សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ធម៌បទធ្លាប់សូត្រ ក្នុងវត្តពោធិ៍ភិរម្យរង្សី

2011-07-30

ធម៌បទធ្លាប់សូត្រ ក្នុងវត្តពោធិ៍ភិរម្យរង្សី


ចុច ទាញយក ឯកសារនេះទៅកុំព្យូទ័ររបស់អ្នក





បទសរភញ្ញ

          ១‑សូមថ្វាយបង្គំព្រះសម្ពុទ្ធ               ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្សនិងទេព្តា                           ទ្រង់ត្រាស់ទេសនាប្រដៅសត្វ ។
ចង្អុលឲ្យដើរផ្លូវកណ្តាល                           មាគ៌ាត្រកាលអាចកម្ចាត់
ទុក្ខភ័យចង្រៃឲ្យខ្ចាយបាត់                         អាចកាត់សង្សារទុក្ខបាន ។
          ២‑សាសនាព្រះអង្គនៅសព្វថ្ងៃ          សត្វមាននិស្ស័យពីបុរាណ
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន                    កាន់តាមលំអានបានក្តីសុខ ។
ឥតមានសុខណាស្មើក្តីស្ងប់                        បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
តាំងពីលោកនេះតទៅមុខ                         ក្តីសុខនឹងមានព្រោះធម៌ស្ងប់ ។
          ៣‑ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌                ព្រះសង្ឃបវរទាំងគ្រប់សព្វ
រួមជាត្រ័យរ័ត្នគួរគោរព                             ជាម្លប់ត្រជាក់នៃលោកា ។
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ                         វិសុទ្ធិតាងអង្គព្រះសាស្តា
សូមគុណត្រ័យរ័តន៍ជួយខេមរា                   ឲ្យបានសុខាតរៀងទៅ ។
                                                          ចប់បទសរភញ្ញ
                                      សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោត្តញ្ញាណោ)

ពាក្យប្រកាសមុនទេសនា

          អហំ រីខ្ញុំម្ចាស់                              សូមឱកាសក្រាបប្រណិប័តន៍
ដល់អស់ពួកបរិស័ទ                                ដែលលះកាត់ក្តីកង្វល់ ។
ហើយមកប្រជុំគ្នា                                    ព្រោះប្រាថ្នាកុសល
ហេតុនេះសូមតម្កល់                                តាំងចិត្តស្តាប់ធម៌ទេសនា ។
ដើម្បីជាការបុណ្យ                                  នឹងជាគុណច្រើនណាស់ណ៎ា
អំណាចស្តាប់ទេសនា                               ដោយជ្រះថ្លាក្នុងសន្តាន ។
សូមតាំងចិត្តឲ្យស្អាត                               ខ្ញុំអារាធនាថ្កាន
និមន្តលោកនិទាន                                   ទេសន៍ទូន្មានយើងគ្រប់គ្នា ។
ពេលនេះសូមបរិស័ទ                               ដែលប្រណិប័តន៍គាល់ត្រៀបត្រា
កុំពោលកុំចរចា                                      និយាយគ្នាបែរមុខក្រោយ ។
សូមផ្ចង់នូវសញ្ញា                                    ផ្ទៀងសោតាស្តាប់កុំធ្លោយ
ទើបនឹងបានផលសោយ                           អានិសង្សឲ្យប្រាំប្រការ ។
ចប់ពាក្យប្រកាសមុនទេសនា

ធម្មទេសនាយាចនគាថា

          ព្រហ្មា ច លោកា‑                         ធិបតី សហម្បតី
          កតញ្ជលី អ‑                               ន្ធិវរំ អាយាចថ
          សន្តីធ សត្តា‑                              ប្បរជក្ខជាតិកា
          ទេសេតុ ធម្មំ                               អនុកម្បិមំ បជំ ។
          សទ្ធម្មភេរី                                  វិនយញ្ច កាយំ
          សុត្តញ្ច ពន្ធំ                                អភិម្មចម្មំ
          អាកោដយន្តោ                             ចតុសច្ចទណ្ឌំ
          បព្វោធ នេយេ្យ                            បរិសាយ មជ្ឈេ ។

ឯវំ សហម្បតី ព្រហ្មា                               ភគវន្តំ អាយាចថ
តុណ្ហីភាវេន តំ ពុទ្ធោ                               ការុញ្ញេនាធិវាសយ
តុម្ហា វុដ្ឋាយ បាទេន                                 មិគទាយំ តតោ គតោ
បញ្ចវគ្យាទយោ នេយេ្យ                            អមំ បាយេសិ ធម្មតោ
តតោ បភូតិ សម្ពុទ្ធោ                               អនូនា ធម្មទេសនំ
មាឃវស្សានិ ទេសេសិ                             សត្តានំ អត្ថសិទ្ធកំ ។
តេន សាធុ អយ្យោ ភន្តេ                           ទេសេតុ ធម្មទេសនំ
សព្វាយិធ បរិសាយ                                 អនុកម្បម្បិ ភាតវេ ។
     គ្រានោះសហម្បតី‑                            ព្រហ្មជាឥសូលោកា
ចូលគាល់ព្រះសាស្តា                               លើកហត្ថាសិរោរាប ។
ហើយពោលពាក្យទូលថា                          សូមករុណាស្តេចទ្រង់ជ្រាប
ដ្បិតសត្វអន់ទន់ទាប                               ទុព្វលភាពបាបក្រៃក្រាស់ ។
ទន្ទឹងព្រះធម៌ថ្លៃ                                     ជានិស្ស័យបច្ច័យច្បាស់
ឥឡូវទ្រង់បានត្រាស់                               ត្រេកអរណាស់ពុំកន្តើយ ។
សត្វខ្លះក្រាស់ដោយកាម                           មិនយល់តាមត្រៃលក្ខណ៍ឡើយ
ឥឡូវយល់ខ្លះហើយ​                                ដោយអំណាចព្រះមានបុណ្យ ។
បើបានស្តាប់ទេសនា                               បញ្ញាក្លាខ្លាំងលើសមុន
សូមព្រះដ៏មានបុណ្យ                               ទ្រង់និមន្តត្រាស់ទេសនា ។
ប្រោសសត្វបំបាត់សោក                           ទាំងរាគរោគរូបតណ្ហា
ងងឹតប្រែជ្រះថ្លា                                     កើតបញ្ញាភិយ្យោយល់ ។
ត្រៃលោកគោកត្រៃលក្សណ៍                      សង្សារចក្រវិលមិនដល់
អវិជ្ជាកប្ញសគល់                                     ជាបច្ច័យនៃសង្ខារ ។
នាំសត្វឲ្យសោកសៅ                               លិចលង់នៅក្នុងសង្សារ
បញ្ចមារមោហន្ធការ                                រឹតរុំហ៊ុមជុំជាប់នៅ ។
ហេតុនោះសូមព្រះអង្គ                             ប្រោសស្រោចស្រង់ដាក់សំពៅ
ចម្លងសត្វឆ្ពោះទៅ                                  ដាក់ត្រើយត្រាណនិព្វាននាយ ។
ដូចកល់ប្រទីបធំ                                     សាយត្រសុំភ្លឺព្រោងព្រាយ
បំភ្លឺសត្វទាំងឡាយ                                  ឲ្យសប្បាយក្សាន្តភិរម្យ ។
ព្រះសទ្ធម្មជាស្គរជ័យ                               ព្រះវិន័យជារាងធំ
ព្រះសូត្រជាខ្សែរុំ                                    ព្រះអភិធម្មជាស្បែកដាស់ ។
អរិយសច្ចជាអន្លូង                                   សម្រាប់ទូងឲ្យឮច្បាស់
សត្វលោកងោកងុយណាស់                       ឮស្គរដាស់ក្រោកឡើងបាន ។
បរិស័ទបួនជំពូក                                     ដូចផ្កាឈូកក្នុងជលដ្ឋាន
ខ្លះដុះចាំសូរ្យឆាន                                   រះនិងរីកដោយរស្មី ។
ព្រះធម៌ជាសូរ្យសែង                                រះឡើងចែងចាំងរង្សី
បំភ្លឺលោកទាំងបី                                     ឲ្យយល់ផ្លូវឋានសុខា ។
         សហម្បតីព្រហ្ម                             ឱនបង្គំអារាធនា
សម្តេចព្រះភគវា                                    ដោយគាថាយ៉ាងនេះឯង ។
ព្រះពុទ្ធទ្រង់អនុកូល                                ព្រមទទួលនឹងសម្តែង
ដោយតុណ្ហីភាពថ្លែង                               តាមភាវៈគុណករុណា ។
ទើបក្រោកចាកទីនោះ                              ភក្ត្រាឆ្ពោះព្រៃមិគទា
យាងចេញចរលីលា                                 ពីទីនោះដោយព្រះបាទ ។
ញ៉ាំងសត្វចូលពុទ្ធចក្រ                             មានបញ្ចវគ្គីយ៍ជាអាទិ៍
ឲ្យផឹកអម្រឹតជាតិ                                   រសនិព្វានតាមធម្មតា ។
ចាប់ដើមពីនោះឯង                                 ទ្រង់សម្តែងធម៌ទេសនា
ធ្វើពុទ្ធក្រឹត្យា                                         អស់វស្សាសែសិបប្រាំ ។
ពុំថយពុំបន្ធូរ                                         ប្រយោជន៍យូរអង្វែងឆ្នាំ
សម្រេចបុញ្ញកម្ម                                     ដល់សព្វសត្វទាំងភពត្រ័យ។
ហេតុនោះឥឡូវនេះ                                យើងខ្ញុំនេះសាទរក្រៃ
បពិត្រព្រះគុណថ្លៃ                                  សូមនិមន្តប្រោសទេសនា ។
អនុគ្រោះពួកបរិស័ទ                                ដែលជាប់ខាត់ដោយមោហា
ឲ្យកើតមានបញ្ញា                                    ប្រាកដនាទីនេះហោង ។

សរសើរធម្មទេស
បពិត្រព្រះគុណចេះឆ្លាតឆ្លៀស           ធម៌ណាចង្អៀតចេះកែខៃ

វែកញែកឲ្យច្បាស់អស់សេចក្តី            បញ្ញាទន់ខ្ចីគង់ស្តាប់បាន ។
ពិរោះសាច់ធម៌ដ៏ប្លែកៗ                     ពិរោះពន់ពេកគ្រប់សន្តាន
ទោះបីអ្នកល្ងង់គង់ភ្ញាក់ប្រាណ            ដោយបានរសធម៌ផ្អែមប្រៀបគ្មាន ។
កាលណោះសម្តេចព្រះភគវា              ទេសនាធម្មាប្រោសប្រទាន
ព្រះធម៌នាំសត្វទៅនិព្វាន                   រាប់ម៉ឺនសែនលានស្ទើរគ្មានសល់ ។
កាលណោះសម័យព្រះភគវា              ទេសនាធម្មាប្រទានផ្ទាល់
ព្រះអង្គប្រោសសត្វសព្វសកល           លុះបានមគ្គផលច្រើនណាស់ណា ។
ឥតពីសម្តេចព្រះភគវន្ត                    កន្លងរាប់ពាន់ឆ្នាំហើយណា
នៅតែសាវ័កព្រះភគវា                      ទេសនាធម្មាពិរោះក្រៃ​ ។
មិនគឺសាវ័កអង្គឯណា                      គឺព្រះករុណាទេសន៍ថ្មីៗ
បញ្ចប់ឯវំសង្ខេបខ្លី                          ខ្ញុំកូណាតាយាយស្តាយណាស់ណា ។
មិនទាន់អស់ចិត្តនឹងរស់ធម៌               នឹងឃាត់អង្វរមិនហ៊ានថា
ឃើញនឿយព្រះកាយព្រះករុណា        សូមសាធុការចប់សេចក្តី ។
ហត្ថាខ្ញុំទាំងគូផ្ចង់ប្រណម                  លើកឡើងបង្គំគុណកែវបី
ព្រះពុទ្ធព្រះសង្ឃថ្លៃ                        សូបបានសេរីដូចប្រាថ្នា ។
ខ្ញុំសូមខមាទោសទាំងឡាយ               ក្រែងឆ្គងដោយកាយឬវាចា
នៅមានគ្រោតគ្រាតក្នុងធម៌ណា          សូត្រមានគាថាសូត្រក្រោយហោង ។
ពោលសរសើររួចហើយ ទើបខមាទោសជាខាងក្រោយ

ពាក្យពោលសរសើរធម្មទេសនាមួយបែបទៀត

ព្រះសទ្ធម្មវិសេសទេសនា                 ដែលធម្មាចារ្យសម្តែងរួចហើយ
ព្រមទាំងអត្ថាធិប្បាយ                              ឲ្យយើងទាំងឡាយគោរពប្រតិបត្តិ ។
ព្រះសទ្ធម្មវិសេសទេសនា                         មានន័យថ្លៃថ្លាអស្ចារ្យបរិសុទ្ធិ
សម្រាប់ដល់ពពួកសត្វ                             គោរពប្រតិបត្តិគ្រប់រូបប្រុសស្រី ។
ព្រះសទ្ធម្មវិសេសទេសនា                         ដែលលោកយាយតាយុវ័នយុវតី
ស្តាប់ហើយចូរខំឃ្មាតខ្មី                            គឺការប្រតិបត្តិតាមព្រះធម៌នោះ ។
ព្រះសទ្ធម្មវិសេសទេសនា                         បើលោកអ្នកណាឧស្សាហ៍ស្ម័គ្រស្មោះ
ចំពោះព្រះធម៌នោះៗ                               គ្រប់ពេលវេលាក្នុងការសម្តែង ។
ព្រះសទ្ធម្មវិសេសទេសនា                         បើលោកអ្នកណាឧស្សាហ៍ខ្នះខ្នែង
ក្នុងពេលលោកបានសម្តែង                        ស្ទុះស្ទារស្តាប់យកតាមព្រះធម៌នោះ។
ព្រះសទ្ធម្មវិសេសទេសនា                         អាចជួយរក្សាសត្វដែលស្ម័គ្រស្មោះ
ឲ្យសត្វនោះបានរំដោះ                             រួចហើយកន្លងវាលវដ្តសង្សារ ។
ចប់សរសើរទេសនា

បទសូត្រលើកទង់ព្រះពុទ្ធសាសនា

សូមមើលទង់ជ័យ           ឆព្វណ្ណរង្សី           ដែលមានរស្មីភ្លឺស្រស់ល្អ
ខៀវលឿងក្រហម          ព្រមទាំងពណ៌ស​    ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក ។
ប្រទេសតូចធំ                បានស្ម័គ្រស្មាគម    ជំនុំគ្នាច្រើន អនេក
ព្រមយករស្មី                 ព្រះពុទ្ធគួរត្រេក     ប្រសើរពន់ពេក ក្រៃកន្លង ។
ធ្វើជាសញ្ញា                  ទង់ជ័យសាសនា    នៃព្រះសម្ពុទ្ធ ធំចម្បង
ចូរយើងរាល់គ្នា              យកចិត្តចាំចង       នឹកដល់ព្រះអង្គ ជាអម្ចាស់ ។
ទោះជាតិផ្សេងគ្នា           ក៏ត្រូវដឹងថា          សុទ្ធសឹងតែជា ពុទ្ធសាសន៍
ត្រូវមានសាមគ្គី              ទាំងក្មេងទាំងចាស់ ប្រឹងប្រែងឲ្យណាស់ គ្រប់ៗគ្នា ។
សូមសាសនាពុទ្ធ            ថ្កុំថ្កើងខ្ពស់ផុត       រុងរឿងវិសុទ្ធិ ថ្លៃថ្លា
ហើយមានជ័យជោគ       ផ្សាយពេញលោកា ដោយជនជ្រះថ្លា រាប់ច្រីនលាន ។
មានចិត្តស្នេហា              គោរពបូជា           ចំពោះព្រះធម៌ ដ៏កល្យាណ
ទាំងមនុស្សទេវតា          ស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បាន សេចក្តីសុខ ។
យើងខេមរជាតិ              នាំគ្នាខ្មីឃ្មាត                 កាន់ធម៌នឹងបាន ផុតទុក្ខ
រួបរួមសាមគ្គី               ពីនេះទៅមុខ                យើងនឹងបានសុខ ក្សេមក្សាន្តត្រាណ ។
ព្រមព្រៀងប្រព្រឹត្ត          តាមធម៌សុចរិត      ឆ្ពោះទៅកាន់ឋាន និព្វាន
ជាទីផុតទុក្ខ                  បានសុខក្សេមក្សាន្ត        ជាតិយើងនឹងបាន សោយសុខា ។
ចប់បទគោរពទង់

បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា

          ជាតិយើងអ្នកកាន់សាសនា              ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់មានឆព្វណ្ណរង្សី                                គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។
ផ្សាយចេញពីព្រះកាយទ្រង់                       រុងរឿងឫទ្ធិរុងប្រសើរបវរ
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ                      ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។
កំណើតនៃព្រះរស្មី                                  កើតដោយបារមីនៃព្រះភគវា
ធ្វើទានឥតមានរួញរា                               កាលដែលនៅជាព្រះពោធិសត្វ ។
រស្មីពណ៌ខៀវនោះណា                             កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់ ។
ឲ្យទានដល់ឥន្ទព្រាហ្មណ៍ពិត                      កាលនៅជាក្សត្រនាមស្រីភិរាស្ត្រ ។
រស្មីពណ៌លឿងភ្លឺថ្លា                                កាលដែលទ្រង់អារសាច់ផែធ្វើមាស
បិទពុទ្ធរូបភ្លឺល្អឱភាស                              ព្រះឥន្ទជាងមាសទ្រង់វ័យបណ្ឌិត ។
រស្មីក្រហមនោះណ៎ា                                កាលដែលមាតាពស់ខាំស្លាប់ពិត
បទុមស៊ូប្តូរជីវិត                                      កាត់បេះដូងបិទធ្វើថ្នាំមាតា ។
រស្មីពណ៌សសុទ្ធសាធ                               កាលដែលព្រះបាទវេស្សន្តរក្សត្រា
ឲ្យទានដំរីសសោភា                                ដែលព្រះប្រាថ្នាយកពោធិញ្ញាណ ។
រស្មីពណ៌ដូចជើងហង្ស                             កាលមាតាទ្រង់យក្សចាប់យកបាន
វិជ្ជាធរអារសាច់ខ្លួនប្រាណ                         ឲ្យយក្សសាមាន្យស៊ូប្តូរជីវិត ។
រស្មីភ្លឺផ្លេកពណ្ណរាយ                                កាលជាទន្សាយឈ្មោះសោមបណ្ឌិត
ឲ្យទានសាច់ឈាមជីវិត                            ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ។
រស្មី‑ខៀវ‑លឿង‑ក្រហម                           ស‑ហង្សបាទ‑ព្រមភ្លឺផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការ                               ក្មេងចាស់កុមារចូរចាំទុកអើយ ។

បទថ្វាយផ្កា

          ស្អាងផ្កាបុប្ផាយកមកថ្វាយ               ចំពោះព្រះត្រៃរ័ត្នទាំងបី
ដៃកាន់បុប្ផាផ្កាចំប៉ី                                   ផ្គងអញ្ជលីលើសិរសា ។
ព្រមទាំងបុប្ផាផ្កាកុឡាប                            ឈ្ងុយឈ្ងប់គួរចាប់អារម្មណា
និងផ្កាកម្រងល្អភ្លឺថ្លា                                ព្រមទាំងកណ្ណិកាផ្កាកំពុងរីក។
ឱ!ផ្កាឧប្បលមានរស្មី                                ពណ៌ស្រស់ប្រិមប្រិយក្រហមផ្លេក
នឹងពណ៌បុប្ផាផ្កាកញ្ចេក                            គយគន់គួរត្រេកក្នុងចិន្តា ។
ឱ!ផ្កាចំប៉ាក្រអូបសាយ                              កំពុងរីករាយគួរប្រាថ្នា
ធុំក្លិនល្វឹងល្វើយតាមវាតា                          និងមែកបុប្ផាគឺផ្កាច័ន្ទន៍ ។
ផ្កាដែលខ្ញុំថ្វាយបូជាហើយ                         ចូរកុំឃ្លាតឡើយសូមឲ្យបាន
ដូចក្តីប្រាថ្នាខ្ញុំកុំខាន                                សម្រេចលំអានភ្លឺដូចផ្កា ។
ថ្វាយផ្កាបុប្ផាស្រស់ក្រពុំ                            នារីនាងខ្ញុំយកមកថ្វាយ
ហត្ថាលើកឡើងផ្កានូវដៃ                           ខ្ញុំសូមថ្វាត់ថ្វាយដោយគោរព ។
ចំពោះព្រះសារីរិកធាតុ                             ដែលខ្ញុំខ្មីឃ្មាតមកប្រថាប់
ខ្ញុំសូមនមស្ការដោយគោរព                        ព្រះអង្គជាម្លប់ត្រៃលោកា ។
បង្គំព្រះធម៌ដ៏ជ្រាលជ្រៅ                           ដូចជាសំពៅឆ្លងទុក្ខា
បង្គំព្រះសង្ឃអរហន្តា                               សូមបានសុខានិព្វានហោង ។
សេចក្តីរំលឹក
          បទថ្វាយផ្កានេះ បើពុទ្ធបរិស័ទអ្នកមានសទ្ធាចង់សិក្សា ក៏សិក្សាទៅចុះ តាមចិត្តចង់ ។ ប្រសិនបើបានប្រារព្ធកម្មវិធីណាមួយដូចជាបុណ្យកឋិនជាដើម សូមពិនិត្យឲ្យច្បាស់នូវ ធម៌បទថ្វាយផ្កាដែលបំរុងនឹងសូត្រ ពុទ្ធបរិស័ទទាំងឡាយ គប្បីដឹងថា ខ្លួនយើងសូត្របទ ថ្វាយផ្កាចំពោះព្រះរតនត្រ័យ សួរថា តើមានផ្កា គ្រប់គ្រាន់សម្រាប់បូជាដូចបាន រៀបរាប់ក្នុងបទថ្វាយផ្កាហើយឬនៅទេ? យើងទាំងឡាយ សុទ្ធសឹងជាអ្នកកាន់ ព្រះពុទ្ធសាសនា សូមពិចារណាក្នុងសីល៥ឲ្យ បានច្បាស់បន្តិចទៅនឹងដឹងពុំខានឡើយ ។
          ត្រៃរ័ត្នទាំងបី៖ គឺព្រះពុទ្ធ១ ព្រះធម៌១​ ព្រះសង្ឃ១ ។
កុឡាប ន. ឈ្មោះ​ដើម​ផ្កា​មួយ​ប្រភេទ​សណ្ឋាន​ជា​វល្លិ​មាន​បន្លា មាន​ក្លិន​ក្រអូប​ឆ្ងាញ់ ។
            កណ្ណិកា ន. ឈ្មោះ​ឈើ​ផ្កា​មួយ​ប្រភេទ​មាន​ផ្កា-ស សណ្ឋាន​ប្រហែល​នឹង​ផ្កា​ម្លិះ​ក្លិន​ក្រអូប ។
          ឧប្បល ន. បទុម​ជាតិ; ព្រលិត; លំចង់ : ក្នុង​ស្រះ​ស្រី​នោះ​មាន​កុមុទ​ឧត្បល​ចង្កុលណី... ។ ឧប្បល​ក្រហម រត្តុប្ប​ល ។ ឧប្បល​ខៀវ នីលុប្បល ។ ឧប្បល​ស សេតុប្បល ។ ដូច​ជា ឧត្បល​បត្រ ឬ ឧប្បល​បត្ត (--បាត់) ស្លឹក​ឧត្បល ។ ឧត្បល​វ័ន ឬ ឧប្បល-- ព្រៃ​ឧត្បល ។ ឧត្បល​ស្រ័ស ត្រពាំង​មាន​ឧត្បល ។ល។   ឧប្បល
          ចម្ប៉ា   ចំប៉ា   បា.;    សំ.     ( ន. )   (ចម្បក;   ចម្បក, ចម្បា) ឈ្មោះ​ឈើ​ពួក​មួយ​មាន​ផ្កា​ក្រអូប​ឈ្ងប់; មាន​ពីរ​យ៉ាង​គឺ ចម៉្បា​ស, ចម៉្បា​ក្រហម ។
          ចន្ទន៍   ច័ន   សំ. បា.  ( ន. )  ឈ្មោះ​ឈើ​មាន​ខ្លឹម​ក្រអូប : ចន្ទន៍​ស, ចន្ទន៍​ក្រហម ។
បទថ្វាយផ្កាមួយបែបទៀត

ខ្ញុំព្រះករុណាផងទាំឡាយ                          សូមលំឱនកាយចិត្តវាចា
នាំគ្រឿងបូជាទាំងនេះណា                        គឺអស់បុប្ផាច្រើនអនេក ។
មានផ្កាចន្ធូរីកពណ្ណរាយ                            ក្លិនក្រអូបសាយប្រសើរពេក
ព្រមទាំងស្បៃរឿងពណ៌លឿងផ្លេក               គយគន់គួរត្រេកក្នុងចិន្តា ។
ព្រមទាំងផ្កាឈូកក្រហមស្រស់                    បញ្ចេញសម្រស់ឆើតអស្ចារ្យ
ចោលក្លិនឈ្ងុយឈ្ងប់ជាប់នាសា                  នាំចិត្តជ្រះថ្លានឹងបូជា ។
យើងខ្ញុំសូមថ្វាយដោយចិត្តស្មោះ                 ចំពោះព្រះពុទ្ធម្ចាស់លោកា
ព្រមទាំងព្រះធម៌ដ៏ថ្លៃថ្លា                           ព្រះសង្ឃផងណ៎ាដោយគោរព ។
ដល់លោកទាំងឡាយជាបិតា                      ព្រមទាំងមាតាគុណច្រើនអនេក។
ដោយកតញ្ញូដ៏ស្មោះស្ម័គ្រ                          ឆ្ពោះគុណដល់អ្នកឥតកន្តើយ
ដោយអានិសង្សផ្កាក្រពុំ                            នារីយើងខ្ញុំបានថ្វាយហើយ
សូមកុំសោះសូន្យឃ្លាងឃ្លាតឡើយ               រួចហើយបានស្បើយពីទុក្ខា ។
សូមឲ្យប្រកបដោយជោគជ័យ                    មង្គលសួស្តីតទៅមុខ
ឲ្យជួបប្រទះតែក្តីសុខ                               ចម្រើនគ្រប់មុខដូចបំណង ។
កើតមានដល់ខ្ញុំព្រះករុណា                        និងញាតិកាទាំងនោះផង
អស់កាលយូរលង់ក្រៃកន្លង                        អង្វែងទៅហោងកុំខានឡើយ ។

បទហែកឋិន

ក្រុមយើងជាពុទ្ធបរិស័ទសុទ្ធ                       ជាអ្នកប្រតិបត្តិពុទ្ធសាសនា 
ឃើញសង្ឃគង់ចាំវស្សា                            នៅទីវត្តវ៉ាអស់បីខែ ។
តែងនាំគ្នាធ្វើជាកឋិន                               ទាំងខ្មែរទាំងចិនច្រើនអ៊ូអែ
រួចហើយបបួលគ្នាហែ                              ទាំងចិនទាំងខ្មែរទៅវេរថ្វាយសង្ឃ ។
កឋិនជាការកាលទាន                              ក្នុងមួយឆ្នាំមានកាលធ្វើតែម្តង
ហើយបុណ្យមានតែមួយខែផង                   ខុសពុទ្ធបំណងមិនជាកឋិន ។
រាប់មួយរោចខែអស្សុជមក                         ទៅតាមពន្លកចិត្តជនខ្មែរចិន
ដែលចង់កសាងបុណ្យកឋិន                       ត្រូវធ្វើឲ្យប៉ុនពុទ្ធានុញ្ញាត ។
រាប់ថ្ងៃមានម្ភៃប្រាំបួនគត់                           ត្រូវចាំកំណត់កុំប្រមាទ
ពេញបូណ៌កត្តិកត្រូវអស់ខ្នាត                      ពុទ្ធានុញ្ញាតអស់ថ្ងៃកឋិនហើយ
អស់ពុទ្ធមាមកជន                                   ដែលលះទ្រព្យធនកុំភ្លេចឡើយ
ដល់ចីវរនិងកាលនេះហើយ                       សម្បទាអ្នកឲ្យកឋិនទាន ។
យើងខ្ញុំជាពួកហៃសាធុជន                         បានឃើញការបុណ្យនេះកល្យាណ
ជ្រះថ្លាក្នុងចិត្តគ្រប់អង្គប្រាណ                     ជួយត្រេកអរទានកឋិនលោកណាស់ ។

បទទទួលកឋិន

អង្គកឋិនជាទានប្រពៃ                              ស្របតាមទ្រឹស្តីនៃពុទ្ធសាស្នា
ហែហមអមដោយបរិក្ខារ                           រំលេចភ្ញីផ្កាស្រស់ល្អពណ្ណរាយ ។
ចែងចាំងឱភាសរស្មី                                នោះគឺគ្រឿងត្រៃភ្លឺប្រុះសាយភាយ
យើងខ្ញុំសោមនស្សរីករាយ                         អំណរសប្បាយគ្រប់វ័យក្មេងចាស់។
ក្នុងនាមនារីយើងខ្ញុំ                                   ឱនកាយបង្គំដោយគារវៈ
គោរពចំពោះអង្គព្រះ‑                              កឋិនទានបវរថ្លៃថ្លា ។
ផ្តួចផ្តើមនូវការសាមគ្គី                              ចាក់ប្ញសមូលីក្នុងសាសនា
បំពេញមាគ៌ាសាសនា                               ដោយចិត្តជ្រះថ្លាគ្រប់រូបអង្គា ។
បានមកជួបជុំក្រៃក្រាស់                            ក្នុងទីអាវាសដោយក្តីមោទនា
ពោធិ៍ភិរម្យរង្សីសោភា                              ដោយសមគ្គាសាងបុណ្យសុន្ទរ៍ទាន។
ប្រយោជន៍សូមសុខសួស្តី                          និរទុក្ខឥតភ័យឆ្ពោះព្រះនិព្វាន ។
                                                          ដោយភិ.ស៊ើនសុធន
----------------------

បទជូនផ្កា

          ពេលនេះយើងខ្ញុំក្រុមពុទ្ធសាសន៍       នារីសង្គហមកជួបជុំ
នៅនាទិវាដ៏មនោរម្យ                               រួបរួមសាមគ្គីដោយជ្រះថ្លា ។
ស្ថិតក្នុងឱកាសថ្លារុងរោចន៍                        ដែលបានផ្តើមផ្តួចច្នៃរចនា
ជាពិធីបុណ្យដ៏ឧឡារ                               នៃគណៈកម្មការនាពេលនេះ។
នារីយើងខ្ញុំរួមចំណែក                              អំពើគួរត្រេកតាមការរិះ
រេរកក្រឡៃច្នៃពិសេស                              នូវបុប្ផានេះជូនបូជា ។
សូមថ្វាយចំពោះព្រះត្រៃរ័ត្ន                        ដោយសុទ្ធចិត្តពិតរមនា
ប្រាថ្នាសម្បត្តិដ៏សោភា                             គឺមនុស្សសួគ៌ព្រះនិព្វាន ។
ហេតុនេះនារីមិត្តកល្យាណ                        ប្រោសប្រាណទទួលរំលែកទាន
អង្គផ្កាយើងខ្ញុំគ្រាន់ជាយាន                        ឬស្ពានឆ្លងត្រើយសោយសុខា។
                                                          ដោយភិ.ស៊ើនសុធន

បទទទួលអង្គផ្កា

យើងខ្ញុំជាក្រុមនារី                                  ជុលីហត្ថាសូមប្រណិប័តន៍
ជំរាបអស់ពុទ្ធបរិស័ទ                               ដែលរួមសម្បាច់នៅក្នុងសាស្នា ។
ប្រកបសម្មាទិដ្ឋិ                                      យង់យល់ត្រិះរិះដោយបញ្ញា
កសាងទៅជាអង្គផ្កា                                 បវរតក្កមាភ្លឺថ្លារុងរោចន៍ ។
ដោយមានគ្រឿងសក្ការា                           ទៀនធូបភ្ញីផ្កាឧត្តមប្រយោជន៍
ដើម្បីថ្វាយព្រះត្រៃរ័ត្ន                              ទៅតាមបែបបទពង្សពុទ្ធជិនស្រី ។
ព្រមដោយអង្គផ្កាល្អឯក                            បែកមែកព្រោងព្រាតស្រស់ល្អខៀវខ្ចី
ប្រោះព្រំសុគន្ធវារី                                   បញ្ជាក់នូវន័យពីសាមគ្គីភាព ។
នារីខ្ញុំគ្រប់រូបកាយ                                  សប្បាយរួសរាយដោយបុញ្ញលាភ
គោរពទទួលដោយភាព                            ស្មោះស្ម័គ្រជំរាបទឹកចិត្តជ្រះថ្លា ។
បំផុតសូមញាតិនិកាយ                             បានសុខសប្បាយរួចពីទុក្ខា 
ដោយផលានិសង្សផ្កា                              ដែលបានរចនាហែហមមកនេះ ។

បទអារាធនាធម៌ទេសនា

          មយំ រីយើងខ្ញុំ                              មកជួបជុំគាល់ត្រៀបត្រា
បពិត្រព្រះករុណា                                   ប្រោសទេស្នាចែកទានសត្វ ។
ឱកាសបានដល់ហើយ                             ព្រះគុណអើយជួយកែអត្ថ
ពន្យល់ន័យបរមត្ថ                                  ព្រោះមានអត្ថជ្រៅអស្ចារ្យ ។
សូមទានជួយអធិប្បាយ                            ដោយបរិយាយតាមបញ្ញា
និទាននូវផ្លូវណា                                     ដល់បញ្ញាយើងខ្ញុំផង ។
ដ្បិតអីសង្សារសត្វ                                  តែងវិបត្តិចិត្តសៅហ្មង
កើតស្លាប់ទាំងប្អូនបង                              គ្មានកន្លងភពបីឡើយ ។
ផ្លូវណាដ៏ប្រពៃ                                       ព្រះជិនស្រីត្រាស់មកហើយ
មិនតឹងមិនធូរឡើយ                                ព្រះគុណអើយផ្លូវនោះពិត ។
ជាផ្លូវយ៉ាងកណ្តាល                                 ដ៏ត្រកាលយ៉ាងប្រណីត
ជាផ្លូវដ៏ពេញចិត្ត                                     ព្រះសម្ពុទ្ធតែងទេសនា ។
ទូន្មានប្រដៅសត្វ                                    ឲ្យប្រណិប័តន៍គ្រប់អាត្មា
ឥឡូវខ្ញុំករុណា                                       មានប្រាថ្នាផ្លូវនោះឯង ។
ដូច្នេះសូមទានប្រោស                              អនុគ្រោះពេលនេះម្តង
មេត្តាជួយចងក្រង                                  ខ្ញុំព្រះអង្គអារាធនា ។

បទសរសើរធម្មទេសនា

យើងខ្ញុំក្រុមពុទ្ធបរិស័ទ                             សង្វាតឱហាតផ្ទៀងផ្ទាត់សោតា
ត្រងត្រាប់ស្តាប់ធម្មទេស្នា                          ដែលធម្មាចារ្យសម្តែងអធិប្បាយ ។
ដោយខ្យាយពង្រាយសេចក្តី ​                      ពន្យល់នូវន័យព្រះធម៌ថ្លាថ្លៃ
បញ្ជាក់ដោយអត្ថវែងខ្លី                             សម្រាយបាលីន័យព្រះធម៌នោះ ។
សម្រាប់ធ្វើការប្រតិបត្តិ                             នៃពុទ្ធបរិស័ទទូទាំងស្រីប្រុស
កុំឲ្យដើរទៅផ្លូវខុស                                 ធ្លាក់ជ្រោះអបាយវាលវដ្ដសង្សារ ។
ព្រះធម៌ជាទានប្រសើរ                              ចាត់ទុកជាធ្នើរប្រសើរសេដ្ឋា
ចម្លងសត្វមានវាសនា                              ឆ្លងដល់ត្រើយមហាពោលគឺនិព្វាន។
ដូចនេះគួរយើងរាល់គ្នា                             គោរពបូជាចំពោះធម្មទាន
ជាធម៌រកថ្លៃស្មើគ្មាន                                ត្រូវយើងប្រិតប្រៀនប្រឹងប្រតិបត្ត ។
                                                          ដោយភិ.ស៊ើនសុធន

បទរំលឹកដួងវិញ្ញាណក្ខន្ធវីរបុរស

ចិត្តអើយសែននឹកដល់ជនដែលឃ្លាត          ព្រោះប្រយោជន៍ជាតិពូជពង្សខេមរា
ខំប្រឹងតស៊ូប្តូរផ្តាច់ជីវ៉ា                              ការពារនូវជាតិសាសនាឲ្យបានឋិតឋេរស្ថាពរ ។
វីរបុរសដែលឃ្លាតទៅហើយ                       យើងកុំកន្តើយត្រូវប្រុងប្រយ័ត្ន
រក្សាមត៌កនោះកុំឲ្យបាត់                           កុំឲ្យរសាត់អណ្តែតទៅដោយព្យុះសង្ឃរា ។ ហេតុនេះត្រូវយើងខំប្រឹងពុះពារ                  នឹងមិនឲ្យសៅហ្មង
​ថ្វីបើតែយើងជាប់ក្នុងចំណង                       បើសិនជាចិត្តយើងប៉ង ក៏គង់នឹងបានសម្រេច ។
តែននឹកដល់ជនដែលឃ្លាតកាលណា             ស្រក់ទឹកនេត្រាដែលថ្លាដូចពេជ្រ
ព្រោះខ្ញុំនឹកណាស់គ្មានពេលណាភ្លេច            ពេលព្រះសុរិយារៀបលិចនឹកអ្នកព្រលឹង
ឃ្លាតទៅ។
ចប់បទរំលឹកវិញ្ញាណក្ខន្ធ
----------------------------------

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com