លោករ៉ាយ - ប៉ុក ក្រមការ រៀបរៀងជាពាក្យកាព្យ
ជាតិចំរើនដោយអក្សរសាស្រ្ត | មានបទបែបល្បះតាមមាត្រា |
សរសេរតាមជនជាតិខុសអក្ខរា | ប្រើខាងរាជការមេឃចុះអ័ព្ទ ។ |
ប្រែលោកភូមីភពស្រុកខេត្តខ័ណ្ឌ | ប្រែខ្លួនគ្រប់គ្រាន់ក្បួនប្រារព្ធ |
ប្រែច្បាប់វិទ្យាទាំងថ្ងៃយប់ | ទើបប្រទេសជប់មហាស៊ីវិល័យ ។ |
បណ្ឌិត្យបូរាណគ្រូអាចារ្យ | មាសពេជ្យរចនាភ្លឺប្រពៃ |
គួរគិតអប់រំជាតិនិស្ស័យ | ឲ្យបានថ្លាថ្លៃអនាគត ។ |
ព្យាយាមប្រមូលបណ្ឌិត្យប្រាជ្ញ, | ខំយកស្នូកបាចអវិជ្ជាពត់ |
សតវត្សៈដប់ប្រាំបួនកត់ | ធីរៈប្រវត្តិក្បួនសៀវភៅ ។ |
អក្សរសាស្រ្តអតីតលំបាកស្រាវ | បូរាណខំជ្រាវមិនយល់ផ្លូវ |
សម័យវរ្ម័នអង្គរនៅ | សិលាចារិកជ្រៅជ្រៀតមិនជ្រាប ។ |
ថែមមានសង្រ្គាមចលាចល | កម្ពុជាសកលកង្វល់ដាប |
ជាតិខ្មែរបានដល់ទុព្វលភាព | អក្សរសាស្រ្តរាបរកមិនយល់ ។ |
គួរគិតបកប្រែសៀវភៅរៀន | ចំណេះរបៀនក្រៅមណ្ឌល |
វិទ្យាគ្រប់បែបលោកដំកល់ | ដំកើងជាតិដល់ផលចំរើន ។ |
ខេមរាប្រុសស្រីខំរៀនសូត្រ | សោយអាហារលូតលាស់ក្រវើន |
តម្រិះចេះចាំប្រាជ្ញដាស់តឿន | នាំគ្នាត្រាច់ល្បឿនលាងមន្ទិល ។ |
ពូជឧស្សាហ៍ស្វាងសែងអាត្មាបាន | ធ្វើជាតិកល្យាណជាងពូជខ្ជិល |
ទាបថោកវង្សត្រកូលពាលខូចខិល | ម្ដេចកម្ពុជារំកិលទាន់សម័យ ។ |
មនុស្សម្នាក់ពុំអាចសម្រេចការ | ត្រូវធ្វើសាមគ្កាពលប្រស្រ័យ |
ប្រុសស្រីក្មេងចាស់ជួយវីនិច្ឆ័យ | ទើបឆ្នៃបានឈ្នះពីហីនជាតិ ។ |
ធម្មតាសិលាអាស្រ័យដែក | ញែកភ្លើងបំបែកធ្វើចេញធាតុ |
មនុស្សត្រូវពឹងមនុស្សប្រាជ្ញឱវាទ | សប្បុរសជាខ្នាតទើបពកខ្នែង ។ |
គួរអប់រំកាព្យឃ្លោងបាទកវី | បទបែបពេញទីភ្លឺស្វាងសែង |
ពាក្យពេចន៍ឃ្លោងឃ្លានិពន្ធតែង | ឲ្យចេញភ្លើងផ្សែងផ្សព្វលោកា ។ |
រុក្ខជាតិព្រឹក្សព្រៃកាប់មកភ្លាម | កុំភ្លេចឈូសនាមចាំងបន្ទារ |
គូសបន្ទាត់ដាប់កែតាមប្រាថ្នា | ធ្វើគ្រឿងទព្វសម្ភារគ្រឹហាបាន ។ |
ព្យាយាមដំដែកសព្វទិវា | កើតជាងរចនាប៉ូវថៅថ្កាន |
ប្រទេសថ្កើងប្រុសស្រីព្យាយាមប្រាណ | ប្រឹងប្រែងយកឋានសោភ័ណភព ។ |
គួររៀនវិទ្យាសាស្រ្តសម័យ | កាយវិការប្រស្រ័យចិត្តប្រារព្ធ |
មនុស្សព្រឹក្សចិត្តសាស្រ្តចាកយប់ | យោងជាតិប្រសប់ចម្រើនយស ។ |
យកសត្វភមរាជាឧបសម័យ | ធ្វើជាតិឲ្យថ្លៃសោភ័ណខ្ពស់ |
ជញ្ជាបយកកេសរគន្ធរស | រុករកស្វែងស្វះធ្វើសំបុក ។ |
កុំត្រាប់កង្កែបគុម្ពឈូកនៅ | ត្រាប់កន្លង់ដៅផុតពីកលីយុគ |
នៅឆ្ងាយហើរឈមដម្រង់មុខ | មកក្រេបរសសុខបានសួស្ដី ។ |
កុំត្រាប់មេអំបៅត្រាច់សប្បាយ | មិនយល់ខ្លឹមស្រាយធម៌វិន័យ |
ត្រូវយកទទាចងនិស្ស័យ | លលកបច្ច័យឆ្វែលជុំទ្រុង ។ |
វិទ្យាសាស្រ្តអប់រំយូរកាល | កបចេះភ្លឺច្រាលយល់ក្រៅក្នុង |
រកឃ្នាបប្រាជ្ញាផុតលិចលង់ | ឡើងចាកភក់ផុងកើតប្រាជ្ញប្រាយ ។ |
ធម្មតាគ្រាប់ឈើក្នុងប្រថពី | ខំរើវក់វីញែកកកាយ |
យល់សែងសុរិយាក្លាពីនាយ | ទើបផ្សាយដើមទងដុះដាលឡើង ។ |
ដើមដូងស្រូបយកទឹកល្អកក្រោម | ត្រាច់ដាក់ឈមត្រង់មិនព្រងើយ |
ក្នុងរលាសាច់ផ្លែមិនខ្លាចនឿយ | ប្រែទឹកផ្អែមហើយហូរត្រជាក់ ។ |
គួររៀនប្រវត្តិសាស្រ្តខេមរា | ឲ្យជាតិថ្លៃថ្លាប្រាថ្នាស្ម័គ្រ |
គោកធ្លកព្រះថោងចិនឡាថ្នាក់ | មហារាជព្រហ្មណ៍ជាក់វង្សវរ្ម័ន ។ |
សម័យហ្វូណង់ស្ដេចអង្គរ | ប្រាសាទបវរល្អថ្កើងថ្កាន |
ពោរពាសពេញដែនដីទិព្វស្ថាន | នានាប្រទេសបានបបខ្លបខ្លាច ។ |
ពូជតាត្រសក់ផ្អែមគួរផ្អូកនឹក | កម្ពុជាគោកទឹកមហាអំណាច |
មហារាជឧដុង្កភ្នំពេញអាច | ចូលភ្លើងមមាចនិទ្រ្ទាលក់ ។ |
ប្រវត្តិសាស្រ្តនាំគ្នាស្នេហាជាតិ | ព្យាយាមសង្វាតកុំងោកងក់ |
ក្មេងចាស់សញ្ចរលឿនទៅមុខ | ញ៉ាំងក្លាហានទុកមរដកកេរ្តិ៍ ។ |
បើបានជាបាបលោកុត្តរ | បើស្វែងបុណ្យល្អនិព្វានេ |
បើឡើងគិរីកុំរិះរេ | ព្យាយាមគ្នាន់គ្នេរកំពូលលើ ។ |
បើបានធ្វើស្រែច្រូតកាត់ស្រេច | បើប្រើកលល្បិចកុំស្ទាក់ស្ទើរ |
បើចង់ស្ទួយជាតិឲ្យខំដើរ | ដំណើរនឿយហត់ទុក្ខកុំគិត ។ |
បើចង់បានពេជ្រខំកកាយ | បើចង់ភ្លឺសាយចូលងងឹត |
បើចង់បានសុខឲ្យហាត់ចិត្ត | សាមគ្គីមូលមិត្តជាតិផុតមារ ។ |
បើធ្វើកិច្ចការបរាជ័យ | ប្រឹងទាំងជើងដៃរងទុក្ខា |
ចាត់ធ្វើម្ដងទៀតមនោក្លៀវក្លា | គង់សម្រេចប្រាថ្នាប្រយោជន៍ធំ ។ |
ពូជធារក្លាហានអប់រំក្មេង | រុក្ខាព័ទ្ធពែងពីខ្ចីសំ |
ចង់បានប្រាជ្ញាឲ្យខំដំ | ញយ ៗ ប្រជុំផលញឹកញាប់ ។ |
គួររៀនចេះចាំលេខគនិត | នព្វន្តគួរគិតយល់សព្វគ្រប់ |
ចេះក្រែលបានគ្រាន់ប្រាជ្ញប្រសប់ | ប្រសើរក្នុងភពគង់ផុតភ័យ ។ |
បូរាណពោលថាវាចាឯក | ខាងលេខជាទោតាមញាណញេយ្យ |
ក្មេងចូរស្វាធ្យាយស្អាងនិស្ស័យ | ចាស់ហើយយប់ថ្ងៃកុំភ្លេចប្រាណ ។ |
បើចំណេះជាប់ចេះបច្ចុប្បន្ន | ផ្ដិតចេះគយគន់កបច្រើនស្ថាន |
ចេះអនាគតតាមលំអាន | ប្រោសមនុស្សឲ្យបានឋានសប្បុរស ។ |
ប្រទេសមានបុព្វបុរសនាំ | ថែទាំទាល់ឃើញដល់ត្រើយកោះ |
កោរកែប្រែជាតិកោសគិតស្មោះ | ទើបផ្លោះផ្លាស់សម័យលោកា ។ |
ធ្វើការត្រូវត្រាប់អ្នកស្ទួចត្រី | ត្រួតនុយប្រស្រ័យអប្បមាទា |
ស្ទង់មើលស្ទាបគិតកលប្រាជ្ញា | ស្រេចទាញមច្ឆាយកអាស្រ័យ ។ |
កុំឲ្យទុកចិត្តសត្វមនុស្សា | លលូកលាតលាវិនិច្ឆ័យ |
ចរិតមារយាទពាក្យបច្ច័យ | ឲ្យយល់ថោកថ្លៃពាលបណ្ឌិត ។ |
គួររៀនភូមិសាស្រ្តកម្ពុជា | ភាពជាតិអាត្មារាជការគិត |
ចំនួនមនុស្សឈ្មោះក្រុងពិនិត្យ | សេដ្ឋកិច្ចប្រព្រឹត្តទំនៀមស្រុក ។ |
ជាតិខ្មែរមិនស្គាល់កម្ពុជា | ស្វាធ្យាយសាសនាតាមទំនុក |
មិនដឹងពុទ្ធប្រវត្តិពូជកុក | មិនស្គាល់បឹងថ្លុកទ្រនំខ្លួន ។ |
ស្គាល់ខ្លួន ៗ ឯងលំបាកផុត | ស្គាល់ដទៃពុតខ្មែរចិនយួន |
ស្គាល់ភពលោកមេឃភាពច្បាប់ក្បួន | ស្គាល់លោកធម៌សួនលំបាកប្លែក ។ |
គួររៀនចងចាំប្រាជ្ញមេធី | ឲ្យស្គាល់ពេញទីមនុស្សសត្វញែក |
តក្កវិទ្យាស្វាធ្យាយសែក | សេពសំទតមែកដើមឫសគល់ ។ |
ឆ្ងល់សង្ស័យនាំមានប្រាជ្ញា | បើបានជាថាឲ្យមានផល |
បើបានជាដើរខំឲ្យដល់ | បើបានជាជល់កុំខ្លាចស្លាប់ ។ |
ឧស្សាហ៍ព្យាយាមទើបបានចេះ | ចង់បេះផលាដាំប្រារព្ធ |
ហេតុមនុស្សសត្វងងិតយប់ | បថមកល្បគ្រប់ស្ដាប់មិនឮ ។ |
កលោកទឹកដីព្រៃព្រឹក្សា | កជាតិសាសនាយល់ស្ទាក់ស្ទើរ |
បើមានបាវព្រាយឲ្យចេះប្រើ | ប្រាជ្ញាដំណើរនាមរូបធាតុ ។ |
បញ្ចក្ខន្ធបំបែកញែកតាមការ | ឲ្យស្គាល់រូបនាមាតាមក្បួនខ្នាត |
ចក្រវាឡតូចធំខំសង្វាត | លោកធាតុឱវាទឲ្យយល់ស្ដែង ។ |
គួររៀនវិទ្យាហោរាសាស្រ្ត | តារាឆ្លៀតឆ្លះខំប្រឹងប្រែង |
ស្គាល់ចរិតចរិយាផលភ្លើងផ្សែង | មេឃផ្កាយសំដែងរាសីចន្រ្ទ ។ |
ចូរប្រុសស្រីដែនកម្ពុជា | ស្រឡាញ់គ្រប់គ្នាវិទ្យាគ្រាន់ |
លោកធម៌និស្ស័យឲ្យបានទាន់ | សម័យលោកកាន់កបចេស្ដា ។ |
ទើបហៅស្រឡាញ់មាតុភូមិ | សាមគ្គីព្រៀងព្រមស្អាងវិទ្យា |
ស្រឡាញ់ជាតិទឹកដីព្រៃព្រឹក្សា | ស្រឡាញ់ពុទ្ធសាសនាបានថ្លាថ្លៃ ។ |
វិទ្យាជាប្រទីបផុះប្រាជ្ញា | ធ្វើជនខេមរាថ្កើងយប់ថ្ងៃ |
វិទ្យាកបគុណល្អប្រពៃ | ប្រាជ្ញាបណ្ឌិតចរណៃដំកើងជាតិ ។ |
នារីរតន៍បុរសអាជានេយ្យ | ដឹកនាំប្រស្រ័យខ្មែរឆ្លៀវឆ្លាត |
ទើបឆ្លុះសិរីត្រកូលញាតិ | សួស្ដីលោកធាតុល្បីអស្ចារ្យ ។ |
វិទ្យាជាបិតារចនាគ្រប់ | រដ្ឋាភិបាលសព្វតាមឋានា |
សង្គមដុះដាលរៀបរាជការ | នយោបាយខេមរាចំរើនសុខ ។ |
កែប្រែខ្មែរឲ្យទាន់កាល | មានរស្មីភ្លឺច្រាលផុតពីទុក្ខ |
កែទឹកដីសាសនាតាមទំនុក | ជាតិចេញចាកភក់ភពស៊ីវិល័យ ។ |
កែមតិទិដ្ឋិជនជាតិបាន | កែចរិយាឈានត្រាច់យប់ថ្ងៃ |
ចំរើនសោភ័ណឆ្លងជលាល័យ | នាវាសុវណ្ណជ័យដល់ត្រើយត្រាន ។ |
កង់លោកវិលសព្វគ្រប់ទិវា | ជនជាតិខេមរាវិលគ្រប់ប្រាណ |
ប្រឹងប្រែងព្យាយាមកុំអាក់ខាន | ដល់ស្ថានឯករាជ្យប្រជាធិបតេយ្យអើយ ។ |
No comments:
Post a Comment