ឱអង្គអញអើយ កំព្រាអស់ហើយ រំពឹងនរណា
ពីមុនមានម៉ែ ហើយនិងជីតា គ្រាន់លួងចិត្ដា
ពេលដែលមានទុក្ខ ។
ពេលនេះរលាយ គ្មានសល់ក្នាក់ឡើយ ខានបានយល់មុខ
គ្មានអ្នកកំដរ ជួយរំលែកទុក្ខ ខ្សត់ណាស់ក្ដីសុខ
ក្នុងដួងចិន្ដា ។
កាលពីលោកនៅ ទោះបីខុសត្រូវ គង់យល់អធ្យា
បង្ខំចិត្តឯង ទៅតាមប្រាថ្នា ឧ្យតែបុត្រភ្ងា
ស្ងួនបានសប្បាយ ។
ទោះមានរឺក្រ ក៏ម៉ែមិនថ្ងូរ រិះរកខ្វល់ខ្វាយ
កូនចង់បានអ្វី ក៏ម៉ែមិនស្ដាយ ចាត់ចែងចំណាយ
មិនឧ្យកីនគិត ។
ពេលនេះកូនយល់ ថាម៉ែខ្វាយខ្វល់ ស្រឡាញ់អាណិត
ថ្វីបើរូបកូន កំព្រាឪពិត តែម៉ែផ្គាប់ចិត្ត
មិនឧ្យចាញ់គេ ។
ឱ!អ្នកម្ដាយអើយ កូននឹកឥតស្បើយ នឹកមកដល់ម៉ែ
នឹកកាលពីតូច ម៉ែច្រៀងបំពេរ លួងលោមឧ្យល្ហែរ
មិនឧ្យកូនយំ ។
ពេលនេះគ្មានអ្នក ទោះជាអួលអាក់ កើតទុក្ខប៉ុនភ្នំ
ក៏គ្មាននរណា មកជួយសើចយំ ពេលជួបទុក្ខធំ
ពួនយំម្នាក់ឯង ។
ឱៈ ឱ!លោកតា លោកលាលោកា ចោលចៅកណ្ដែង
ដឹងទេថាចៅ សែនសោកសង្រែង ព្រោះនៅម្នាក់ឯង
ក្នុងភពងងឹត ។
កាលពីលោកនៅ លោកប្រៀនប្រដៅ ដោយក្ដីអាណិត
ឧ្យចេះចង់រស់ តស៊ូជីវិត ផ្ដល់កម្លាំងចិត្ត
ផ្ដល់ម្លប់ចិន្ដា ។
ឥឡូវអស់ហើយ ឱលោកតាអើយ ចៅពឹងនរណា
ក្រៅពីរូបលោក គ្មានអ្នកមេត្តា ផ្ដល់ធម៌ករុណា
ដូចរូបលោកទេ ។
បើសិនលោកនៅ ម៉្លេះសមរូបចៅ រីករាយម្ដេចទេ
ចៅនឹងលើកទូល បីបមថ្នមថែ មិនឧ្យលោករេ
អាក់អន់ចិត្តឡើយ ។
ពេលនេះគ្មានទេ ទោះខំសរសេរ ក៏មិនបានស្បើយ
នៅតែកំព្រា រងារគ្មានល្ហើយ ល្ហែរក្នុងចិត្តឡើយ
ដោយសារគ្មានអ្នក ៕
និពន្ធនៅថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ១៩៩៤ |
No comments:
Post a Comment