| វិស័យចិត្តល្អនឹងក្រខ្លួន | មើលក្បួនលំអានបុរាណប្រាម |
| ការខុសចោលទៅការត្រូវតាម | ឯតាមគួរកាត់រំលត់ខ្លះ ។ |
| កុំទៅបណ្ដោយឲ្យវាឆេះ | ក្រែងទាល់ចំណេះលត់មិនឈ្នះ |
| នឹងបង់របស់អស់តបះ | កាន់មានៈគង់មនុស្សគេនិន្ទា ។ |
| គិតអ្វីឲ្យវែងកុំបែងខ្លី | វិស័យចង់ស្រីមើលឫកពា |
| ផ្គាប់ស្ដេចតោងមើលព្រះទ័យា | ផ្គាប់រាស្រ្តដូចគ្នាតោងមើលចិត្ត ។ |
| ភ្ញៀវមកតោងមើលអាការចេញ | ពោលពាក្យម្ដេចមិញគង់ឃើញពិត |
| ពាក្យស្លែងរែងស្លូតជួនជាមិត្រ | ពាក្យពិតជួនពាលមមាលវិញ ។ |
| ពាក្យលេងជួនឡកលប្រាជ្ញា | ពាក្យព្រាងមុសាការគេដេញ |
| អួតខ្លួនតោងឃ្លាតពីខ្លៅចេញ | ស្រឡាញ់តោងថ្នមលោមមើលចិត្ត ។ |
| គេលើកកុំឡើងទៅតាមយស | ឡើងខ្ពស់មើលទាបរក្សាមិត្រ |
| ដើរមុខទុកក្រោយកុំឲ្យជិត | លោកប្រែតោងប្រព្រឹត្តចិត្តកុំប្រែ ។ |
| កាន់ប្រាជ្ញកុំប្របសម្របតាម | ហួសហើយកុំហាមឲ្យតាមកែ |
| បទខ្លីតោងវៀរវៀសបែរ | រៀនស្នេហ៍តោងស្និទ្ធចិត្តឲ្យស្ងួន ។ |
| ប្រាក់មានលើកឲ្យគេខ្ចីទៅ | ចំណេះចេះនៅតែក្នុងក្បួន |
| ប្រពន្ធនៅឆ្ងាយអំពីខ្លួន | ដល់ជួនត្រូវការរអារចិត្ត ។ |
| ចេះច្រើនលំបាកយ៉ាតនឹងគេច | ចេះតិចព្រួយប្រាណរំខានគិត |
| ល្ងង់ល្ងើប្រើការដូចងងឹត | ឥតបើគិតមិនកើតការនោះបាន ។ |
| តាំងខ្លួនតោងឃ្លាតពីខ្លៅចេញ | វែងណាស់លលេញហួសប្រមាណ |
| លក់ដូរមើលដើមឲ្យដឹងដាន | គិតអានសឹមធ្វើតាមប្រាជ្ញា ។ |
| ទូកលឿនជិះលុបអុំឲ្យលិច | ត្បូងពេជ្ររឹងម្ដេចគង់ប្រេះឆា |
| ទីស្ងាត់ប្រយ័ត្នចេញវាចា | គិតអាថ៌ឯណាកុំអាងជិត ។ |
| ភ្លាត់មាត់មិនទប់កំពប់ប្រាក់ | ភ្លាត់ជើង ៗ បាក់មានថ្នាំបិទ |
| ភ្លាត់ការគង់កែបំបែរគិត | ភ្លាត់ចិត្តគង់ចាប់ទៅតាមចេះ ។ |
| យល់ញាតិឃ្លាតច្បាប់ចាប់រវាត | យល់ការគង់ឃ្លាតឃ្លៀងចំណេះ |
| ដំរីជើងបួនគង់ភ្លាត់អេះ | អ្នកប្រាជ្ញដែលចេះគង់ភ្លាត់ខ្លះ ។ |
| ចាប់ត្រីដៃពីរតម្រាហាម | ចាក់អង្ករយកអង្កាមហាមមិនឈ្នះ |
| អុំទូកឡើងភ្នំខំមានៈ | ព្រះទៅសំពះឯបាយាប ។ |
| ស្លៀកសសាងព្រឹតចិត្តនៅខ្មៅ | ចោលប្រាជ្ញតាមខ្លៅចង់ចៀសបាប |
| លូកវែកឲ្យដឹងរសប្រៃសាប | យកខ្សាច់មកគាបបានប្រេងឬ ។ |
| ឫស្សីធ្វើក្លាក់ដាក់គ្មានថ្នាំង | គងស្គររគាំងវាយមិនឮ |
| សុរិយាមិនយកជាពន្លឺ | កាន់ជឿអំពិលអំពែកសត្វ ។ |
| ចងអ្វីមិនខ្ជាប់ស្មើសង្សារ | ការអ្វីមិនស្មើការប្រតិបត្តិ |
| ស្ងាត់អ្វីមិនស្មើចិត្តដែលស្ងាត់ | កាចអ្វីមិនស្មើជនពាលា ។ |
| រោគអ្វីមិនស្មើឃ្លាន | ទានអ្វីមិនស្មើទានទេសនា |
| មានអ្វីមិនស្មើមានប្រាជ្ញា | ជាអ្វីមិនស្មើចិត្តជាបុណ្យ ។ |
| រហ័សអ្វីមិនស្មើចិត្តដែលនឹក | មុតអ្វីមិនស្មើទឹកហូរជោរជន់ |
| ធ្ងន់អ្វីមិនស្មើព្រះគុណធ្ងន់ | ធន់អ្វីមិនស្មើប្រពន្ធប្រើ ។ |
| មើលមេឃតោងមើលទៅទេវតា | ចូលព្រៃព្រឹក្សាតោងមើលលើ |
| យកមិត្រមើលចិត្តឲ្យស្មោះស្នើ | យកក្លើតោងមើលឲ្យសមប្រាណ ។ |
| ធ្វើស្រែចំការឲ្យមើលស្មៅ | ទុកដាក់កូនចៅមើលសន្ដាន |
| ធ្វើទីលំនៅមើលភូមិឋាន | បរិភោគប្រមាណមើលអាហារ ។ |
| ដាវ មុត ៗ មែននៅក្នុងស្រោម | វិជ្ជាចេះព្រមមិនត្រូវការ |
| ជាតិស្រីឥតប្ដីនឹងព្យាបាល | គផសារឥតហ្មនឹងប្រដៅ ។ |
| ទឹកខ្លាចគេដងទុកដំកល់ | ជាតិដែក ៗ ដុលខ្លាចដំឆៅ |
| គ្រញូងខ្លាចធ្វើខ្នួចកួចដូចស្មៅ | ទូកខ្លាចគេទៅជាន់គែមផ្អៀង ។ |
| ហោរាប្រយ័ត្នមាត់រអិល | ជាងទងកាន់សីលប្រយ័ត្នទៀង |
| ចៅក្រមប្រយ័ត្នមិនលំអៀង | អ្នកផ្ទៀងប្រយ័ត្នបាត់អក្ខរា ។ |
| លលេងកូនក្មេងគង់អាប់យស | លលេងនឹងពស់គង់ចឹកផ្សា |
| លលេងអ្វី ៗ គង់គេថា | លេងស្រីលេងស្រាគង់ឆ្កួតចិត្ត ។ |
| ឯស្រានឹងស្រីបីនឹងល្បែង | គួរលះគួរលែងកុំប្រព្រឹត្ត |
| ព្រោះនាំឲ្យខ្វល់អំពល់ចិត្ត | វិបរិតផ្ដាស ៗ ក្នុងលោកិយ ។ |
| តែថាឯស្រានឹងការល្បែង | គួរលះគួរលែងបានមិនអ្វី |
| ឯត្រង់ចំណង់នឹងស្រី ៗ | លោកិយឃើញក្របើលះបាន ។ |
| លះបានតែលោកព្រះយោគា | ភាវនាចំរើនព្រះកម្មដ្ឋាន |
| បន្ថយក្ដីស្រេកសម្រេកឃ្លាន | តាំងនៅក្នុងឈានស្ងប់ស្ងាត់អើយ ។ |
2011-09-10
បុរាណសុភាសិត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment