អំពើអាក្រក់ឆក់ចិត្តឲ្យងាយធ្វើ
សុករានិ អសាធូនិ | អត្តនោ អហិតានិ ច |
យំវេ ហិតញ្ច សាធុញ្ចា | តំ វេ បរមទុក្ករំ។ |
អសាធុកម្ម គឺអំពើរបស់អសប្បុរសទាំងឡាយ ជាអំពើឥតផលប្រយោជន៍ដល់ខ្លួន គេងាយធ្វើទេ, ឯអំពើណាជាសាធុកម្មរបស់សប្បុរសដែលជាអំពើផ្ដល់ផលប្រយោជន៍ (ដល់ខ្លួន) អំពើនោះឯងគេពិបាក ធ្វើណាស់ គឺមិនងាយនឹងធ្វើកើតទេ។
ពាក្យកាព្យងាយចាំ
ពាក្យ៩
ពាក្យ៩
កម្មអាក្រក់តែងទាញឆក់ចិត្តជនផង | ឲ្យកន្លងផុតប្រយោជន៍របស់ខ្លួន |
គេពុំខ្លាចគេអាចហ៊ានធ្វើផ្ទួនៗ | ទោះបីខ្លួនបានវិនាសក៏ពុំរាង។ |
រីកម្មណាជាសាធុល្អប្រពៃ | មានកម្រៃអាចនាំខ្លួនឲ្យចៀសវាង |
ផុតចាកទោសឥតរឱសក៏អ្នកនាង | ខ្លះច្រើនឃ្វាងកម្របានធ្វើកម្មន៕៚ |
ព្រះបរមពុទ្ធោវាទមួយយ៉ាងថា
សុករំ សាធុនា សាធុ | សាធុ បាបេន ទុក្ករំ |
បាបំ បាបេន សុករំ | បាបមរិយេហិ ទុក្ករំ។ |
សាធុកម្ម គឺជាអំពើកុសល ជនជាសប្បុរសងាយធ្វើកើតសាធុកម្ម ជនចិត្តបាបពិបាកធ្វើណាស់ គឺមិនងាយនឹងធ្វើកើតទេ អំពើបាប ជនចិត្តបាបងាយធ្វើកើត អំពើបាប អរិយជន គឺជនអ្នកប្រសើរដោយសីលធម៌ ពិបាកធ្វើណាស់ គឺមិនងាយនឹងហ៊ានប្រថុយធ្វើឡើយ។
ពាក្យកាព្យឲ្យងាយចាំ
ពាក្យ៩
ពាក្យ៩
សាធុជនស្រឡាញ់បុណ្យងាយធ្វើបុណ្យ | ឯទុជ៌នចិត្តទំរន់ធ្វើពុំកើត |
បើបាបវិញគេងាយធ្វើពុំញញើត | អ្នកប្រាជ្ញឆើតធ្វើពុំកើតព្រោះខ្ពើមបាប៕៚ |
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃពុធ ទី២៤ កក្កដា ២៥១២
១៩៦៨
១៩៦៨
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ស្រង់ពីសៀវភៅស្នាព្រះហស្តក្រោយបង្អស់នៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត
No comments:
Post a Comment