សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ប្រវត្តិអាពាហ៍ពិពាហ៍

2011-09-04

ប្រវត្តិអាពាហ៍ពិពាហ៍

តាមប្រភពអ្នកស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ខ្មែរបានឲ្យដឹងថា៖ ការរៀបចំផ្សំផ្គុំកូនប្រុសស្រីឲ្យមាន ស្វាមីភរិយា ឬហៅថាការរៀបអាពាហ័ពិពាហ៍នោះ ចាស់ទុំបុរាណលោកបានចែកចេញជា ២ ផ្នែកគឺ៖

          អាវាហមង្គល និងវិហាហមង្គល ។
          ដែលជាពាក្យមកពីប្រភពដើមនៃភាសាសំស្ក្រឹត អាវាហមង្គលមានន័យថា៖​ «ការនាំយក កូនប្រុសមករៀបការនៅផ្ទះខាងស្រី» រីឯពាក្យ វិវាហមង្គល មានន័យថាការនាំយកកូនស្រីទៅរៀប ការនៅផ្ទះខាងប្រុស ។ តែមកដល់បច្ចុប្បន្ន ពាក្យទាំងពីរនេះ ត្រូវបានគេដាក់បញ្ចូលគ្នាអស់ទៅ ហើយ អ្នកសិក្សាស្រាវជ្រាវដដែលបានបញ្ជាក់ថា៖ ការរៀបអាពាហ៍ពិពាហ៍នៅក្នុងសម័យបុរាណ គឺឪពុក ម្តាយទាំងសងខាងក៏បានធ្វើការពិនិត្យពិស្ច័យយ៉ាងហ្មត់ចត់ណាស់ មិនបណ្តោយឲ្យកូនចៅជ្រើស រើសយកប្រពន្ធឬប្តីទៅតាមទំនើងចិត្តខ្លួនឯងនោះទេ ។
          ឯកសារក្បួនអាពាហ៍ពិពាហ៍របស់លោករបស់លោកឧកញ៉ាមហាវនិច្ឆ័យ នៅ និងឧកញ៉ា មហាមន្ត្រី ញឹក នៅ ក្នុងពុទ្ធសករាជ ២៥០៨ ត្រូវនឹងគ.ស.១៩៦៥ បានបញ្ជាក់ថា៖ ការពិនិត្យ ពិស្ច័យនោះគឺ មាតាបិតាអាណាព្យាបាល លោកបានធ្វើការសើបអង្កេតដោយពូជពង្សវង្សត្រកូល កិរិយាមាយ៌ាទ ឆ្នាំ ថ្ងៃ ខែកើត ធាតុនិងផ្សំពង្ស របស់កូនប្រុស្រីទាំង ២ ។
          ប្រការដែលលោកធ្វើដូច្នោះ ព្រោះមានពាក្យសុភាសិតខ្មែរបុរាណថា៖ ធ្វើស្រែមើលស្មៅ ទុក ដាក់កូនចៅមើលផៅសន្តាន, ពាក្យនេះលោកចង់សំដៅថា៖ ការធ្វើស្រែអាចមានខុសមិនបានផល ១ ឆ្នាំ ឬ អាចត្រូវ ១ ឆ្នាំ ប៉ុន្តែការរៀបចំទុកដាក់កូនចៅឲ្យមានគូស្រករប្តីប្រពន្ធវិញ តែកាលណាទុកដាក់ ខុសហើយ គឺខុស១ជីវិត ។ ហើយប្រកាន់យកទំនៀមនេះ ហើយបារម្ភខ្លាចក្រែងមានទុក្ខទោសដល់ កូនចៅដូចសុភាសិតពោលមកផង ទើបចាស់ទុំខ្មែរសម័យបុរាណ លោកបានបង្កើតឲ្យមានទំនៀម ទម្លាប់មួយ ហៅថា ការចូលចែចូវពីសំណាក់ខាងប្រុស មុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ ។
          ឯកសារដដែលបានឲ្យដឹងទៀតថា៖ អ្នកដែលត្រូវបានគេជ្រើសរើសឲ្យទៅចែចូវនោះ គេហៅថា អ្នកឃ្មាយឬ អ្នកផ្លូវ ដែលជាស្ត្រីចាស់ទុំមានគូស្រករល្អ ដើម្បីទៅសាកសួរ ស្ទាបស្ទង់មើលស្ថានភាព រស់នៅរបស់គ្រួសារខាងកូនស្រី ហើយខាងកូនស្រីក៏អាចមានឱកាស សាកសួរពីពូជពង្សវង្សត្រកូល របស់កូនប្រុសឲ្យច្បាស់លាស់វិញដែរ ។ លោកញៀន ភឿន អ្នករៀបរៀងសៀវភៅលំអានទំនៀម ទម្លាប់ខ្មែរបុរាណបានមានប្រសាន៍ថា៖ «តាមការស្រាវជ្រាវ ពាក្យអ្នកឃ្មាយនេះ គឺមិនហៅដូចគ្នាទាំងអស់នោះទេ, គឺអាស្រ័យទៅតាមការហៅរបស់អ្នកស្រុក តំបន់និមួយៗដែលគេនិយមចូលចិត្ត» ។
          រីឯការចូលចែចូវ ដែលចាស់ទុំបុរាណតម្រូវយកតែអ្នកមានគូស្រករល្អត្រឹមត្រូវ ទើបអាចធ្វើបាន ហើយលោក ញៀន ភឿនបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា៖ ការធ្វើចែចូវនោះ គេធ្វើ៣លើក ហើយក្នុងមួយលើក ៗ អ្នកផ្លូវ បានព្យាយាមនាំយកទៅជាមួយនឹងនំចំណីផ្លែឈើទៅ ជូនខាងស្រី ដើម្បីឲ្យភាពកាន់តែជិតស្និទ្ធ ក្រៅពីការចូលចែចូវជាគម្រប់៣ដងដូចបានបញ្ជាក់មកនេះ ហើយប្រសិនបើភាគីខាងកូនស្រីបានបង្ហើបផ្លូវថា អាចមានផ្លូវដើរជណ្តើរឡើងហើយនោះ បន្ទាប់មក ភាគីខាងកូនប្រុសក៏រៀបចំចាត់ចែងឲ្យមានការស្តីដណ្តឹងដល់កូនស្រី ។
          ឯកសារក្បួនអាពាហ៍ពិពាហ៍របស់លោកឧកញ៉ាមហាវិនិច្ឆ័យ នៅ និងឧកញ៉ា មហាមន្ត្រី ញឹក នៅ ក្នុងពុទ្ធសករាជ ២៥០៨ ត្រូវនឹងគ.ស. ១៩៦៥ បានបញ្ជាក់ទៀតថា អ្នកផ្លូវដែលតំណាងឲ្យ មាតាបិតាខាងកូនកម្លោះដែលត្រូវចូលទៅស្តីដណ្តឹងនោះត្រូវរៀបចំយកនូវគ្រឿងបណ្ណាការផ្សេងៗ រួម មាននំចំណីផ្លែឈើ ម្លូ ស្លាបារីជាដើម។
          លោក ញៀនភឿន អ្នករៀបរៀងសៀវភៅលំអានទំនៀបទម្លាប់ខ្មែរបុរាណបានមានប្រសាសន៍ ថា «គ្រឿងរណ្តាប់ម្លូសា្លបារី ដែលអ្នកនាំផ្លូវយកទៅក្នុងពិធីស្តីដណ្តឹងកូនស្រី ចាស់ទុំខ្មែរបុរាណ លោកបានចាត់ទុកថា មានសារៈសំខាន់ខ្លាំងណាស់» លោកបានបញ្ជាក់ទៀតថា ទំនៀមការស្តី ដណ្តឹងនោះគឺ ដើម្បីបើកឱកាសដល់អ្នកផ្លូវខាងកូនប្រុស មកចចេសសួរខាងកូនស្រីថា តើសមល្មម យល់ព្រមដែរឬទេ ។
                                      ដកស្រង់ពី៖ សម្លេងស្រាវជ្រាវទំនៀមទម្លាប់ខ្មែរបុរាណ

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com