បញ្ឆោត | បំពោតបំពាន | បំពារអាងមាន |
| | យសសក្តិខូវខំ ។ | |
| លុះលែងជាតិទៅ | នរកនាមហៅ | កាឡសូតអស់យម |
| ភូបាលចាប់ចង | ធាក់ផងដាល់ដំ | ឈឺផ្សាពេកពុំ |
| | សុខសោយទុក្ខា ។ | |
| ទើបយកបន្ទាត់ | ដែកដុតមកផ្ទាត់ | សុខសព្វកាយា |
| ខ្លះយករណា | មកអារអង្គា | ពុះពីសិរសា |
| | ទល់ទុក្ខទោរទន់ ។ | |
| ឈាមហូរសស្រាក់ | ស្រែកយំឥតអាក់ | ភិតភ័យភាំងភាន់ |
| នៅនានរក | រងទុក្ខកំណាន់ | កំណត់មួយពាន់ |
| | ឆ្នាំទើបរំដោះ ។ | |
| មួយពាន់ឆ្នាំត្រៃ | ត្រិង្សទើបមួយថ្ងៃ | នានរកនោះ |
| យូរពន់ប្រមាណ | លុះបានរួចស្មោះ | ពីនរកនោះ |
| | មកជាប្រែតបាន ។ | |
| កំពស់ត្នោតលៃ | រូបអាក្រក់ក្រៃ | រកអ្វីស៊ីគ្មាន |
| ស៊ីសឹងតែលាមក | ជាទុក្ខអត់ឃ្លាន | ប្រាំរយជាតិបាន |
| | មកកើតជាមនុស្ស ។ | |
| កំសត់ពិបាក | អត់ឃ្លានតោកយ៉ាក | ទុគ៌តទុយ៌ស |
| ដើរសូមទានស៊ី | ឥតគេសប្បុរស | ក្សិណខ្សត់របស់ |
| | ប្រាំរយជាតិទៀត ។ | |
| មានទ្រព្យតិចតួច | ចោរចាំលបលួច | បានបាត់បង្សៀត |
| កើតជាខ្ញុំគេ | ម្ចាស់ជេរវាយទៀត | បាបត្បិតបៀនបៀត |
| | ទ្រព្យអ្នកដទៃ ។ | |
| បើអ្នកឯណា | មួយមានប្រាជ្ញា | ជវនវាងវៃ |
| វៀរចាកទិន្នា | ទានជាបច្ច័យ | មគ្គផលអាស្រ័យ |
| | សមានបរិភោគ ។ | |
| វៀរជំនួញប្រាំ | ប្រការចងចាំ | ចិត្តចេះអធ្យោគ |
| អធ្យាស្រ័យយល់ | ទៅដល់បរលោក | ខ្លាចកម្មទុក្ខសោក |
| | ដិតដល់អាត្មា ។ | |
| អ្នកនោះនឹងបាន | ទៅកើតនៅស្ថាន | សួគ៌ត្រៃត្រឹង្សា |
| មានទេពអប្សរ | បវរកញ្ញា | មួយពាន់ចោមជា |
| | បរិវារគង់គាល់ ។ | |
| ឋិតវិមានខ្ពស់ | ប្រមាណទ្វាទស | យោជន៍យល់ឆើតឆាយ |
| ត្រដែតត្រដួច | បង្គួចរៀងរាល់ | សឹងមានពិព័រណ៍ |
| | ពិពិធរចនា ។ | |
| សោយសុខប្រមាណ | មួយពាន់ឆ្នាំមាន | ទើបយកជាតិជា |
| ត្រកូលក្សត្រិយ៍ក្សាន្ត | មែនមានប្រាជ្ញា | ធនធានសក្តា |
| | ច្រើនពន់ពេកក្រៃ ។ | |
| ទើបយកជាតិជា | ត្រកូលនៃមហា | សេដ្ឋីប្រពៃ |
| មានទ្រព្យរបស់ | សក្តិយសថ្លាថ្លៃ | ឥតអ្នកដទៃ |
| | ណានឹងបៀតបាន ។ | |
| ទោះចោរខ្មួញខ្មាំង | សត្រូវបៀនទាំង | លាយលោកធនធាន |
| ចិត្តចង់វិវាទ | ប្រមាទពុំបាន | ហេតុនោះអ្នកមាន |
| | ផលលះលោភលែង ។ | |
| កាមេសុមិច្ឆា | ទោះអ្នកឯណា | ចិត្តនោះវង្វេង |
| លួចភរិយាគេ | ឥតឯមានក្រែង | ស្រីផិតប្តីឯង |
| | អំពើឆោតឆុត ។ | |
| អ្នកនោះនឹងទៅ | ដល់ទុក្ខនិត្យនៅ | សំឃាដនរក |
| ទាំងប្រុសទាំងស្រី | ឥតបីមានសុខ | រូបរងទោសទុក្ខ |
| | លំបាកមហិមា ។ | |
| យម្ភូបាលបាន | ដាវដេញឲ្យពាន | ឡើងដើមរកា |
| ដែកដាលជាភ្លើង | ខ្ពស់ឡើងកណ្ឋា | មួយយោជន៍បន្លា |
| | ច្រើនច្រុះច្រាងច្រូង ។ | |
| ស្រីពានឡើងមុខ | មុតខ្លួនទូរន់ | ស្រែកយំរលូង |
| ប្រុសឡើងតាមទៅ | មុតដាវដើមទ្រូង | ធ្លុះថ្លើមបេះដូង |
| | ឈាមហូរសស្រាក់ ។ | |
| មានឆ្កែសច្រាល | ប៉ុនដំរីសារ | ខឹងខាំកន្រ្តាក់ |
| ជើងជែងហួរហែក | ត្មាតក្អែកឆុកឆាក់ | ចឹកចោះធ្លុះធ្លាក់ |
| | ខ្លួនដល់ដែកដាល់ ។ | |
| ឆុរឆេះជាភ្លើង | ភ្លឺផ្លេកឡប់ឡើង | ព្រោងព្រាយរន្ទាល |
| ឆេះខ្លួនក្រៀមក្រំ | ទើបយម្ភូបាល | បរបណ្តេញដាល |
| | ឲ្យឡើងទៀតទៅ ។ | |
| ស្លាប់មួយថ្ងៃពីរពាន់ | ដងដោយកំណាន់ | គំនិតអសៅ |
| អសារអសោក | លន្លោចក្តាត់ក្តៅ | ពីរពាន់ឆ្នាំទៅ |
| | រស់រងទោសទុក្ខ ។ | |
| អាយុពីរពាន់ | ឆ្នាំទិព្វនៅជាន់ | យាមាសួគ៌សុខ |
| ទើបបានមួយថ្ងៃ | មួយយប់នរក | រងរួចទោសទុក្ខ |
| | យោនយកជាតិជា ។ | |
| សត្វតិរច្ឆានឆុក | គេគ្រៀវធ្វើទុក្ខ | ទោសតាមវេរា |
| កាយកម្មអង្គឯង | វង្វេងមោហា | ប្រាំរយជាតិជា |
| | ទុក្ខទៀងអប្រិយ ។ | |
| កើតជាខ្ទេចខ្ទើយ | ប្រាំរយជាតិហើយ | កំព្រាឥតប្តី |
| ដោយនូវវៀរវី | ចាកពីបុរី | បូរមជាតី |
| | បាបជាទម្ងន់ ។ | |
| ទើបកើតជាប្រុស | អាក្រក់ទូរយស | មកមានប្រពន្ធ |
| ចោរចិត្តជាផិត | ពុំគិតបាប បុណ្យ | ហេតុពៀរពីមុន |
| | បរទារកម្មគេ ។ | |
| បើអ្នកណាមាន | វិញ្ញូញេយ្យញាណ | ប្រុងប្រាជ្ញប្រុះប្រែ |
| ចិត្តចេះចាំចៀស | រវៀសបានបែរ | វៀរចាកកាមេ |
| | សុមិច្ឆាចារា ។ | |
| អ្នកនោះនឹងទៅ | សោយសម្បត្តិនៅ | សុខសួគ៌យាមា |
| ស្ថិតលើប្រាសាទ | ស្អាងស្អាតសោភា | កំពស់អដ្ឋា |
| | រយយោជន៍យល់យង់ ។ | |
| ភ្លឺផ្លេកចិញ្ចាច | ចិញ្ចែងត្រដាច | ត្រដួចដោមដុង |
| មានទេពអប្សរ | បវរគាល់គង់ | ពីរពាន់សឹងទ្រង់ |
| | ឆោមឆាយវិសុទ្ធ ។ | |
| អាយុពីរពាន់ | ឆ្នាំទើបគ្រប់គ្រាន់ | ចាកចរច្យុត |
| យោនយកកំណើត | មកកើតជាបុត្រ | ក្សត្រិយ៍ថ្លៃវិសុទ្ធ |
| | វិសេសប្រសើរ ។ | |
| ប្រកបភរិយា | ត្រឹមត្រូវលក្ខណា | គាប់គួរមៀងមើល |
| ជាស្រីគ្រប់លក្ខណ៍ | ឯកអគ្គប្រសើរ | ទោះដេកទោះដើរ |
| | សឹងជាសុខសល់ ។ | |
| មុសាវាទា | ទោះអ្នកឯណា | កុហកកាចកល |
| មានពាក្យរឹងរូស | ប្រទូស្តកំហល់ | កំហឹងកែវកល់ |
| | កែកាចកិច្ចគេ ។ | |
| បញ្ឆុកបញ្ឆោត | បញ្ឆៀងបំពោត | បំពានវៀចវេរ |
| ពោលពាក្យភូតភរ | បង្កស្រាលស្រែ | ឲ្យបង់ទ្រព្យគេ |
| | ឲ្យគេកើតទុក្ខ ។ | |
| អ្នកនេះនឹងទៅ | ទល់ទុក្ខនិត្យនៅ | រោរពនរក |
| បានបួនពាន់ឆ្នាំ | រងកម្មពុំសុខ | ព្រោះមាត់អាក្រក់ |
| | ពោលពាក្យមុសា ។ | |
| យម្ភូបាលយក | ដង្កាប់ដែកមក | ដុតដកជីវ្ហា |
| ឈាមហូរសស្រាក់ | កន្ត្រាក់អង្គា | ចោលចុះក្នុងនា |
| | រណ្តៅធំក្រៃ ។ | |
| ប្រាំពាន់ឆ្នាំណា | សួគ៌តុសិតា | ទើបបានមួយថ្ងៃ |
| រោរពនរក | រងទុក្ខរងភ័យ | យឺនយូរកម្រៃ |
| | កម្ររំដោះ ។ | |
| លុះរួចមកបាន | កើតជាប្រែតប្រាណ | អសោចិសូន្យសោះ |
| កម្មកើតអគ្គី | ឆេះពីមាត់នោះ | ស៊ីសឹងឈាមខ្ទុះ |
| | ជាតិជាអាហារ ។ | |
| ទើបកើតជាមនុស្ស | អាក្រក់ទុរយស | មាត់វៀចឆែបឆា |
| កើតជាមនុស្សល្ងង់ | គថ្លង់ឥតការ | ឥតកេរិ៍្តអសារ |
| | អាសោចិពីមាត់ ។ | |
| បើអ្នកឯណា | វៀរពាក្យមុសា | វាងវៀរគិតកាត់ |
| កាន់សច្ចវាទី | ស្រដីពាក្យសត្យ | នឹងបានសម្បត្តិ |
| | សួនសោយសុខា ។ | |
| ពិភពតុសិត | អាយុយឺនក្តាត់ | បួនពាន់វង្សា |
| មានទេពអប្សរ | បវរធីតា | បួនពាន់ជាតិជា |
| | បរិវារសព្វថ្ងៃ ។ | |
| ឋិតលើប្រាសាទ | ប្រសើរស្អាងស្អាត | សឹងកែវប្រពៃ |
| ខ្ពស់ម្ភៃប្រាំយោជន៍ | ស្រោងស្រោចត្រឈៃ | សុខសប្បាយក្រៃ |
| | ឥតឯឧបមា ។ | |
| ប្រាំបួនពាន់ឆ្នាំ | ទើបផលសោតចាំ | ចុះមកកើតនា |
| ត្រកូលក្សត្រិយ៍ក្សាន្ត | មែនមានប្រាជ្ញា | ទើបទៅកើតជា |
| | អ្នកប្រាជ្ញចេះធម៌ ។ | |
| មែនមានពាក្យសត្យ | ពាក្យពីរោះក្តាត់ | ចេះចាំអស់អាថ៌ |
| ចំណោទប្រស្នា | បញ្ហាសព្វសារ | ពើពុំទើសទាល់ |
| | ដល់ប៉ុនកេសី ។ | |
| សុរាមេរយា | រីមនុស្សផឹកស្រា | ភ្លេចភ្លាំងស្មារតី |
| ក្រសាលជាល្បែង | ពុំក្រែងវាវី- | បាកបាបស្រដី |
| | ពុំជឿធម្មា ។ | |
| នឹងធ្លាក់ទៅនៅ | នរកជ្រាលជ្រៅ | រូបរងវេទនា |
| ដល់ដាបនរក | ដល់ទុក្ខមហិមា | យឺនយូរគណនា |
| | ប្រាំបីពាន់ឆ្នាំ ។ | |
| ហេតុចិត្តវង្វេង | ផឹកទឹកទង់ដែង | ក្តៅក្តាត់ជោកជាំ |
| រលាករលុះ | ពងពុះដោយកម្ម | ប្រាំបីពាន់ឆ្នាំ |
| | និម្មានរតី ។ | |
| ទើបបានមួយថ្ងៃ | នរកយូរក្រៃ | លង់លុះឡើងពី |
| បាបបានកើតជា | យក្សាតិរ្ថិយ | ជាមនុស្សអប្រិយ |
| | សឹងឆ្កួតពុធ្យា ។ | |
| មានពាក្យអសុរោះ | ពាក្យរឹងត្រគោះ | លលើលលា |
| អ្នកផងតិះដៀល | ដំនៀលនិន្ទា | ជាមនុស្សមោហា |
| | ជួជាតិខ្លួនខ្លៅ ។ | |
| បើអ្នកឯណា | វៀរសេពសុរា | នោះនឹងបានទៅ |
| សោយសុខស្ថិតស្ថាន | ពិមានសន្ធៅ | សឹងកែវនិត្យនៅ |
| | និម្មានរតី ។ | |
| ពីព្រោះប្រាសាទ | សាមសិបយោជន៍ស្អាត | ប្រកបនឹងស្រី |
| ទេពអប្សរសួគ៌ | គាប់គួរប្រាំបី | ពាន់ឆ្នាំទិព្វពី |
| | នោះមកកើតជា ។ | |
| ត្រកូលមហាក្សត្រិយ៍ | សេពសោយសម្បត្តិ | សម្មតិទេវា |
| ស្តេចស្តែងថ្កើងថ្កាន | មែនមានចេស្តា | ប្រកបប្រាជ្ញា |
| | ចេះចាំធម៌គាប់ ។ | |
| មានចិត្តខ្លាចបាប | ខ្លាចពៀរដរាប | មានស្មារតីខ្ជាប់ |
| ជវនប្រាជ្ញប្រុះ | ឆ្លាស់ឆ្លុះវៃឆាប់ | ពាក្យពោលគំនាប |
| | គំនិតសោតធ្ងន់ ។ | |
| អំពើទាំងប្រាំ | ប្រការចូរចាំ | ចិត្តចេះគិតគន់ |
| បង់បញ្ចវេរា | កម្មជាទម្ងន់ | មិនមានមោះម- |
| | ន្ទិលទាស់ទោសទុក្ខ ។ | |
| រក្សាសីលប្រាំ | នេះនៃនឹងនាំ | រូបរួចបានសុខ |
| ទៀងទាល់និព្វាន | មិនមានឆោតឆុក | ផុតពីនរក |
| | សោយសួគ៌សម្បត្តិ ។ | |
| សម្បូណ៌បច្ចុប្បន្ន | បុណ្យបានទ្រព្យធន់ | ធួនទាំងមនុស្សសត្វ |
| សិទ្ធីទីស្ថាន | ស្ថិតប្រាណដុះខាត់ | ខឹងខំកម្ចាត់ |
| | កម្ចាយបាបកម្ម ។ | |
| កម្មពៀរវៀរចេញ | ចិញ្ចឹមចំណេញ | ចំណេះចេះចាំ |
| ចំណោទចោតសួរ | សំគួរបរិកម្ម | កម្មដ្ឋានចំណាំ |
| | វិបស្សនាហោង ។ | |
ចាកកម្ពុជសុរិយា
No comments:
Post a Comment