2011-09-07
2011-09-06
2011-09-05
ព្រះគាថា
(អាទិសង្កេត)
យស្ស ទសក្ខរា «អ សំ វិ សុ លោ អ បុ ស ពុ ភ» វចសា បគុណា ត្វត្ថោ មនសា សោ សុខំ លភិ ។
ប្រែ៖ អក្ខរៈទាំង ១០ តួគឺ៖ អ សំ វិ សុ លោ អ បុ ស ពុ ភ ក្តី សេចក្តីអធិប្បាយ (នៃអក្ខរៈ ទាំង ១០ តួនោះ) ក្តី គឺបុគ្គលឯណាមួយ ទោះបីជាគ្រហស្ថក្តី ជាបព្វជិតក្តី បានធ្វើឲ្យចាំស្ទាត់ដោយ វាចាចិត្តហើយ គ្រហស្ថនិងបព្វជិតទាំងនោះ ទៀងតែបាននូវសេចក្តីសុខ ។
ពាក្យបណ្តៅ
(លោកសញ្ញាកិតសំខ្យា)
| បាទបេកោភវក្ខន្ធោ | សរសាខោពហុទលោ |
| សិនេរុគ្គោសុផលទោ | អវិសុ ឥតិ នាមកោ ។ |
ឈើមួយគុម្ព មានដើម៣ មានមែក ៥ មានសន្លឹកដ៏ច្រើន មានគល់តែ១ ឲ្យនូវផ្លែដ៏បរិបូណ៌ មាន ឈ្មោះប្រាកដថា «អ វិ សុ» ដូច្នេះឯង ។
គាថានេះស្រង់ចាកគម្ពីរ៖ វជិរសារ ដោយ៖ Khmer chomros
2011-09-04
វៀចគល់ត្រង់ចុង
(ឧបមាភាសិត)
អ្នកដែលប្រមាទកាលពីដំបូង | ក្រោយកែប្រែយោងពុំនៅកន្តើយ |
ដោយមិនប្រមាទមិនប្រហែសឡើយ | ឈោងឈានរកត្រើយលះគ្រឿងស្មោគ គ្រោក ។ |
គឺជននោះហើយព្រមដោយតម្រិះ | តែងធ្វើលោកនេះឲ្យភ្លឺពន្លក |
ប្រៀបដូចព្រះចន្ទផុតពីពពក | ចាំងបំភ្លឺលោកឲ្យភ្លឺចិញ្ចែង ។ |
ជនអាប់បញ្ញាដឹងថាខ្លួនល្ងង់ | ខិតខំលះបង់មានៈខ្លួនឯង |
ស្តាប់ពាក្យទូន្មានបណ្ឌិតថ្លាថ្លែង | បុគ្គលនោះឯងរមែងថ្កើងថ្កាន ។ |
រីជនមានប្រាជ្ញអង់អាចភ្លេចខ្លួន | ធ្វើចេះហួសក្បួនអាងខ្លួនប្រាជ្ញបាន |
ចុងក្រោយយូរឆាប់យ៉ាប់លំបាកប្រាណ | ធ្លាក់ចុះពុំខានស្មានខ្ពស់ហួសហេតុ ។ |
ដោយឧបាសក៖ គុយ សុធន
ចិត្តជាប្រធាន
លោកធម៌ទាំងឡាយចិត្តជាប្រធាន | ប្រសើរពុំមានអ្វីធំលើសចិត្ត |
ដឹងសុខដឹងទុក្ខមុខគួរអាណិត | សម្រេចដោយចិត្តជាអ្នកចាត់ចែង ។ |
បុគ្គលមានចិត្តជ្រះថ្លាល្អហើយ | ពុំប្រព្រឹត្តឡើយការនាំចំបែង |
ទោះនិយាយស្តីប្រពៃក្រៃលែង | គោរពកោតក្រែងធ្វើតែកុសល ។ |
ព្រោះចិត្តជ្រះថ្លាបរិសុទ្ធនោះឯង | ក្តីសុខរមែងតាមជាប់បុគ្គល |
ដូចជាស្រមោលអន្ទោលវិលវល់ | តាមប្រាណបុគ្គលយ៉ាងដូច្នោះឯង ។ |
យោ នរោ រីនរជនឯណា | មានចិត្តជ្រះថ្លាប្រាថ្នាចាត់ចែង |
ធ្វើបុណ្យឲ្យទានឥតមានចំបែង | ក្តីសុខរមែងតាក់តែងជននោះ ។ |
ចិត្តជាធំ
លោកធម៌ទាំងឡាយមានចិត្តជាធំ | រួមប្រមូលផ្តុំឧត្តមលើចិត្ត |
ចង់សើចឬយំអន់ឬប្រណីត | សម្រេចដោយចិត្តជាអ្នកកំណត់ ។ |
ជនណាមានចិត្តទោសៈកើតហើយ | ឥតធ្វើល្អឡើយអាក្រក់ប្រាកដ |
ទោះនិយាយស្តីចង្រៃជូរចត់ | ទាំងកាយទាំងមាត់អត់មាកុសល ។ |
ព្រោះតែអំពើអាក្រក់នោះឯង | ក្តីទុក្ខរមែងដេញតាមបុគ្គល |
ដូចកង់រទេះតែងតែវិលវល់ | តាមគោមង្គលដែលអូសដូច្នេះ ។ |
ដានគោទៅណាដានកង់ទៅហ្នឹង | គួរតែយល់ដឹងកុំធ្វេសប្រហែស |
គួរតែសិក្សាធម៌អាថ៌ឲ្យចេះ | កុំឲ្យចិត្តនេះនាំទៅអវីចិ ។ |
ដោយឧបាសក៖ គុយ សុធន | |
សៀភៅជំនួយសតិភាគទី៥ ទំ.២២៩ |
អន្លង់កាម
ព្រះសង្ឃាសាវ័កអង្គឯណា | លុះបានបញ្ញាដ៏ប្រពៃ |
ឆ្លងអន្លង់កាមដោយជោគជ័យ | លែងញាប់ញ័រអ្វីនឹងសុខទុក្ខ ។ |
ព្រោះបានដល់នូវការអស់ទៅ | មោហៈកម្លៅដែលជាគុក |
តែងឃុំឃាំងជនឥតរើសមុខ | អ្នកដែលស្វែងសុខក្នុងកាមគុណ ។ |
ដោយឧបាសក៖ គុយ សុធន | |
សៀភៅជំនួយសតិភាគទី ៥ |
ធម្មតា
| អាកាសលំហទីចរបក្សី | រុក្ខាព្រឹក្សព្រៃទីចរម្រឹគា |
| សាគរទីចរមច្ឆានានា | សង្ខារលីលានៃភាពមិនទៀង ។ |
| ដោយឧបាសក៖ គុយ សុធន | |
| សៀវភៅជំនួយសតិភាគទី៥ ទំព័រ២២៨ |
ប្រវត្តិបុណ្យភ្ជុំបិណ្ឌសង្ខេប
បុណ្យបិណ្ឌភ្ជុំ
បុណ្យបិណ្ឌភ្ជុំ គឺជាបុណ្យដ៏ធំមួយរបស់ខ្មែរ ជាអ្នកកាន់ព្រះពុទ្ធសាសនា ។ ពុទ្ធសាសនិកតែងប្រារព្ធធ្វើតាំងពីយូរណាស់មកហើយ ។ បុណ្យនេះ គេធ្វើមាន ២ ថ្នាក់គឺ៖ ដំបូងពីថ្ងៃ ១ រោច ២ រោច ទៅរហូតដល់ថ្ងៃ ១៤ រោច ជាវារកភត្ត (ភត្តធ្វើ តាមថ្ងៃ) ជាបន្តបន្ទាប់ ។ មួយថ្នាក់ទៀត មានតែមួយថ្ងៃគឺនៅថ្ងៃ ១៥ រោច ហៅថា បុណ្យភ្ជុំ ។ បុណ្យនេះ ក្នុងសម័យពុទ្ធកាលគេមិនហៅថា បុណ្យបិណ្ឌភ្ជុំ តែក៏មាន លំនាំដូចគ្នា គឺធ្វើសង្ឃភត្ត វារកភត្ត ដែលគេធ្វើរាល់ថ្ងៃ ឧបត្ថម្ភទំនុកបំរុងព្រះសង្ឃ ដែលកាន់វស្សាក្នុង ៣ ខែនោះឯង ។
កាលពីពុទ្ធកាល មានលោកយាយឧបាសិកានាម វិសាខា សូមពរពីព្រះពុទ្ធជា ម្ចាស់បាន ៨ ប្រការ មានសូមប្រគេនវស្សិកសាដកដល់ព្រះសង្ឃជានិច្ចជាដើម ក៏ត្រូវ បានជាប់ជាប្រពៃណីមកដល់សព្វថ្ងៃ ។ កុំចាំបាច់និយាយច្រើន គឺត្រឹមតែនិច្ចភត្ត របស់លោកយាយមហាឧបាសិកា វិសាខា ម្នាក់ក៏អាចបញ្ជាក់បានថា និច្ចភត្តគឺជា ភត្តជាប់ជានិច្ច ឬវារកភត្ត រាល់ថ្ងៃរបស់គាត់ក៏ក្នុងវស្សា៣ខែដែរ ដែលឧបត្ថម្ភចំពោះ ព្រះសង្ឃមានលក្ខណៈប្រហាក់ប្រហែលនឹងបច្ចុប្បន្នហៅថា បុណ្យដាក់បិណ្ឌនោះ ។ ព្រោះពាក្យថា បិណ្ឌ =ដុំបាយ សំដៅបាយដែលដាក់ចាន ឬឆ្នាំង យកទៅរាប់បាត្រ ១‑២ ឬ ១០‑២០ បាត្រនោះឯង ឬថាចង្ហាន់ជាស្រាក់ជាស្ពកដែលទាយកទាយិកា យកទៅប្រគេនព្រះសង្ឃនោះ ។ ម្យ៉ាងទៀត បិណ្ឌៗ មិនមែនសំដៅយកតែបាយ មួយមុខឯណា គឺសំដៅដល់ភត្តាហារ ឬចង្ហាន់ជាដុំ ជាវេន ជាក្រុម ជាពួក តាមថ្ងៃនោះៗ ដែលបញ្ជាក់នូវពាក្យថា បិណ្ឌ នេះឯង ។
ន័យមួយទៀត
បុណ្យភ្ជុំបិណ្ឌនេះ គឺជាបុណ្យ ទក្ខិណានុប្បទាន ក្នុងវស្សា៣ខែនោះតែម្តង (សម័យពុទ្ធកាលគេមិនហៅថា បុណ្យភ្ជុំ) តាមគោលបំណង គឺជាបុណ្យឧទ្ទិសផ្សាយ ឬបញ្ជូនកុសលដល់បេតជនដូចគ្នា ដូចក្នុងសម័យពុទ្ធកាល គឺព្រះបាទពិម្ពិសាលរាជ ក្នុងក្រុងរាជគ្រឹះ ដែលព្រះអង្គធ្វើទានហើយ មិនបានឧទ្ទិសកុសល ចែកជូនដល់ពួក ញាតិ មិនត្រឹមតែញាតិ៧សន្តានទេ គឺជាប់ដំណរញាតិ គឺមហាកប្បកន្លងច្រើនព្រះ ពុទ្ធទៀតផង ។ ប្រសិនបើ បុគ្គលផ្ញើសំបុត្រមិនបានកាខ្នងសំបុត្រនោះផង អ្នកនាំ សំបុត្រមិនអាចនឹងនាំសំបុត្រជូនដល់បុគ្គលដែលយើងបំរុងនឹងផ្ញើជូនបានទេ ។
រឿងទាក់ទងនឹងបុណ្យភ្ជុំ
ពួកញាតិ របស់ព្រះបាទពិម្ពិសារ ជ្រុលធ្វើបាបកម្ម ធ្លាក់ទៅសោយទុក្ខនាឋាន នរករងទុក្ខតាមកម្ម ហើយនូវសេសសល់ផលកម្ម ត្រូវបានកើតមកក្នុងអបាយភូមិ ជាន់ស្រាលគឹ ប្រេតវិស័យ ក៏មាន ។ល។ ពួកប្រេតទាំងនេះ មានជំពូកខ្លះ ត្រូវអត់ ឃ្លាន រង់ចាំតែចំហាយទានញាតិឧទ្ទិសឲ្យទៅ ត្រូវដើររកលំនៅញាតិ ទើបប្រេតខ្លះ ស្ថិតនៅមាត់ទ្វារ ខ្លះនៅក្បែរផ្លូវបែកជាបីជាដើម ។ល។ ពួកប្រេតខ្លះ មានឱកាសតែ ក្នុងរដូវវស្សា ច្រើនជាងរដូវដទៃៗទៀត ព្រោះក្នុងរដូវវស្សាងាយស្វែងរកអាហាររបស់ ខ្លួនជាភក់ជ្រាំ ស្លេស្ម៍ កំហាក គំរង់ សាកសព ដែលជាកាកសំណល់អសោចិ៍ ដែលមានសម្បូណ៌តែខែវស្សា ។
ព្រោះហេតុនឹងហើយ ទើបពុទ្ធសាសនិក នាំគ្នាធ្វើបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលក្នុងរដូវវស្សានោះ ខ្មែរយើងឲ្យឈ្មោះថា បុណ្យភ្ជុំ ។
ពេលស្គរចំណាំវស្សាទូងឡើង
ថ្ងៃដាក់បិណ្ឌនីមួយៗ មេវេនចាត់ចែងជា៣ឬជា៤ក្រុម ធ្វើយាគូ ឬធ្វើភត្តាហារ ជា៣‑៤ឆ្នាំង ស្មើ៣មុខ ឬ៤មុខម្ហូប (តំបន់ខ្លះនៅឆ្ងាយពីវត្ត គេបររទេះដឹកឥវ៉ាន់ ប្រដាប់ប្រដាធ្វើបុណ្យទៅដេកនៅវត្ត ដើម្បីប្រារព្ធធ្វើវេនរបស់ខ្លួន) ពេលដែលព្រះ សង្ឃទូងស្គរចំណាំវស្សា អ្នកក្រុមវេនចាប់ផ្តើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុង ក្រុមវេន យកផ្ទះណាមួយ ទៅប្រមូលនំនែក រៀបចំបាយបិណ្ឌ បាយបត្តបូណ៌ រៀបចំរួចហើយ នាំគ្នាទៅវត្តស្តាប់លោកសូត្រថ្វាយបង្គំធម៌សុខោ និងធម៌បរាភវសូត្រ ចំណែកកូនចៅនៅឯផ្ទះ គេរៀបចំចាត់ចែងការងាររបស់ខ្លួនដោយសប្បាយរីករាយ លុះដល់ព្រឹកព្រាងអរុណោទ័យ គេនាំគ្នាកណ្តៀត យួរ កាន់ ខ្លះទូល ខ្លះរែក សែង ចង្ហាន់ទៅវត្ត ។ រួចហើយគេធ្វើពីធីរាប់បាត្រជាមួយពុទ្ធបរិស័ទស្រីប្រុស ចាស់ ក្មេង លើឧបដ្ឋានសាលាយ៉ាងកកកុញកុះករនិងរៀបចំចង្ហាន់ ។ លោកអាចារ្យវត្តជា ប្រធានបាននាំបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរណ៍ ។ល។ រួចហើយ ព្រះសង្ឃអនុមោទនា ដារបញ្ជូនភាគផលកុសលនេះជូនទៅ ដល់បុព្វការីជនទាំង ឡាយ មានមាតាបិតា និងវីរបុរសទាំងឡាយជាដើម ។
លុះដល់ពេលថ្ងៃត្រង់ ពុទ្ធបរិស័ទក្នុងក្រុមវេន ក៏បានរៀបចំដូចពេលព្រឹក នោះដែរ ។ ប្លែកតែពេលរសៀល គេបានរៀបចំភេសជ្ជប្រគេនព្រះសង្ឃ ក៏ជាការ ស្រេច ។ ម្យ៉ាងទៀងនៅតាមវត្តខ្លះ គេនិយមធ្វើពីធីនិមន្តព្រះសង្ឃទេស្នាមហាជាតក៍ (រឿងវេស្សន្ត) និងទៅតាមអង្គធម្មកឋិកខ្លះ ដែលឆ្លៀវឆ្លាស់ក្នុងការងារសង្គមមួយ ចំនួន លោកបានទូន្មានពុទ្ធបរិស័ទឲ្យចេះរក្សាសីល៥ ចាំសីល៨ និងរក្សានូវសន្តិសុខ ក្នុងសង្គម ចេះគោរពច្បាប់រដ្ឋនិងច្បាប់សាសនា ខិតខំប្រកបការងាររបស់ខ្លួន កុំគប្បី មានការធ្វេសប្រហែស ជាដើម ។
បាយបិណ្ឌ
ពាក្យថា បាយបិណ្ឌ ពុំមែនបាយដែលគេយកទៅរកបាត្រនោះទេ ។ បាយបិណ្ឌ គឺជាម្ហូបចំណី បង្អែម ចម្អាប គេដាក់ចូលគ្នាតែមួយចាន ឬមួយជើង ស្រាបដោយឡែកតែប៉ុណ្ណោះ ។
បាយបត្តបូណ៌
បាយបត្តបូណ៌ ពុំមែនជាបាយ (ភាគច្រើនគេច្រឡំថាជាបាយទៅវិញ) គឺជានំ នែកផ្លែឈើសព្វៗមុខ ស្រាប់បំពេញបន្ថែមឲ្យសម្បូណ៌ លើចង្ហាន់បិណ្ឌបាត្រ របស់ ក្រុមវេនដែលគេម្នាក់បានបំរុងទុក រឿងនេះ អាចបញ្ជាក់ឲ្យយើងដឹងថា ការងាររកស៊ី ប្រកបរបរចិញ្ចឹមជីវិតរបស់ពុទ្ធបរិស័ទឆ្នាំនេះ រីកចម្រើនជាងឆ្នាំមុន ឬក៏អន់ថយ ជាងមុនក៏ថាបាន ។ (ក្រៅពីបាយ អាចរៀបបាយបត្តបូណ៌បានទាំងអស់) ។
ថ្ងៃភ្ជុំ
ថ្ងៃភ្ជុំ ក៏ដូចជាថ្ងៃមុនៗដែរ ប្លែកតែថ្ងៃនេះ បងប្អូនញាតិសាលោហិត ដែលនៅ ជិតក្តី ឆ្ងាយក្តី គេមកប្រជុំគ្នានៅឯស្រុក ឬភូមិកំណើតរបស់ខ្លួន ដើម្បីថ្វាយឬបូជា នូវបាយ និងនំនែកដល់មាតាបិតានិងជីដូនជីតាបងប្អូនញាតិមិត្ររបស់ខ្លួន ដែលធ្វើ មរណកាលទៅហើយ ។
រីឯពីធីរាប់បាត្រសោត ក៏មានការរៀបចំប្លែកជាងថ្ងៃធម្មតាផងដែរ គឺគេរៀបចំ ទៅតាមលំដាប់វ័យ មុនដំបូងយាយតាឧបោសថ បន្ទាប់ទៀតគឺយាយតាដែលមាន វ័យចាស់ៗ ហើយក្រៅពីនោះ និងរៀបទៅតាមលំដាប់ស្រីៗ ប្រុសៗ ចាស់ៗ ក្មេងៗ ជាហូរហែ គេម្នាក់ៗប្រកបដោយទឹកមុខជ្រះថ្លា និងសប្បាយរីករាយ ។ ក្នុងពីធីរាប់ បាត្រនេះ ពុទ្ធបរិស័ទទាំងឡាយ មិនដូចជាពិធីដាក់បាត្រលោកធម្មតាទេ គឹមានសិទ្ធិ ដាក់ត្រឹមតែមួយស្លាបព្រាប៉ុណ្ណោះ ព្រោះច្រើនគ្នាមិនអាចនឹងដាក់តាមចិត្តបាន ។ ក្នុងរឿងនេះ ព្រះសង្ឃក៏អាចដឹងអំពីជីវភាពបរិស័ទរបស់ខ្លួនក្នុងចំណុះជើងវត្ត ហើយជួយដឹកនាំដោយធម៌ គឺរបៀបប្រកបរបរចិញ្ចឹមជីវិតទៅតាមព្រះពុទ្ធសាសនា និង ឲ្យចេះរបៀបប្រើប្រាស់ ឬថាចែកចាយទ្រព្យទៅតាមសមត្ថភាព កុំគប្បីធ្វើបុណ្យ ឲ្យហួសពីសមត្ថភាពរបស់ខ្លួន មានបុល ខ្ចីទ្រព្យអំពីអ្នកដទែជាដើម ដែលជាហេតុនាំ ឲ្យអ្នកមិនទាន់មានសទ្ធា គេកាន់តែគ្មានសទ្ធាទៅទៀតនោះ ។ល។
ម្យ៉ាងទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ខ្មែរយើងពីដើមមានលេងល្បែងប្រណាំង ក្របី សេះ ជាដើម ។ កន្លែងខ្លះ មានលេងល្បែងប្រជាប្រិយដូចបោះអង្គុញ លាក់កូនខ្លែង ទាញព្រ័ត្រ យ៉ាងសប្បាយរីករាយ ។
កន្លែងខ្លះ មានលេងល្បែងផ្សេងពីនេះក៏មាន ប៉ុន្តែបច្ចុប្បន្ន ចេះតែបាត់ទៅៗ សាសនាកាន់តែកន្លងវែងទៅៗ ពិធីកម្មនៃបុណ្យចេះតែរួញថយទៅៗ ច្រើនណាស់ ដែរ ។ ទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថាពុទ្ធបរិស័ទខ្មែរយើង ជួយគ្នាខិតខំថែរក្សា ពុទ្ធវចនៈ និងទំនៀមទម្លាប់របស់ខ្លួនឲ្យបានយូរអង្វែងទៅ ។
ប្រវត្តិអាពាហ៍ពិពាហ៍
តាមប្រភពអ្នកស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ខ្មែរបានឲ្យដឹងថា៖ ការរៀបចំផ្សំផ្គុំកូនប្រុសស្រីឲ្យមាន ស្វាមីភរិយា ឬហៅថាការរៀបអាពាហ័ពិពាហ៍នោះ ចាស់ទុំបុរាណលោកបានចែកចេញជា ២ ផ្នែកគឺ៖
អាវាហមង្គល និងវិហាហមង្គល ។
ដែលជាពាក្យមកពីប្រភពដើមនៃភាសាសំស្ក្រឹត អាវាហមង្គលមានន័យថា៖ «ការនាំយក កូនប្រុសមករៀបការនៅផ្ទះខាងស្រី» រីឯពាក្យ វិវាហមង្គល មានន័យថាការនាំយកកូនស្រីទៅរៀប ការនៅផ្ទះខាងប្រុស ។ តែមកដល់បច្ចុប្បន្ន ពាក្យទាំងពីរនេះ ត្រូវបានគេដាក់បញ្ចូលគ្នាអស់ទៅ ហើយ អ្នកសិក្សាស្រាវជ្រាវដដែលបានបញ្ជាក់ថា៖ ការរៀបអាពាហ៍ពិពាហ៍នៅក្នុងសម័យបុរាណ គឺឪពុក ម្តាយទាំងសងខាងក៏បានធ្វើការពិនិត្យពិស្ច័យយ៉ាងហ្មត់ចត់ណាស់ មិនបណ្តោយឲ្យកូនចៅជ្រើស រើសយកប្រពន្ធឬប្តីទៅតាមទំនើងចិត្តខ្លួនឯងនោះទេ ។
ឯកសារក្បួនអាពាហ៍ពិពាហ៍របស់លោករបស់លោកឧកញ៉ាមហាវនិច្ឆ័យ នៅ និងឧកញ៉ា មហាមន្ត្រី ញឹក នៅ ក្នុងពុទ្ធសករាជ ២៥០៨ ត្រូវនឹងគ.ស.១៩៦៥ បានបញ្ជាក់ថា៖ ការពិនិត្យ ពិស្ច័យនោះគឺ មាតាបិតាអាណាព្យាបាល លោកបានធ្វើការសើបអង្កេតដោយពូជពង្សវង្សត្រកូល កិរិយាមាយ៌ាទ ឆ្នាំ ថ្ងៃ ខែកើត ធាតុនិងផ្សំពង្ស របស់កូនប្រុស្រីទាំង ២ ។
ប្រការដែលលោកធ្វើដូច្នោះ ព្រោះមានពាក្យសុភាសិតខ្មែរបុរាណថា៖ ធ្វើស្រែមើលស្មៅ ទុក ដាក់កូនចៅមើលផៅសន្តាន, ពាក្យនេះលោកចង់សំដៅថា៖ ការធ្វើស្រែអាចមានខុសមិនបានផល ១ ឆ្នាំ ឬ អាចត្រូវ ១ ឆ្នាំ ប៉ុន្តែការរៀបចំទុកដាក់កូនចៅឲ្យមានគូស្រករប្តីប្រពន្ធវិញ តែកាលណាទុកដាក់ ខុសហើយ គឺខុស១ជីវិត ។ ហើយប្រកាន់យកទំនៀមនេះ ហើយបារម្ភខ្លាចក្រែងមានទុក្ខទោសដល់ កូនចៅដូចសុភាសិតពោលមកផង ទើបចាស់ទុំខ្មែរសម័យបុរាណ លោកបានបង្កើតឲ្យមានទំនៀម ទម្លាប់មួយ ហៅថា ការចូលចែចូវពីសំណាក់ខាងប្រុស មុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ ។
ឯកសារដដែលបានឲ្យដឹងទៀតថា៖ អ្នកដែលត្រូវបានគេជ្រើសរើសឲ្យទៅចែចូវនោះ គេហៅថា អ្នកឃ្មាយឬ អ្នកផ្លូវ ដែលជាស្ត្រីចាស់ទុំមានគូស្រករល្អ ដើម្បីទៅសាកសួរ ស្ទាបស្ទង់មើលស្ថានភាព រស់នៅរបស់គ្រួសារខាងកូនស្រី ហើយខាងកូនស្រីក៏អាចមានឱកាស សាកសួរពីពូជពង្សវង្សត្រកូល របស់កូនប្រុសឲ្យច្បាស់លាស់វិញដែរ ។ លោកញៀន ភឿន អ្នករៀបរៀងសៀវភៅលំអានទំនៀម ទម្លាប់ខ្មែរបុរាណបានមានប្រសាន៍ថា៖ «តាមការស្រាវជ្រាវ ពាក្យអ្នកឃ្មាយនេះ គឺមិនហៅដូចគ្នាទាំងអស់នោះទេ, គឺអាស្រ័យទៅតាមការហៅរបស់អ្នកស្រុក តំបន់និមួយៗដែលគេនិយមចូលចិត្ត» ។
រីឯការចូលចែចូវ ដែលចាស់ទុំបុរាណតម្រូវយកតែអ្នកមានគូស្រករល្អត្រឹមត្រូវ ទើបអាចធ្វើបាន ហើយលោក ញៀន ភឿនបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា៖ ការធ្វើចែចូវនោះ គេធ្វើ៣លើក ហើយក្នុងមួយលើក ៗ អ្នកផ្លូវ បានព្យាយាមនាំយកទៅជាមួយនឹងនំចំណីផ្លែឈើទៅ ជូនខាងស្រី ដើម្បីឲ្យភាពកាន់តែជិតស្និទ្ធ ក្រៅពីការចូលចែចូវជាគម្រប់៣ដងដូចបានបញ្ជាក់មកនេះ ហើយប្រសិនបើភាគីខាងកូនស្រីបានបង្ហើបផ្លូវថា អាចមានផ្លូវដើរជណ្តើរឡើងហើយនោះ បន្ទាប់មក ភាគីខាងកូនប្រុសក៏រៀបចំចាត់ចែងឲ្យមានការស្តីដណ្តឹងដល់កូនស្រី ។
ឯកសារក្បួនអាពាហ៍ពិពាហ៍របស់លោកឧកញ៉ាមហាវិនិច្ឆ័យ នៅ និងឧកញ៉ា មហាមន្ត្រី ញឹក នៅ ក្នុងពុទ្ធសករាជ ២៥០៨ ត្រូវនឹងគ.ស. ១៩៦៥ បានបញ្ជាក់ទៀតថា អ្នកផ្លូវដែលតំណាងឲ្យ មាតាបិតាខាងកូនកម្លោះដែលត្រូវចូលទៅស្តីដណ្តឹងនោះត្រូវរៀបចំយកនូវគ្រឿងបណ្ណាការផ្សេងៗ រួម មាននំចំណីផ្លែឈើ ម្លូ ស្លាបារីជាដើម។
លោក ញៀនភឿន អ្នករៀបរៀងសៀវភៅលំអានទំនៀបទម្លាប់ខ្មែរបុរាណបានមានប្រសាសន៍ ថា «គ្រឿងរណ្តាប់ម្លូសា្លបារី ដែលអ្នកនាំផ្លូវយកទៅក្នុងពិធីស្តីដណ្តឹងកូនស្រី ចាស់ទុំខ្មែរបុរាណ លោកបានចាត់ទុកថា មានសារៈសំខាន់ខ្លាំងណាស់» លោកបានបញ្ជាក់ទៀតថា ទំនៀមការស្តី ដណ្តឹងនោះគឺ ដើម្បីបើកឱកាសដល់អ្នកផ្លូវខាងកូនប្រុស មកចចេសសួរខាងកូនស្រីថា តើសមល្មម យល់ព្រមដែរឬទេ ។
ដកស្រង់ពី៖ សម្លេងស្រាវជ្រាវទំនៀមទម្លាប់ខ្មែរបុរាណ
Subscribe to:
Posts (Atom)


