កតញ្ញូតា
ភាវៈនៃអ្នកដឹងគុណ
បទកាកគតិ
កតញ្ញូតា | មានន័យប្រាប់ថា | ជនកតញ្ញូ | ||
ត្រូវតែប្រព្រឹត្ត | តាមបែបគំរូ | ដែលព្រះជាគ្រូ | ||
| ប្រាប់ឲ្យតបគុណ ។ | | ||
មាតាបិតា | គ្រូឧបជ្ឈាយ៍ | សុទ្ធតែស្រែបុណ្យ | ||
ជនណាក៏ដោយ | ដែលគេមានគុណ | ក៏ជាស្រែបុណ្យ | ||
| ដែលត្រូវសាបព្រោះ ។ | | ||
បណ្តុះពូជបុណ្យ | ក្នុងស្រែជាគុណ | កុំឲ្យមានមោះ | ||
បុណ្យនឹងកើតកើន | ចម្រើនឥតខ្ចោះ | ត្រូវមានចិត្តស្មោះ | ||
| កុំលុបបុណ្យចោល ។ | | ||
កុំគ្រាន់តែថា | មាតាបិតា | មានគុណជាគោល | ||
មាត់ថាត្រូវតប- | គុណកុំច្បោលៗ | ធ្វើដែរស្រាលៗ | ||
| សោះតែគេថា ។ | | ||
ជនអ្នកតបគុណ | ព្រះពុទ្ធមានបុណ្យ | ទ្រង់ត្រាស់ទេសនា | ||
សរសើរញឹកញយ | មានក្នុងសាស្ត្រា | គម្ពីរដីកា | ||
| គួរយើងចង់ចាំ ។ | | ||
ចេះចាំហើយធ្វើ | ដោយចិត្តអើពើ | ឲ្យស៊ប់ឲ្យស៊ាំ | ||
ឲ្យស្និទ្ធដឹងគុណ | គុណតែងថែទាំ | ពុំមានខ្ទេចខ្ទាំ | ||
| ព្រោះតបគុណទេ ។ | | ||
ជនមានចិត្តខ្សោយ | ច្រើនតែធ្វេសធ្លោយ | រមិលគុណគេ | ||
អាងព្រេងសំណាង | ពីក្នុងបុព្វេ | ប្រហែសធ្វេសទ្វេ | ||
| ព្រងើយកន្តើយ ។ | | ||
អ្នកប្រាជ្ញប្រាប់ថា | ជនប្រុសស្រីណា | លុបគុណចោលហើយ | ||
ជនប្រុសស្រីនោះ | ពុំមានសុខស្បើយ | យូរប៉ុន្មានឡើយ | ||
| រែងតែធ្លាក់ខ្លួន ។ | | ||
កំពុងបានសុខ | ស្រាប់តែមានទុក្ខ | ចេញមកផ្ទួនៗ | ||
ឲ្យផលកំណាច | ឃោរឃៅឥតស្ងួន | ទោសមកពីខ្លួន | ||
| រមិលគុណគេ ។ | | ||
ទេព្តាគេខឹង | ព្រោះខ្លួនរឹងត្អឹង | អាងបុណ្យបុព្វេ | ||
ទោសបច្ចុប្បន្ន | ជិះជាន់ឥតល្ហែ | ភ័ព្វព្រេងបុព្វេ | ||
| បើមានក៏ផ្អាក ។ | | ||
ទោសរមិលគុណ | រារាំងមុខបុណ្យ | ព្រេងឲ្យសម្រាក | ||
បង្អង់ឈប់សិន | បាបថ្មីវិបាក | ឲ្យផលឥតស្រាក | ||
| ព្រោះបានឱកាស ។ | | ||
បុណ្យបាបចាស់ថ្មី | តែងតែរំពៃ | ពុំមែនផ្តេសផ្តាស | ||
កាលមានចន្លោះ | ត្រូវពេលសស្រ៊ាស | ហាក់ដូចប្រកាស | ||
| ប្រាប់ថាត្រូវអញ ។ | | ||
ចេញមុខផ្តល់ផល | សុខទុក្ខឲ្យដល់ | ជនណាដែលកាញ់ | ||
កសាងបង្កើត | កំណើតជាអញ | អញជាសម្លាញ់ | ||
| ត្រូវអញឲ្យផល ។ | | ||
រីបុណ្យឬបាប | ដែលមានសភាព | ជាកម្មតែងផ្តល់ | ||
សុខទុក្ខឲ្យជន | អ្នកធ្វើឲ្យដល់ | នូវក្តីសល់វ៉ល់ | ||
| ឬក្តីសុខសាន្ត ។ | | ||
បាបតែងរារាំង | បុណ្យឲ្យនៅគាំង | ផ្អាកសិនពុំបាន | ||
ចេញមុខឲ្យផល | ជាសុខសម្រាន្ត | អ្នកធ្វើតែងបាន | ||
| ទទួលរងទុក្ខ ។ | | ||
បុណ្យក៏រារាំង | បាបឲ្យនៅគាំង | ផ្អាកពុំចេញមុខ | ||
ព្រោះមានឱកាស | បុណ្យផ្តល់ក្តីសុខ | សុទ្ធតែមានមុខ | ||
| ទីទៃពីគ្នា ។ | | ||
ហេតុនោះគួរជន | កុំនៅទម្រន់ | ក្នុងក្តីខ្ជីខ្ជា | ||
គួរកសាងបុណ្យ | មានគុណមហិមា | ទើបបានឈ្មោះថា | ||
| អ្នកស្រឡាញ់ខ្លួន ។ | | ||
| ព.ស.២៥១២ | |||
វត្តឧណ្ណាលោមភ្នំពេញ, ថ្ងៃទី ២៦ ខែធ្នូ | ----------------- | |||
| គ.ស.១៩៦៨ | |||
| ព្រះហស្ថលេខា សម្តេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ អ.ប.ស.-អ.ម.រ ស្រង់ចាកសៀវភៅទស្សនៈ សម្តេចព្រះសង្ឃរាជ ជួន ណាត |
No comments:
Post a Comment