សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ប្រវត្តិបុណ្យភ្ជុំបិណ្ឌសង្ខេប

2011-09-04

ប្រវត្តិបុណ្យភ្ជុំបិណ្ឌសង្ខេប



បុណ្យបិណ្ឌភ្ជុំ
          បុណ្យបិណ្ឌភ្ជុំ គឺជាបុណ្យដ៏ធំមួយរបស់ខ្មែរ ជាអ្នកកាន់ព្រះពុទ្ធសាសនា ។ ពុទ្ធសាសនិកតែងប្រារព្ធធ្វើតាំងពីយូរណាស់មកហើយ ។ បុណ្យនេះ គេធ្វើមាន ២ ថ្នាក់គឺ៖ ដំបូងពីថ្ងៃ ១ រោច ២ រោច ទៅរហូតដល់ថ្ងៃ ១៤ រោច ជាវារកភត្ត (ភត្តធ្វើ តាមថ្ងៃ) ជាបន្តបន្ទាប់ ។ មួយថ្នាក់ទៀត មានតែមួយថ្ងៃគឺនៅថ្ងៃ ១៥ រោច ហៅថា បុណ្យភ្ជុំ ។ បុណ្យនេះ ក្នុងសម័យពុទ្ធកាលគេមិនហៅថា បុណ្យបិណ្ឌភ្ជុំ តែក៏មាន លំនាំដូចគ្នា គឺធ្វើសង្ឃភត្ត វារកភត្ត ដែលគេធ្វើរាល់ថ្ងៃ ឧបត្ថម្ភទំនុកបំរុងព្រះសង្ឃ ដែលកាន់វស្សាក្នុង ៣ ខែនោះឯង ។
          កាលពីពុទ្ធកាល មានលោកយាយឧបាសិកានាម វិសាខា សូមពរពីព្រះពុទ្ធជា ម្ចាស់បាន ៨ ប្រការ មានសូមប្រគេនវស្សិកសាដកដល់ព្រះសង្ឃជានិច្ចជាដើម ក៏ត្រូវ បានជាប់ជាប្រពៃណីមកដល់សព្វថ្ងៃ ។ កុំចាំបាច់និយាយច្រើន គឺត្រឹមតែនិច្ចភត្ត របស់លោកយាយមហាឧបាសិកា វិសាខា ម្នាក់ក៏អាចបញ្ជាក់បានថា និច្ចភត្តគឺជា ភត្តជាប់ជានិច្ច ឬវារកភត្ត រាល់ថ្ងៃរបស់គាត់ក៏ក្នុងវស្សា៣ខែដែរ ដែលឧបត្ថម្ភចំពោះ ព្រះសង្ឃមានលក្ខណៈប្រហាក់ប្រហែលនឹងបច្ចុប្បន្នហៅថា បុណ្យដាក់បិណ្ឌនោះ ។ ព្រោះពាក្យថា បិណ្ឌ =ដុំបាយ សំដៅបាយដែលដាក់ចាន ឬឆ្នាំង យកទៅរាប់បាត្រ ១‑២ ឬ ១០‑២០ បាត្រនោះឯង ឬថាចង្ហាន់ជាស្រាក់ជាស្ពកដែលទាយកទាយិកា យកទៅប្រគេនព្រះសង្ឃនោះ ។ ម្យ៉ាងទៀត បិណ្ឌៗ មិនមែនសំដៅយកតែបាយ មួយមុខឯណា គឺសំដៅដល់ភត្តាហារ ឬចង្ហាន់ជាដុំ ជាវេន ជាក្រុម ជាពួក តាមថ្ងៃនោះៗ ដែលបញ្ជាក់នូវពាក្យថា បិណ្ឌ នេះឯង ។
ន័យមួយទៀត
          បុណ្យភ្ជុំបិណ្ឌនេះ គឺជាបុណ្យ ទក្ខិណានុប្បទាន ក្នុងវស្សា៣ខែនោះតែម្តង (សម័យពុទ្ធកាលគេមិនហៅថា បុណ្យភ្ជុំ) តាមគោលបំណង គឺជាបុណ្យឧទ្ទិសផ្សាយ ឬបញ្ជូនកុសលដល់បេតជនដូចគ្នា ដូចក្នុងសម័យពុទ្ធកាល គឺព្រះបាទពិម្ពិសាលរាជ ក្នុងក្រុងរាជគ្រឹះ ដែលព្រះអង្គធ្វើទានហើយ មិនបានឧទ្ទិសកុសល ចែកជូនដល់ពួក ញាតិ មិនត្រឹមតែញាតិ៧សន្តានទេ គឺជាប់ដំណរញាតិ គឺមហាកប្បកន្លងច្រើនព្រះ ពុទ្ធទៀតផង ។ ប្រសិនបើ បុគ្គលផ្ញើសំបុត្រមិនបានកាខ្នងសំបុត្រនោះផង អ្នកនាំ សំបុត្រមិនអាចនឹងនាំសំបុត្រជូនដល់បុគ្គលដែលយើងបំរុងនឹងផ្ញើជូនបានទេ ។
រឿងទាក់ទងនឹងបុណ្យភ្ជុំ
          ពួកញាតិ របស់ព្រះបាទពិម្ពិសារ ជ្រុលធ្វើបាបកម្ម ធ្លាក់ទៅសោយទុក្ខនាឋាន នរករងទុក្ខតាមកម្ម ហើយនូវសេសសល់ផលកម្ម ត្រូវបានកើតមកក្នុងអបាយភូមិ ជាន់ស្រាលគឹ ប្រេតវិស័យ ក៏មាន ។ល។ ពួកប្រេតទាំងនេះ មានជំពូកខ្លះ ត្រូវអត់ ឃ្លាន រង់ចាំតែចំហាយទានញាតិឧទ្ទិសឲ្យទៅ ត្រូវដើររកលំនៅញាតិ ទើបប្រេតខ្លះ ស្ថិតនៅមាត់ទ្វារ​ ខ្លះនៅក្បែរផ្លូវបែកជាបីជាដើម ។ល។ ពួកប្រេតខ្លះ មានឱកាសតែ ក្នុងរដូវវស្សា ច្រើនជាងរដូវដទៃៗទៀត ព្រោះក្នុងរដូវវស្សាងាយស្វែងរកអាហាររបស់ ខ្លួនជាភក់ជ្រាំ ស្លេស្ម៍ កំហាក គំរង់ សាកសព ដែលជាកាកសំណល់អសោចិ៍ ដែលមានសម្បូណ៌តែខែវស្សា ។
          ព្រោះហេតុនឹងហើយ ទើបពុទ្ធសាសនិក នាំគ្នាធ្វើបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលក្នុងរដូវវស្សានោះ ខ្មែរយើងឲ្យឈ្មោះថា បុណ្យភ្ជុំ ។
ពេលស្គរចំណាំវស្សាទូងឡើង
          ថ្ងៃដាក់បិណ្ឌនីមួយៗ មេវេនចាត់ចែងជា៣ឬជា៤ក្រុម ធ្វើយាគូ ឬធ្វើភត្តាហារ ជា៣‑៤ឆ្នាំង ស្មើ៣មុខ ឬ៤មុខម្ហូប (តំបន់ខ្លះនៅឆ្ងាយពីវត្ត​ គេបររទេះដឹកឥវ៉ាន់ ប្រដាប់ប្រដាធ្វើបុណ្យទៅដេកនៅវត្ត ដើម្បីប្រារព្ធធ្វើវេនរបស់ខ្លួន) ពេលដែលព្រះ សង្ឃទូងស្គរចំណាំវស្សា អ្នកក្រុមវេនចាប់ផ្តើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុង ក្រុមវេន យកផ្ទះណាមួយ ទៅប្រមូលនំនែក រៀបចំបាយបិណ្ឌ បាយបត្តបូណ៌ រៀបចំរួចហើយ នាំគ្នាទៅវត្តស្តាប់លោកសូត្រថ្វាយបង្គំធម៌សុខោ និងធម៌បរាភវសូត្រ ចំណែកកូនចៅនៅឯផ្ទះ គេរៀបចំចាត់ចែងការងាររបស់ខ្លួនដោយសប្បាយរីករាយ លុះដល់ព្រឹកព្រាងអរុណោទ័យ គេនាំគ្នាកណ្តៀត យួរ កាន់ ខ្លះទូល ខ្លះរែក សែង ចង្ហាន់ទៅវត្ត ។ រួចហើយគេធ្វើពីធីរាប់បាត្រជាមួយពុទ្ធបរិស័ទស្រីប្រុស ចាស់ ក្មេង លើឧបដ្ឋានសាលាយ៉ាងកកកុញកុះករនិងរៀបចំចង្ហាន់ ។ លោកអាចារ្យវត្តជា ប្រធានបាននាំបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរណ៍ ។ល។ រួចហើយ ព្រះសង្ឃអនុមោទនា ដារបញ្ជូនភាគផលកុសលនេះជូនទៅ ដល់បុព្វការីជនទាំង ឡាយ មានមាតាបិតា និងវីរបុរសទាំងឡាយជាដើម ។
          លុះដល់ពេលថ្ងៃត្រង់ ពុទ្ធបរិស័ទក្នុងក្រុមវេន ក៏បានរៀបចំដូចពេលព្រឹក នោះដែរ ។ ប្លែកតែពេលរសៀល គេបានរៀបចំភេសជ្ជប្រគេនព្រះសង្ឃ ក៏ជាការ ស្រេច ។ ម្យ៉ាងទៀងនៅតាមវត្តខ្លះ គេនិយមធ្វើពីធីនិមន្តព្រះសង្ឃទេស្នាមហាជាតក៍ (រឿងវេស្សន្ត) និងទៅតាមអង្គធម្មកឋិកខ្លះ ដែលឆ្លៀវឆ្លាស់ក្នុងការងារសង្គមមួយ ចំនួន លោកបានទូន្មានពុទ្ធបរិស័ទឲ្យចេះរក្សាសីល៥ ចាំសីល៨ និងរក្សានូវសន្តិសុខ ក្នុងសង្គម ចេះគោរពច្បាប់រដ្ឋនិងច្បាប់សាសនា ខិតខំប្រកបការងាររបស់ខ្លួន កុំគប្បី មានការធ្វេសប្រហែស ជាដើម ។
បាយបិណ្ឌ
          ពាក្យថា បាយបិណ្ឌ ពុំមែនបាយដែលគេយកទៅរកបាត្រនោះទេ ។ បាយបិណ្ឌ គឺជាម្ហូបចំណី បង្អែម ចម្អាប គេដាក់ចូលគ្នាតែមួយចាន ឬមួយជើង ស្រាបដោយឡែកតែប៉ុណ្ណោះ ។
បាយបត្តបូណ៌
          បាយបត្តបូណ៌ ពុំមែនជាបាយ (ភាគច្រើនគេច្រឡំថាជាបាយទៅវិញ) គឺជានំ នែកផ្លែឈើសព្វៗមុខ ស្រាប់បំពេញបន្ថែមឲ្យសម្បូណ៌ លើចង្ហាន់បិណ្ឌបាត្រ របស់ ក្រុមវេនដែលគេម្នាក់បានបំរុងទុក រឿងនេះ អាចបញ្ជាក់ឲ្យយើងដឹងថា ការងាររកស៊ី ប្រកបរបរចិញ្ចឹមជីវិតរបស់ពុទ្ធបរិស័ទឆ្នាំនេះ រីកចម្រើនជាងឆ្នាំមុន​ ឬក៏អន់ថយ ជាងមុនក៏ថាបាន ។ (ក្រៅពីបាយ អាចរៀបបាយបត្តបូណ៌បានទាំងអស់) ។    
ថ្ងៃភ្ជុំ
          ថ្ងៃភ្ជុំ ក៏ដូចជាថ្ងៃមុនៗដែរ ប្លែកតែថ្ងៃនេះ បងប្អូនញាតិសាលោហិត ដែលនៅ ជិតក្តី ឆ្ងាយក្តី គេមកប្រជុំគ្នានៅឯស្រុក ឬភូមិកំណើតរបស់ខ្លួន ដើម្បីថ្វាយឬបូជា នូវបាយ និងនំនែកដល់មាតាបិតានិងជីដូនជីតាបងប្អូនញាតិមិត្ររបស់ខ្លួន ដែលធ្វើ មរណកាលទៅហើយ ។
          រីឯពីធីរាប់បាត្រសោត ក៏មានការរៀបចំប្លែកជាងថ្ងៃធម្មតាផងដែរ គឺគេរៀបចំ ទៅតាមលំដាប់វ័យ មុនដំបូងយាយតាឧបោសថ បន្ទាប់ទៀតគឺយាយតាដែលមាន វ័យចាស់ៗ ហើយក្រៅពីនោះ និងរៀបទៅតាមលំដាប់ស្រីៗ ប្រុសៗ ចាស់ៗ ក្មេងៗ ជាហូរហែ គេម្នាក់ៗប្រកបដោយទឹកមុខជ្រះថ្លា និងសប្បាយរីករាយ ។ ក្នុងពីធីរាប់ បាត្រនេះ ពុទ្ធបរិស័ទទាំងឡាយ មិនដូចជាពិធីដាក់បាត្រលោកធម្មតាទេ គឹមានសិទ្ធិ ដាក់ត្រឹមតែមួយស្លាបព្រាប៉ុណ្ណោះ ព្រោះច្រើនគ្នាមិនអាចនឹងដាក់តាមចិត្តបាន ។ ក្នុងរឿងនេះ ព្រះសង្ឃក៏អាចដឹងអំពីជីវភាពបរិស័ទរបស់ខ្លួនក្នុងចំណុះជើងវត្ត ហើយជួយដឹកនាំដោយធម៌ គឺរបៀបប្រកបរបរចិញ្ចឹមជីវិតទៅតាមព្រះពុទ្ធសាសនា និង ឲ្យចេះរបៀបប្រើប្រាស់ ឬថាចែកចាយទ្រព្យទៅតាមសមត្ថភាព កុំគប្បីធ្វើបុណ្យ ឲ្យហួសពីសមត្ថភាពរបស់ខ្លួន មានបុល ខ្ចីទ្រព្យអំពីអ្នកដទែជាដើម ដែលជាហេតុនាំ ឲ្យអ្នកមិនទាន់មានសទ្ធា គេកាន់តែគ្មានសទ្ធាទៅទៀតនោះ ។ល។
          ម្យ៉ាងទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ខ្មែរយើងពីដើមមានលេងល្បែងប្រណាំង ក្របី សេះ ជាដើម ។ កន្លែងខ្លះ មានលេងល្បែងប្រជាប្រិយដូចបោះអង្គុញ លាក់កូនខ្លែង ទាញព្រ័ត្រ យ៉ាងសប្បាយរីករាយ ។
          កន្លែងខ្លះ មានលេងល្បែងផ្សេងពីនេះក៏មាន ប៉ុន្តែបច្ចុប្បន្ន ចេះតែបាត់ទៅៗ សាសនាកាន់តែកន្លងវែងទៅៗ ពិធីកម្មនៃបុណ្យចេះតែរួញថយទៅៗ ច្រើនណាស់ ដែរ ។ ទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថាពុទ្ធបរិស័ទខ្មែរយើង ជួយគ្នាខិតខំថែរក្សា ពុទ្ធវចនៈ និងទំនៀមទម្លាប់របស់ខ្លួនឲ្យបានយូរអង្វែងទៅ ។

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com