ព្រះពុទ្ធោវាទ
ប្រាប់អំពីជនដែលគួរសេពគប់ និងដែលមិនគួរសេពគប់
ន កជេ បាបកេ មិត្តេ | ន កជេ បុរសាធមេ |
កជេថ មិត្តេ កល្យាណេ | កជេថ បុរិសុត្តមេ។ |
បុគ្គលមិនគួរសេពគប់បាបមិត្រឡើយ, បុគ្គលមិនគួរសេពគប់បុរសអធម (១) គឺបុរសលាមក (ឬស្ត្រីលាមកា) ឡើយ; បុគ្គលគួរសេពគប់កល្យាណមិត្រ, គួរសេពគប់បុរសឧត្ដម (ឬស្ត្រីឧត្ដមា)។
ពាក្យកាព្យឲ្យងាយចាំ
ពាក្យ៧
ពាក្យ៧
បុគ្គលពុំគួរសេពគប់មិត្រ | ចិត្តបាបទុច្ចរិតអាក្រក់ក្រៃ |
បុរសអធម (១) ឥតតម្លៃ | លាមកចង្រៃកុំសេពគប់។ |
គួរសេពគប់តែមិត្រកល្យាណ | មានចិត្តក្សេមក្សាន្តឥតឧបទ្រព |
បុរសឧត្ដមសមទាំងគ្រប់ | គួរតែសេពគប់កុំបោះបង់។ |
គប់ពាលពាលនាំទៅរកខុស | គប់ប្រាជ្ញជាប្រុសកាន់ពេញអង្គ |
ឬស្រីដែលមានចិត្តផ្ចិតផ្ចង់ | ស្លូតត្រង់នាំត្រង់មករកត្រូវ។ |
រីការសេពគប់នេះតែងឆ្លង | ទោះឥតបំណងឲ្យខុសផ្លូវ |
ក៏តែងដិតដោយតាមគ្នាទៅ | ពុំនៅតាមធម្មតាឡើយ។ |
មនុស្សខ្ចកឃ្វាលសេះឥតខ្ចកសោះ | សេះបោះជំហានតាមរឿយៗ |
ដោយវាហាត់តាមពុំកន្តើយ | ពុំយូរលង់ឡើយសេះខ្ចកដែរ។ |
ព្រោះវាហាត់ធ្វើតាមគង្វាល | ដាលរាលឲ្យចិត្តវាងាកបែរ |
វាដើរប៉ាល់ពើកប៉ាក់ពើកដែរ | ព្រោះតែយល់ថាគេបង្ហាត់។ |
ទោះបីជាតិឈើជាតិលតា | វាសេពគប់គ្នាត្រាតែភាត់ |
ឆ្លងតាមគ្នាវាមិនបាច់ហាត់ | រែងបាត់ភាពដើមខ្លះពុំខាន។ |
ជាតិល្វីងលាយគ្នានឹងជាតិផ្អែម | ធ្វើជាបង្អែមប្រើការបាន |
ព្រោះការសេពគប់អាចរុញច្រាន | ភាពដើមប៉ុន្មានឲ្យប្រែក្លាយ៕៚ |
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃអង្គារ ទី២៣ កក្កដា ២៥១២
១៩៦៨
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ១៩៦៨
ស្រង់ពីសៀវភៅស្នាព្រះហស្តក្រោយបង្អស់នៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត
No comments:
Post a Comment